លោក បៃដិន សន្យាផ្តល់ជំនួយជាង ៦០លានដុល្លារដល់តំបន់ Puerto Rico ក្រោយរងការវាយប្រហារពីព្យុះហឺរីខិន
ព័រតូរីកូ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទទី០៣ ខែតុលានេះ បានសន្យាផ្តល់ជំនួយជាង ៦០លានដុល្លារដើម្បីជួយដល់តំបន់ ព័រតូរីកូ (Puerto Rico) ហើយថា ថវិការជំនួយកាន់តែច្រើនថែមទៀតនឹងមកដល់ក្នុងពេលឆាប់ៗនេះ ក្នុងអំឡុងចុះត្រួតពិនិត្យពីទំហំខូចខាត ដែលបណ្តាលមកពីព្យុះហឺរីខេន ហ្វីអូណា (Fiona)។
ភ្លាមៗ បន្ទាប់ពីបានមកដល់ជាមួយភរិយារបស់គាត់ គឺលោកស្រី Jill Biden ប្រធានាធិបតីអាមេរិករូបនេះ បានជួបជាមួយជនរងគ្រោះដោយសារខ្យល់ព្យុះដែលបានធ្វើឱ្យដែនដី ព័រតូរីកូ អូសបន្លាយពេលគ្មានអគ្គិសនីប្រើប្រាស់។
លោក បៃដិន ក៏នឹងធ្វើដំណើរទៅកាន់រដ្ឋផ្ល័ររីដា នៅថ្ងៃពុធសប្តាហ៍នេះផងដែរ ដើម្បីត្រួតពិនិត្យមើលការខូចខាតដោយសារព្យុះទីហ្វុង អ៊ីអេន។ លោក បៃដិន បាននិយាយនៅក្នុងទីក្រុង Ponce តំបន់ព័រតូរីកូ យ៉ាងដូច្នេះថា យើងបានមកទីនេះដោយផ្ទាល់ ដើម្បីបង្ហាញថា យើងនៅជាមួយអ្នករាល់គ្នា។
ប្រជាជនអាមេរិកទាំងអស់នៅជាមួយអ្នក នៅពេលអ្នកព្យាយាមកសាង និងស្តារជីវភាពឡើងវិញ។ លោក បៃដិន បន្តថា ព័រតូរីកូ គឺជាកន្លែងដ៏រឹងមាំមួយ ហើយប្រជាជនព័រតូរីកូ គឺជាប្រជាជនដ៏រឹងមាំមួយ ហើយថា ថវិកាចំនួន ៦០លានដុល្លារនឹងជួយកសាងដែនដីឆ្នេរនេះឡើងវិញ។
បន្ថែមលើនេះ លោក បៃដិន បានបង្ហោះសារនៅលើ Twitter ថា មូលនិធិនេះនឹងជួយច្រាំងទន្លេ និងជញ្ជាំងទឹកជំនន់ ហើយបង្កើតប្រព័ន្ធព្រមានពីគ្រោះទឹកជំនន់ថ្មី ដើម្បីជួយអ្នកស្រុកឱ្យរៀបចំខ្លួនសម្រាប់ព្យុះហឺរីខិនដ៏កំណាចនាពេលអនាគត៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

