មន្ទីរព័ត៌មានខេត្តកំពង់ធំ បើកកិច្ចប្រជុំ ជំរុញដល់អនុគណៈកម្មការនិមួយៗ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានជោគជ័យ ក្នុងពិធីបុណ្យអុំទូកដែលប្រព្រឹត្តទៅនៅថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ខាងមុខ

កំពង់ធំ៖ លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំ សេចក្តីសម្រេចស្ដីពីការបង្កើតគណៈកម្មការរៀបចំប្រណាំងទូកខេត្តកំពង់ធំ ចាប់ពីថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីអនុប្រធានមន្ទីរ ប្រធាន/អនុប្រធានការិយាល័យទាំង៥ និងមន្ត្រីទាំងអស់នៅក្នុងមន្ទីរព័ត៌មានខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។

លោកជំទាវ ង៉ែត ណារីន ថ្លែងថា ការបង្កើតអនុគណៈកម្មការមួយចំនួនជាជំនួយការឲ្យគណៈកម្មការដែលមានសមាសភាពដូចខាងក្រោម÷

១. អនុគណៈកម្មការចាត់ការទូទៅ មានភារកិច្ចទទួលពិនិត្យការងាររួម និងដោះស្រាយរាល់បញ្ហាទាំងឡាយជុំវិញការរៀបចំពិធីប្រណាំងទូក។

២. អនុគណៈកម្មការថតវីដេអូ មានភារកិច្ចទទួលពិនិត្យមើលកាមេរ៉ា ចូលរួមថតធ្វើការជាមួយក្រុមការងារខ្សែកាបអង្គរ ធ្វើយ៉ាងណាដោះស្រាយ ធ្វើឲ្យបានរូបភាពច្បាស់ល្អ តាមកញ្ចក់ទូរទស្សន៍ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។

៣.អនុគណៈកម្មការផ្សាយតាមវិទ្យុ និងមេក្រូតាមទីតាំងមានភារកិច្ចធ្វើយ៉ាងណាយកសម្លេងឱ្យចូលវិទ្យុ មើលមេក្រូចល័តឲ្យបានច្បាស់ល្អ ដើម្បីបានដល់ប្រជាពលរដ្ឋ។

៤. អនុគណៈកម្មការអានសប្បុរសជន មានភារកិច្ចកត់ និងអានឈ្មោះសប្បុរសជន ត្រូវពិនិត្យមើលការងារ ថវិកាឲ្យបានច្បាស់មុននឹងអាន។

៥. អនុគណៈកម្មការអានឈ្មោះទូក មានភារកិច្ចមើលឈ្មោះទូកគូរប្រកួត ពិនិត្យឲ្យបានត្រឹមត្រូវមុននឹងអាន។

៦. អនុគណៈកម្មការយាមស្ថានីយទូរទស្សន៍ មានភារកិច្ចត្រួតពិនិត្យធ្វើតេសសាកល្បងការឡាយឲ្យបានច្បាស់ ទាំងរូបភាព ទាំងសម្លេង ច្បាស់ល្អ។ ៧. អនុគណៈកម្មការយាមវិទ្យុ មានភារកិច្ចពិនិត្យធ្វើតេស្តវិទ្យុ ក្នុងការឡាយធ្វើយ៉ាងណាឲ្យមានសម្លេងឮច្បាស់ ។

លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មាន ក៏បានផ្ដាំផ្ញើ និងសំណូមពរដល់ក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់ បំពេញតួនាទី ភារកិច្ចរបស់ខ្លួនឲ្យចំគោលដៅ នៅថ្ងៃបុណ្យអុំទូកដែលប្រព្រឹត្តទៅនៅថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ៕ ប៊ុន រដ្ឋា

ads banner