សម្ដេចតេជោ ហ៊ុន សែន ៖ ភាពរីកចម្រើននៃវិស័យឯកជន បានផ្ដល់នូវភាពរីកចម្រើនដល់សង្គម-សេដ្ឋកិច្ច និងជួយអភិវឌ្ឍន៍ធនធានមនុស្សរបស់ម្ពុជាផងដែរ
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត ៤ពាន់នាក់ ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងអំពីភាពរីកចម្រើននៃវិស័យឯកជន ដែលបានផ្ដល់នូវភាពរីកចម្រើនទៅដល់សង្គមសេដ្ឋកិច្ច និងជួយអភិវឌ្ឍន៍ដ៏ធនធានមនុស្សរបស់ប្រទេសកម្ពុជាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការចូលរួមនៃវិស័យឯកជនដល់ការអភិវឌ្ឍធនធានមនុស្សក៏ដូចជាបង្កើតការងារដល់ប្រជាជនកម្ពុជា។ សម្ដេចថា ភាពរីកចម្រើននៃវិស័យឯកជននេះបានធ្វើឲ្យពលរដ្ឋកម្ពុជាមានការងារធ្វើហើយក្រុមហ៊ុនឯកជនក៏មានភាពរីកចម្រើនដែលជួយទៅដល់សង្គមសេដ្ឋកិច្ចរួមទាំងការបង់ពន្ធជូនរដ្ឋផងដែរ។
សម្ដេចតេជោថា៖ វិស័យឯកជនធំធាត់ឡើង វារួមចំណែកជួយដល់សង្គមសេដ្ឋកិច្ចជាតិ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីទ្រឹស្ដីរបស់បិតាកុម្មុយនីស្តលេនីន ដែលបានលើកឡើងអំពីវណ្ណៈនាយទុន និងកម្មករ ដែលថា វណ្ណៈនាយទុន គឺត្រូវការកម្មករ ដើម្បីភាពរីកចម្រើនរបស់ខ្លួន ហើយភាពរីកចម្រើននៃកម្មករ ក៏ត្រូវការនាយទុននោះដែរ៕ ដោយ វណ្ណលុក

