អ៊ុយក្រែនប៉ាន់ប្រមាណថា ការខូចខាតបរិស្ថានមានតម្លៃ ៣៥ពាន់លានដុល្លារ ដោយសារការឈ្លានពានរបស់រុស្ស៊ី
ព្រុចសែល៖ រដ្ឋមន្ត្រីបរិស្ថានអ៊ុយក្រែនលោក Ruslan Strilets នៅថ្ងៃចន្ទទី០៣ ខែតុលាថ្លែងថា ការខូចខាតបរិស្ថានក្នុងប្រទេសអ៊ុយក្រែនដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ី ត្រូវបានគេប៉ាន់ប្រមាណថា មានទឹកប្រាក់ប្រហែល ៣៦ពាន់លានអឺរ៉ូ ឬប្រមាណ ៣៥.៣ពាន់លានដុល្លារ ខណៈដែលដែនដីធម្មជាតិរាប់លានហិកតាទៀតស្ថិតនៅក្រោមការគំរាមកំហែង ។
លោក Ruslan Strilets បាននិយាយថា មួយភាគប្រាំនៃតំបន់ការពារព្រៃធម្មជាតិក្នុងប្រទេសអ៊ុយក្រែន ប្រឈមនឹងហានិភ័យនៃការបំផ្លិចបំផ្លាញ ហើយប្រហែល ២,០០០ករណីនៃការខូចខាតបរិស្ថានត្រូវបានកត់ត្រារួចហើយ ។
រដ្ឋមន្ត្រីបរិស្ថានអ៊ុយក្រែនបានបង្ហាញផ្ទាំងស្លាយដល់សមាជិកសភាសហភាពអឺរ៉ុបនៅក្នុងសវនាការក្នុងសភាសហភាពអឺរ៉ុបនៅទីក្រុង Strasbourg ប្រទេសបារាំង។
យោងតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលអ៊ុយក្រែន វិក័យប័ត្រពីការបំពុលខ្យល់ដែលបង្កឡើងដោយសារសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន គិតមកទល់ពេលនេះ មានទឹកប្រាក់ប្រហែល ២៥ពាន់លានអឺរ៉ូ និង ១១,៤ពាន់លានអឺរ៉ូទៀតត្រូវការចំណាយដើម្បីដោះស្រាយការខូចខាតដី។
ដោយលើកឡើងពីវិធីសាស្រ្តថ្មីដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលអ៊ុយក្រែន ដើម្បីគណនាការខូចខាតនោះ លោក Strilets បាននិយាយថា សង្គ្រាមរយៈពេលប្រាំពីរខែមកនេះ បានបណ្តាលឱ្យមានការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចំនួន ៣១លានតោន ស្មើនឹងបរិមាណដែលផលិតដោយប្រទេសនូវែលសេឡង់ជារៀងរាល់ឆ្នាំ។
លោកថា ការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៧៩លានតោនផ្សេងទៀតអាចត្រូវបានផលិត សម្រាប់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ និងអគារដែលត្រូវបានបំផ្លាញក្នុងអំឡុងសង្គ្រាម ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

