ក្រុមហ៊ុន Tesla លក់រថយន្តបានជាង ៣៤ម៉ឺនគ្រឿង ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២
អាមេរិក៖ ក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្កិសនី Tesla បានចេញផ្សាយរបាយការណ៍របស់ខ្លួន នៅថ្ងៃអាទិត្យ ទី០២ខែតុលាឆ្នាំ២០២២ ដែលបង្ហាញថា ក្រុមហ៊ុននេះ លក់រថយន្តបានចំនួន ៣៤៣,៨៣០គ្រឿង ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២។ចំនួននេះកើនឡើងប្រមាណ៤២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១កន្លងទៅ ដែលក្រុមហ៊ុន Tesla លក់រថយន្តបានចំនួន ២៤១,៣៩១គ្រឿង។
ក្រៅពីកំណើននៃការលក់រថយន្ត ការផលិតរថយន្តរបស់ក្រុមហ៊ុន Tesla ក៏មានការកើនឡើងផងដែរនៅឆ្នាំ២០២២នេះ។ សម្រាប់ឆ្នាំ២០២២នេះ Tesla ផលិតរថយន្តបានចំនួន ៣៦៥,៩២៣គ្រឿង ខណៈការផលិតនៅឆ្នាំ២០២១ មានចំនួន ២៣៧,៨២៣គ្រឿង។
ក្នុងពេលដែលផលិតកម្មកើនឡើង ក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គិសនីរបស់បុរសខ្លាំង អេឡុន ម៉ាស់(Elon Musk) បានទទួលស្គាល់ពីបញ្ហាប្រឈមរបស់ខ្លួន ក្នុងការបញ្ជូនរថយន្តទៅកាន់អតិថិជននៅទូទាំងពិភពលោក ដោយសារតែការឡើងថ្លៃនៃតម្លៃដឹកជញ្ជូន បណ្ដាលមកពីវិបត្តិថាមពលសកល។
នៅលើទីផ្សាររថយន្តអគ្គិសនី Tesla គឺជាក្រុមហ៊ុនមួយដែលលក់រថយន្តអគ្គិសនីបានច្រើនជាងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតទាំងអស់លើលោក លើកលែងតែក្រុមហ៊ុនរបស់ចិន។ នាពេលបច្ចុប្បន្ននេះ ការលក់រថយន្តដើរដោយថាមពលអគ្គិសនីរបស់ចិនវ៉ាដាច់ក្រុមហ៊ុនមកពីបណ្ដាប្រទេសដទៃទៀត ដោយសារតែរថយន្តរបស់ចិនដាក់លក់ក្នុងតម្លៃសមរម្យជាង។ មិនត្រឹមតែប៉ុណ្ណោះ ទីផ្សារនៅក្នុងប្រទេសចិនមានទំហំធំធេងសម្បើមណាស់។ គ្រាន់តែបរិមាណលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិនតែមួយ មានចំនួនច្រើនជាងការលក់រថយន្តអគ្គិសនីនៅលើពិភពលោករួមបញ្ចូលគ្នាទៅទៀត។
គួរកត់សម្គាល់ថា ការប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គិសនីនេះ ធ្វើឡើងក្នុងពេលដែលប្រទេសទាំងអស់លើលោកកំពុងតែពួតដៃគ្នាដាក់ចេញវិធានការនានា ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ កាលពីចុងខែមិថុនា ឆ្នាំ២០២២ គណៈកម្មការអឺរ៉ុបកំណត់វិធានការហាមឃាត់នូវរថយន្តដែលបំពាក់ដោយម៉ាស៊ីនប្រើប្រេងសាំង ប្រេងម៉ាស៊ូត និងរថយន្តហាយប្រ៊ីដ (Hybride) ចាប់ពីឆ្នាំ២០៣៥តទៅ ហើយគ្រប់រថយន្តផលិតថ្មី លក់នៅលើទីផ្សារអឺរ៉ុបទាំងអស់ គឺត្រូវតែជារថយន្តអគ្គីសនីទាំងស្រុង១០០ភាគរយ៕ ដោយ៖ កែវ កិរិយា