អតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូ កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

អឺរ៉ុប៖ អតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូ បានកើនឡើងខ្លាំងដល់ ១០ភាគរយ នៅក្នុងខែកញ្ញា ដោយកើនឡើងពី ៩,១ភាគរយក្នុងខែសីហា និងលើសពីការព្យាករណ៍មុនដែលថាមានត្រឹម ៩,៧ភាគរយ។ អតិផរណាហក់ឡើងខ្ពស់ដល់កំណត់ត្រាថ្មីមួយទៀតនេះ កើតចេញពីការឡើងថ្លៃខ្ពស់នៃតម្លៃថាមពលដែលរុញច្រានដោយសង្គ្រាមអ៊ុយក្រែន។

ការកើនឡើងប្រមាណ ៤១ភាគរយ នៃតម្លៃថាមពល បានបញ្ឆេះឲ្យអត្រាអតិផរណាប្រចាំឆ្នាំនៅក្នុងបណ្តាប្រទេសចាយប្រាក់អឺរ៉ូចំនួន ១៩ ឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីកំណត់ត្រាចាប់ផ្តើម។ នេះបើយោងតាមទីភ្នាក់ងារស្ថិតិរបស់សហភាពអឺរ៉ុប Eurostat។

បញ្ហានេះ នឹងដាក់សម្ពាធបន្ថែមទៀតលើធនាគារកណ្តាលអឺរ៉ុប ឱ្យរក្សាគោលនយោបាយបច្ចុប្បន្នរបស់ខ្លួនក្នុងការដំឡើងអត្រាការប្រាក់ ដើម្បីឲ្យអតិផរណាធ្លាក់ចុះមកវិញ បើទោះបីជាត្រូវប្រឈមនឹងហានិភ័យនៃការបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុបក៏ដោយ។
ធនាគារកណ្តាលអឺរ៉ុប កំពុងជួបការលំបាកខ្ពស់ក្នុងការទប់ស្កាត់អតិផរណា។

គេកាន់តែបារម្ភខ្លាំងថែមមួយកម្រិតទៀតពីលទ្ធភាពក្នុងការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចកាន់តែយូរ និងកាន់តែជ្រៅនៅទូទាំងតំបន់ចាយប្រាក់អឺរ៉ូ នៅពេលឃើញប្រទេសសេដ្ឋកិច្ចធំៗក្នុងតំបន់ជួបអតិផរណាធ្ងន់ធ្ងរ ដោយអាល្លឺម៉ង់មាន ១០,៨ភាគរយ និងបារាំង ៦,២ភាគរយ។ ចំណែក នៅក្នុងប្រទេសហូឡង់វិញ តម្លៃអតិផរណាបានកើនឡើង ១៧,១ភាគរយ ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីសម័យសង្គ្រាមលោកលើកទី២មក។

ប្រទេសក្នុងតំបន់ចាយប្រាក់អឺរ៉ូមួយចំនួន កំពុងប្រើប្រាស់ថវិកាជាតិ ដើម្បីសម្រាលបន្ទុកតម្លៃថាមពលដល់អ្នកប្រើប្រាស់ក្នុងស្រុក។ តែយ៉ាងណាមិញ តម្លៃថាមពលនៅអឺរ៉ុប នៅតែស្ថិតក្រោមសម្ពាធខ្លាំងដោយសារសង្គ្រាមនៅអ៊ុយក្រែន ជាពិសេសនៅខណៈដែលរដូវរងាកាន់តែខិតជិតមកដល់។

ធនាគារកណ្តាលអឺរ៉ុប ចង់បន្ទាបអតិផរណាឲ្យធ្លាក់មកត្រឹម ២ភាគរយ ហើយកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅនេះ បានបង្កើនការភ័យខ្លាចថា ធនាគារអាចនាំប្លុកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច៕
ដោយៈលី លីយ៉ា
ប្រភពព័ត៌មាន៖

  1. Inflation hits record 10% in 19 EU countries using euro
  2. Eurozone rocked by record inflation as prices soar 10 percent
ads banner