នាយករដ្ឋមន្រ្តីជប៉ុនប្រកាសថ្កោលទោសកម្រិតធ្ងន់ ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលរំលងប្រទេសខ្លួន

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានលើកឡើងថា មីស៊ីលកូរ៉េខាងជើងទំនងជាបានហោះរំលងប្រទេសជប៉ុន ហើយធ្លាក់ចូលសមុទ្រ។ ក្រុមមន្ត្រីជឿជាក់ថា មីស៊ីលនេះត្រូវបានបាញ់ចេញពីទីតាំងមួយក្នុងប្រទេសកូរ៉េខាងជើង នៅម៉ោងប្រហែល ៧ និង ២២នាទីព្រឹកថ្ងៃអង្គារទី០៤ ខែតុលានេះ (ម៉ោងក្នុងតំបន់)។ ពួកគេបាននិយាយថា វាហាក់ដូចជាមីស៊ីលផ្លោង ហើយកំពុងឆ្ពោះទៅកាន់ខេត្ត Hokkaido និង Aomori នៅភាគខាងជើងប្រទេសជប៉ុន ។

ស្របពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា បានថ្លែងយ៉ាងដូច្នេះថា យើងថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលនេះ និងបានហៅវាថា ជា “ទង្វើដ៏ឃោឃៅមួយ”។ ឆ្លើយតបនឹងបញ្ហានេះ ខ្ញុំបានណែនាំមន្ត្រីឱ្យពិនិត្យមើលការខូចខាត ដែលអាចបណ្តាលមកពីការធ្លាក់អំបែងគ្រាប់ ការប្រមូល និងវិភាគព័ត៌មានឱ្យបានហ្មត់ចត់ រួមទាំងការសហការជាមួយសម្ព័ន្ធមិត្ត។ ទន្ទឹមគ្នា រដ្ឋាភិបាលជប៉ុនក៏បានចេញការប្រកាសអាសន្នតាមរយៈប្រព័ន្ធប្រកាសអាសន្នទូទាំងប្រទេសផងដែរ ដែលបញ្ជូនព័ត៌មានទៅកាន់រដ្ឋាភិបាលក្នុងតំបន់តាមរយៈផ្កាយរណប ។

អាជ្ញាធរបានប្រាប់ប្រជាជននៅតំបន់មីស៊ីលហោះឆ្លងកាត់ ឱ្យជ្រកក្នុងអគាររឹងមាំ ឬនៅក្រោមដី។ ហើយនៅម៉ោង ៧ និង៤៦នាទីព្រឹកថ្ងៃដដែល ក្រុមមន្ត្រីបាននិយាយថា កាំជ្រួចប្រហែលជាបានហោះរំលងប្រទេសជប៉ុន ហើយធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងថា វាហាក់ដូចជាបានធ្លាក់ចុះនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ។

នេះជាលើកទី៧ហើយ ដែលកាំជ្រួចផ្លោងរបស់កូរ៉េខាងជើងបានហោះរំលងទឹកដីប្រទេសជប៉ុន។ ក្រសួងការពារជាតិជប៉ុនបានបញ្ជាក់ថា វាគឺជាមីស៊ីលទី២៣ ដែលកូរ៉េខាងជើងបានបាញ់សាកល្បងនៅឆ្នាំនេះ ខណៈដែលមន្ត្រីជប៉ុន អាមេរិក និងកូរ៉េខាងត្បូងកំពុងតាមដានស្ថានការណ៍៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner