​មូលនិធិរូបិយវត្ថុអន្តរជាតិនឹង​ពិចារណា​លើ​ការ​ផ្តល់​មូល​និធិ​សង្គ្រោះ​បន្ទាន់ថ្មី​​ចំនួន​ ១,៣ ប៊ីលាន​ដុល្លារ​​សម្រាប់​អ៊ុយក្រែន

អន្តរជាតិ៖ ក្រុម​ប្រឹក្សា​ប្រតិបត្តិ​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF) ​នឹង​ពិចារណា​​លើ​សំណើ​របស់​អ៊ុយក្រែន​ លើ​​​មូលនិធិ​សង្គ្រោះ​បន្ទាន់​​បន្ថែម​ចំនួន​ ១,៣ ប៊ីលាន​ដុល្លារ​​ ខណៈ​ដែល​សង្រ្គាម​របស់​រុស្ស៊ី​ប្រឆាំង​នឹង​ប្រទេស​នេះ​នៅ​តែ​បន្ត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ដែល​ស្រង់​សម្ដី​ប្រភព​ពីររូប​ដឹង​ពី​បញ្ហា​នេះ​។  ​

​ប្រភព​​អះ​អាង​ថា​ បុគ្គលិក​​ IMF ​បាន​រៀប​ចំ​ឯកសារ​ចាំ​បាច់​ ហើយ​ជឿ​ជាក់​ថា​ អ៊ុយក្រែន​​ទទួល​បាន​ការ​ធានា​ផ្នែក​ហិរញ្ញ​វត្ថុ​គ្រប់​គ្រាន់​​ពី​​​ប្រទេស​ដៃគូ​​នៅ​លើ​​ពិភព​លោក​របស់​ខ្លួន​ ដើម្បី​បំពេញ​តាម​ការ​ចង់​បាន​​របស់​ IMF ​លើតម្រូវ​ការ​​និរន្តរភាព​បំណុល ​និង​​​លក្ខណៈ​​សម្រាប់​មូលនិធិ​​សង្គ្រោះ​បន្ទាន់​បន្ថែម​។ ​​

​ប្រសិន​បើ​សំណើ​ត្រូវ​បាន​អនុម័ត​ នោះ​មូលនិធិ​នឹង​បាន​មក​ពី​កម្មវិធី​ផ្តល់​ប្រាក់​កម្ចី​បន្ទាន់​ថ្មី​មួយ​ ដើម្បី​ដោះ​ស្រាយ​ការ​ខ្វះ​ខាត​ស្បៀង​អាហារ​ ដែល​​​ក្រុម​ប្រឹក្សា​អនុម័ត​កាល​ពី​សប្តាហ៍​មុន​។​

កន្លង​មក​មន្ត្រី​ IMF​បាន​សរសើរ​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន​ និង​ធនាគារ​កណ្តាល​របស់​ប្រទេស​នេះ​ ​ចំពោះ​​ការ​​គ្រប់​​គ្រង​​វិបត្តិ​សេដ្ឋកិច្ច​ ដែល​បណ្តាល​មក​ពី​ការ​ឈ្លាន​ពាន​របស់​​រុស្សី​ ដែល​ចាប់​ផ្ដើម​នៅ​ចុង​ខែ​​កុម្ភៈ​។​ ​​មិនបាន​​ប៉ុន្មានផង​​ក្រោយ​ពី​ការ​ឈ្លាន​ពាន​ ពោល​គឺ​នៅ​ដើម​​ខែ​មីនា​ ​IMF ​បាន​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ចំនួន​ ១,៤ ប៊ីលាន​ដុល្លារ​​​ដល់​អ៊ុយក្រែន​។

ជុំ​វិញ​ការស្នើ​​សុំ​មូលនិធិ​ថ្មីរបស់​អ៊ុយក្រែន​​IMF មិន​បាន​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​ណា​នោះ​ទេ​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ មន្ត្រី​អ៊ុយក្រែនបន្ត​ការ​ទទូច​សុំ​របស់​ខ្លួន​ ​​ក្រោម​កម្មវិធី​ផ្តល់​ប្រាក់​កម្ចី​ពេញ​លេញ​របស់​ IMF ​ហើយ​កម្មវិធី​បែប​នេះ​ អាច​កើត​ឡើង​នៅ​ពេល​ក្រោយ​។​

គួរ​បញ្ជាក់​ថា​ បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​ ប្រទេស​លោក​ខាង​លិច​ ជា​ពិសេស​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​ បាន​ផ្ដល់​ជំនួយ​រាប់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន​ ទាំង​ជំនួយ​ផ្នែង​មនុស្ស​ធម៌​ និង​យោធា​។ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ​សភា​អាមេរិក​បាន​អនុម័ត​លើ​​ជំនួយ​ ១២,៣ ប៊ីលាន​ដុល្លារ​ដល់​អ៊ុយក្រែន​ ដែល​នឹង​ប្រើ​ដើម្បី​ថា​ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់​ៗ​​របស់​អ៊ុយក្រែន​នៅ​តែ​ដំណើរ​ការ​។​ ៣ប៊ី​លាន​ដុល្លារ​ក្នុង​នោះ​ នឹង​ប្រើ​លើសព្វាវុធ​​​​ការ​ផ្គត់​ផ្គង់​ផ្សេង​ៗ​​និង​ប្រាក់​ខែ​សម្រាប់​យោធា​អ៊ុយក្រែន​ហើយ​ ៤,៥ ប៊ីលាន​ដុល្លារ​ ​នឹង​ប្រើ​ដើម្បី​​រក្សា​ស្ថិរភាព​ហិរញ្ញ​វត្ថុ​របស់​ក្រុង​កៀវ​ ​និង​ដំណើរការ​របស់​រដ្ឋាភិបាល​៕

ដោយ៖ហួន ឌីណា

ប្រភព៖​ IMF to consider $1.3bn in emergency funding for Ukraine

ads banner