អ្នកវិភាគ៖ ទស្សនកិច្ចរបស់មេដឹកនាំគុយបានៅកម្ពុជា ម្ចាស់ផ្ទះនឹងបានប្រយោជន៍នយោបាយជាជាងសេដ្ឋកិច្ច សង្គម និងវប្បធម៌

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីគុយបានឹងបញ្ជាក់ជាថ្មីអំពីទំនាក់ទំនងយូរអង្វែង និងប្រកបដោយមិត្តភាពរវាងកម្ពុជា និងគុយបា ក៏ដូចជាពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍កាន់តែប្រសើរសម្រាប់ប្រទេស និងប្រជាជនទាំងពីរភាគី។
ទន្ទឹមនឹងនេះអ្នកវិភាគភូមិសាស្ត្រនយោបាយក៏បានលើកឡើងបន្ថែមផងដែរថា កម្ពុជាអាចនឹងរៀនសូត្រពីការដែលធ្វើឱ្យមានទំនាក់ទំនងល្អប្រសើរឡើងវិញជាមួយសហរដ្ឋអាមេរិក ព្រោះប្រទេសគុយបាពីមុនក៏ធ្លាប់មានបញ្ហារកាំរកូសជាមួយអាមេរិកខ្លាំងរហូតដល់ថ្នាក់ទទួលរងទណ្ឌកម្មពីសំណាក់អាមេរិក ប៉ុន្តែប្រទេសដ៏តូចដែលមានប្រជាជនប្រមាណជាជាង ១១ លាននាក់មួយនេះ អាចស្ដារស្ថានភាពបានធូរស្រាលឡើងវិញ។

អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា សង្កេតឃើញថា កម្ពុជានឹងអាចទទួលបានឱកាសរៀនសូត្រពីប្រទេសគុយបា ក្នុងការស្វែងរយុទ្ធសាស្ត្រឆ្លើយតបទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ លោកបានមានប្រសាសន៍បន្ថែមថា៖ «ដំណើរទស្សកិច្ចរវាងនាយករដ្ឋមន្ត្រីទាំងពីរ អាចឆ្លុះបញ្ចាំងអំពីគោលនយោបាយចំហជើងមេឃ (Open Sky Policy)របស់កម្ពុជា ក្នុងការបង្កើតមិត្តឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន មិនថាមិត្តនោះជាកុម្មុយនីស្ដ ឬប្រជាធិបតេយ្យនោះទេ»។

អ្នកស្រាវជ្រាវរូបនេះក៏បានរំលេចពីចំណុចអវិជ្ជមាន និងវិជ្ជមានជុំវិញដំណើរទស្សនៈកិច្ចរបស់លោកនាយករដ្ឋមន្ត្រីគុយបាផងដែរ។ លោកបានថ្លែងថា៖ «ចំណុចវិជ្ជមាននោះគឺ ការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ហើយកម្ពុជាអាចអនុវត្តគោលនយោបាយការបរទេសចម្រុះព័ណ៌អាចត្រូវបានអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។ ម៉្យាងទៀត ដោយសារកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២នេះ ប្រទេសគុយបាអាចរៀនសូត្រពីការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអាស៊ានទៅថ្ងៃអនាគតផងដែរ»។
យ៉ាងណាមិញ លោកក៏មានការព្រួយបារម្ភថា ដំណើរទស្សនកិច្ចនេះអាចនឹងលេចចេញជាសេណារីយ៉ូអវិជ្ជមាន ដោយសារតែទំនាក់ទំនងរបស់គុយបានិងកម្ពុជាជាមួយសហរដ្ឋអាមេរិកហាក់បីដូចជាស្ថិតក្នុងភាពមិនសូវល្អប្រសើរទេ។ ដូច្នេះវាហាក់បីដូចជាបានបង្ហាញថាកម្ពុជាចង់ពង្រឹងរបបរបស់ខ្លួនឱ្យស្របទៅតាមរបបបែបផ្ដាច់ការដូចប្រទេសគុយបាដែរ។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅដល់ប្រទេសគុយបា ដើម្បីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ។ ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីរក៏បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥ រួមមាន កម្មវិធីនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌ អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកីឡា គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ អនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា-គុយបា៕ ដោយ៖ ធា សុខណា

ads banner