សម្ដេចតេជោ លើកឡើងអំពីការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលមកដល់ពេលនេះ នៅមិនទាន់ឈានដល់ទីបញ្ចប់នៅឡើយទេ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការធ្វើកំណែទម្រង់សេដ្ឋកិច្ច ពីសេដ្ឋកិច្ចផែនការ មកទីផ្សារសេរី ចាប់តាំងពីកម្ពុជា បានរំដោះពីរបបខ្មែរក្រហម រហូតមកដល់ពេលនេះ កំណែទម្រង់នៅមិនទាន់ឈានដល់ទីបញ្ចប់នៅឡើយទេ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ជិត ៤ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណនិងសន្និសីទជ្រោយចង្វារ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការធ្វើកំណែទម្រង់ដែលមិនទាន់ចប់នេះ គឺពាក់ព័ន្ធទៅនឹងការធ្វើលិខិតប្រទាក់ដ្ឋានគតិយុទ្ធមួយចំនួនដែលកម្ពុជាមិនទាន់បានបំពេញដល់អង្គការពាណិជ្ជកម្មពិភពលោក។
សម្ដេចបញ្ជាក់ថា៖ មកដល់ពេលនេះ យើងអត់ទាន់ដើរដល់ទីបញ្ចប់នៃការកែទម្រង់វិស័យសេដ្ឋកិច្ចនៅឡើយទេ ព្រោះយើងនៅខ្វះលិខិតបទដ្ឋានមួយចំនួនដែលយើងជំពាក់អង្គការពាណិជ្ជកម្មពិភពលោក។ ពិតហើយប្រទេសយើងបានចូលអង្គការពាណិជ្ជកម្មពិភពលោកតាំងពីឆ្នាំ២០០១ ចូលមុនវៀតណាម និងរុស្សីទៅទៀត។
បើតាមសម្ដេចតេជោ ជាមួយគ្នានឹងការខ្វះលិខិតបទដ្ឋានមួយចំនួន កម្ពុជាក៏កំពុងធ្វើការកែមួយចំនួនក្នុងការគ្រប់គ្រងសេដ្ឋកិច្ចរបស់ជាតិផងដែរ៕ ដោយ វណ្ណលុក

