អភិបាលខេត្តរតនគិរីជម្រុញឱ្យអភិបាល ក្រុង ស្រុក ដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងថ្មី អនុវត្តន៍ការងារសំខាន់ៗជាអាទិភាពចំនួន៥

រតនគិរី ៖ ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងអភិបាលក្រុង និងស្រុកចំនួន៥ ដែលបានប្រារព្ធធ្វើឡើងនៅសាលមហោស្រពរតនៈ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានជម្រុញឱ្យអភិបាលក្រុង ស្រុកទាំង៥ ដែលចូលកាន់តំណែងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាចំនួន ៥រួមមាន៖

១.ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលក្រុង ស្រុក មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលក្រុង ស្រុក ឲ្យកាន់តែមានភាពល្អប្រសើរ ។

២.បន្តអនុវត្តវិធានការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (៣ការពារ៣កុំ) និងការដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីវិបត្តិនៃជំងឺនេះ។

៣.អាជ្ញាធរស្រុកជាប់ព្រំដែនប្រទេសជិតខាង និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវ បង្កើនកិច្ចសហការក្នុងការគ្រប់គ្រងព្រំដែនសំដៅថែរក្សាការពារឱ្យបានគត់មត់នូវបូរណភាព ទឹកដី អធិបតេយ្យជាតិ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបង្ការទប់ស្កាត់ បង្ក្រាប់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។ ត្រូវពង្រឹង និងលើកំពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៃប្រទេសជិតខាង ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍នៅ តាមតំបន់ព្រំដែន ។

៤.ត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ។ ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈក្នុងការបំពេញការងាររបស់មន្ត្រីក្នុងការបំពេញការងារ ដើម្បីឱ្យប្រជាពលរដ្ឋ ទទួលបានសេវារដ្ឋបាលនានាកាន់តែងាយស្រួលឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។ រដ្ឋបាលក្រុង ស្រុកត្រូវជួយគាំទ្រឃុំ សង្កាត់ ក្នុងការរៀបចំយន្តការច្រកចេញចូលតែមួយ ដើម្បីបង្ក លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកស្នើសុំ និងទទួលសេវាស្របតាមសេចក្ដីណែនាំលេខ ០១៨ ដែលនៅថ្នាក់ឃុំ សង្កាត់ មានតួអង្គស្នូលចំនួន៥ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ រួមមាន៖ ១.មេឃុំ ចៅសង្កាត់ ២.ស្មៀនឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ៤.មណ្ឌលសុខភាព និង៥.មេភូមិ។

៥.ត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដូចជាការជួញដូរ និងប្រើប្រាស់គ្រឿង ញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលមានលក្ខណសម្បត្តិ ៧យ៉ាង ឱ្យកាន់តែមានប្រសិទ្ធភាពថែម ទៀត ក្នុងភូមិសាស្ត្រក្រុង ស្រុករបស់ខ្លួន។

សូមបញ្ជាក់ថា តាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការត្រូវបាន សម្រេចផ្ទេរភារកិច្ច លោក កង សារឿន ពីអភិបាលស្រុកអណ្តូងមាស
ទៅជាអភិបាលស្រុកបរកែវ។ លោក ហេង បុន្នី ពីអភិបាលស្រុកបរកែវ ទៅជាអភិបាលស្រុក អូរយ៉ាដាវ។ លោក ធូ ឃឿ ពីអភិបាលស្រុកអូរជុំ ទៅជាអភិបាលក្រុងបានលុង និង សម្រេច តែងតាំង លោក គៀង តុលា ជាអភិបាលស្រុកអូរជុំ លោក មាស សារ៉េត ជាអភិបាលស្រុកអណ្តូងមាស៕ដោយ គតិ យុត្ត

ads banner