តារាចម្រៀង លោក អ៊ួន បឋម ចាប់ផ្ដើមកម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន» ពីភ្នំពេញទៅសៀមរាប ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ តារាចម្រៀង លោក អ៊ួន បឋម ហៅ សាយ នៅថ្ងៃអាទិត្យទី២ ខែតុលាឆ្នាំ២០២២ បានប្រារព្ធពិធីសម្ពោធជាផ្លូវការ កម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន» ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប។ កម្មវិធីនេះ រៀបចំធ្វើឡើងនៅរោងភាពយន្ត Major Cineplex ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ។ មន្ទីរពេទ្យកុមារអង្គរ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ និងបានផ្ដល់សេវាព្យាបាលជំងឺ ដល់កុមារកម្ពុជាដោយឥតគិតថ្លៃ។

កាលពីឆ្នាំ២០២០កន្លងទៅ លោក អ៊ួន បឋម បានរៀបចំកម្មវិធីរត់រយៈពេល៩៧ថ្ងៃជុំវិញប្រទេសកម្ពុជា និងរៃអង្គាសថវិកាបានចំនួន៥០ម៉ឺនដុល្លារ សម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរដែលប្រឈមនឹងការខ្វះខាតថវិកាដើម្បីផ្ដល់សេវាព្យាបាលជំងឺដល់កុមារ។

សម្រាប់កម្មវិធីនៅក្នុងឆ្នាំ២០២២នេះ លោក អ៊ួន បឋម ឬ សាយ គ្រោងរត់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ខែតុលា ឆ្នាំ២០២២។ លោករំពឹងទុកថា ថវិកាដែលរៃអង្គាសបានពីការរត់របស់លោកលើកនេះនឹងអាចជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងត្រូវការជំនួយក្នុងការសង្គ្រោះកុមារកម្ពុជាដែលមានជំងឺ។ ជាពិសេសជំងឺមហារីក ដែលមន្ទីរពេទ្យសង្កេតឃើញថា មាននិន្នាការកើនឡើងគួរឲ្យព្រួយបារម្ភ។

លោកស្រី ស៊ិន កេតអរុណ ប្រធានការិយាល័យទំនាក់ទំនងសាធារណៈនៃមន្ទីរពេទ្យកុមារអង្គរ បានថ្លែងថា មន្ទីរពេទ្យកុមារអង្គរ បានធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីកលើកុមារ មានដូចជា៖ ជំងឺមហារីកបាតភ្នែក មហារីកឆ្អឹងខ្នង មហារីកជាលិកា មហារីកខួរក្បាល និងជំងឺមហារីកគ្រាប់ឈាម។ ដ្បិតតែមន្ទីរពេទ្យកុមារអង្គរ មានវេជ្ជបណ្ឌិតដែលមានជំនាញក្នុងការព្យាបាលជំងឺមហារីកទាំងនេះក៏ពិតមែន ប៉ុន្តែបើតាមលោកស្រី ស៊ិន កេតអរុន ការព្យាបាលជំងឺមហារីកត្រូវការថវិកាច្រើនជាងការព្យាបាលជំងឺប្រភេទដទៃទៀត ដោយសារតែវាទាមទារនូវបច្ចេកទេសចាំបាច់មួយចំនួនដូចជា ការវះកាត់ ការចាក់ថ្នាំគីមី ការបាញ់កាំរស្មីឡាស៊ែរ ការចាក់ថ្នាំបង្កកជាលិកា និងការគ្រប់គ្រងការឈឺចាប់ជាដើម។

មន្ទីរពេទ្យកុមារអង្គ ចាប់ផ្ដើមបើកទទួលការពិនិត្យ ព្យាបាល និងថែទាំកុមារដែលមានជំងឺមហារីកតាំងពីឆ្នាំ ២០១២មក។ នៅក្នុងមួយឆ្នាំៗ មន្ទីរពេទ្យកុមារអង្គរ ត្រូវការថវិកាពី ៣៥០ ០០០ ដុល្លារ ទៅ ៤៥០ ០០០ ដុល្លារ ដើម្បីទ្រទ្រង់ការពិនិត្យ ព្យាបាល និងថែទាំកុមារដែលមានជំងឺមហារីក ហើយបើគិតមកទល់ពេលនេះ មន្ទីរពេទ្យកុមារអង្គរបានព្យាបាលកុមារដែលមានជំងឺមហារីកចំនួន៥០៨នាក់រួចមកហើយ។
ក្រៅពីការបរិច្ចាគជាថវិកា លោក អ៊ួន បឋម ក៏លើកទឹកចិត្តឲ្យយុវជន ឬអ្នកដែលមានចំណាប់អារម្មណ៍ ចូលរួមរត់ជាមួយលោក ដើម្បីលើកកម្ពស់ស្មារតីកីឡានៅកម្ពុជា ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំក្រោយ។

ដោយឡែក លោក សុខ សប្បាយណា ប្រធានប្រតិបត្តិនៃ «យុទ្ធនាការ #BeyondTheGames» ដែលជាយុទ្ធនាការរបស់គណៈកម្មាធិការជាតិ CAMSOC ដើម្បីផ្សព្វផ្សាយពីស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា បានថ្លែងកោតសរសើរចំពោះការលះបង់របស់លោក អ៊ួន បឋម ដែលបានរៀបចំកម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន» នេះឡើង ដើម្បីផ្សារភ្ជាប់សកម្មភាពមនុស្សធម៌ រួមជាមួយស្មារតីកីឡា។ លោកសង្ឃឹមថា កម្មវិធីនេះនឹងអាចបណ្ដុះទឹកចិត្ត ប្រជាជនខ្មែរ។ ជាពិសេសយុវជនឱ្យងើបឡើងធ្វើសកម្មភាពសង្គមនានាទៅតាមជំនាញចំណង់ចំណូលចិត្ត និងលទ្ធភាពរបស់ខ្លួន សម្រាប់ប្រជាជន និងប្រជាជាតិកម្ពុជា។

គួរបញ្ជាក់ដែរថា រាល់ការបរិច្ចាគទាំងអស់របស់សប្បុរសជន នឹងបញ្ជូនទៅកាន់គណនីធនាគាររបស់មន្ទីរពេទ្យ កុមារអង្គរដោយផ្ទាល់។ តារាចម្រៀង លោក អ៊ួន បឋម ដែលនឹងចាប់ផ្ដើមបោះជំហានរត់ម្ដងទៀត នៅថ្ងៃទី២២ ខែតុលាខាងមុខនេះ បានអំពាវនាវដល់សប្បុរសជនជាតិនិងអន្ដរជាតិ ឲ្យជួយបរិច្ចាគថវិកាទៅតាមលទ្ធភាពរបស់ខ្លួន ដើម្បីរួមចំណែកក្នុងបេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរ ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជាឲ្យរួចផុតពីក្រញ៉ាំ ជំងឺមហារីកដ៏កាចសាហាវ។ សម្រាប់លោក អ៊ួន បឋម កុមារគឺជាក្ដីសង្ឃឹម ជាពន្លឺ និងជាអនាគតរបស់កម្ពុជា ដែលទាមទារឲ្យខ្មែរគ្រប់គ្នា រួមគ្នាជួយសង្គ្រោះ និងអប់រំបណ្ដុះបណ្ដាល ដើម្បីឲ្យពួកគេក្លាយជាសសរស្ដម្ភដ៏រឹងមាំសម្រាប់ប្រទេសជាតិនាពេលអនាគត៕ ដោយ៖ កែវ កិរិយា

ads banner