កិច្ចប្រជុំលើកទី២៤ ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន (ACB)

ខេត្ដសៀមរាប ៖ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន នៅខេត្ដសៀមរាប ។

កិច្ចប្រជុំលើកទី២៤ ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន (ACB) បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងទី៣-៤ ខែតុលា ឆ្នាំ២០២២ ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារនៃរបៀបវារៈដូចខាងក្រោម៖

  • របាយការណ៍ពាក់ព័ន្ធនឹងសេចក្តីសម្រេចនានារបស់កិច្ចប្រជុំលើកទី២៣ ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌល ACB កាលពីថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២១
  • របាយការណ៍ពាក់ព័ន្ធនឹងសេចក្តីសម្រេចនានារបស់កិច្ចប្រជុំលើកទី៣២ នៃក្រុមការងារបច្ចេកទេសស្តីពីការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះអាស៊ាន (AWGNCB) កាលពីថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០២២ រួមទាំងវឌ្ឍនភាព និងសកម្មភាពការងាររបស់ AWGNCB
  • ផែនការការងារ-ថវិការបស់មជ្ឈមណ្ឌល ACB សម្រាប់ឆ្នាំ ២០២១-២០២២ និងគម្រោងសំណើសម្រាប់ឆ្នាំ២០២៣
  • សកម្មភាពការងារដើម្បីត្រៀមសម្រាប់សន្និសីទកំពូលរដ្ឋជាភាគី នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៥ (UNCBD COP-15)
  • បញ្ហាផ្សេងៗ៖ ១)ការងារគ្រប់គ្រងនិងប្រតិបត្តិមជ្ឈមណ្ឌល ACB និង ២)កាលបរិច្ឆេទនិងទីកន្លែងនៃកិច្ចប្រជុំបន្ទាប់ (កិច្ចប្រជុំលើកទី២៥) ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌល ACB សម្រាប់ឆ្នាំ២០២៣ ខាងមុខ។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី២៤ ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន (ACB) បើកដំណើរដោយ លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំង១០ ដៃគូអនុវត្តគម្រោង និងអ្នកពាក់ព័ន្ធ តាមរយៈការចូលរួមកិច្ចប្រជុំផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុបចំនួនជាង៧០រូប។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យ ពិភាក្សា និងសម្រេចលើ៖ ១)សកម្មភាព និងលទ្ធផលការងាររបស់មជ្ឈមណ្ឌល ACB សម្រាប់ឆ្នាំ២០២១-២០២២, ២)របាយការណ៍ចំណាយថវិកាឆ្នាំ២០២១-២០២២ និងគម្រោងសំណើសម្រាប់ឆ្នាំ២០២៣ និង ៣)កិច្ចសហការនានាជាមួយដៃគូសម្រាប់ការងារជីវៈចម្រុះអាស៊ាន។

តាមរយៈកិច្ចប្រជុំនេះ កម្ពុជានឹងស្នើឱ្យមានការធ្វើបច្ចុប្បន្នភាពលើ ASEAN Joint Statement ដែលបានអានដោយប្រទេស ប្រ៊ុយណេ នៅក្នុងកិច្ចប្រជុំ COP-15 ផ្នែកទី១ នៅឆ្នាំ២០២១ ដើម្បីលើកឡើងនូវបញ្ហាថ្មីៗបន្ថែមទៀតសម្រាប់ត្រៀមធ្វើបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ (High Level Segment) នៃសន្និសីទកំពូលរដ្ឋជាភាគី នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៥ ផ្នែកទី២ នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា នាខែធ្នូ ឆ្នាំ២០២២ ខាងមុខ ហើយដែលកម្ពុជានឹងត្រូវថ្លែងតំណាងតំបន់ក្នុងនាមជាប្រធានអាស៊ាន៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner