រដ្ឋមន្ត្រីទេសចរណ៍ សង្កត់ធ្ងន់ឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ តរៀបចំវត្តទេសចរណ៍គំរូ និងវិថីម្ហូប អាហារនាឱកាសភ្ជុំបិណ្ឌ
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានដាក់អនុសាសន៍សង្កត់ធ្ងន់ឱ្យមន្ទីរ ទេសចរណ៍រាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងគុណភាពសេវាកម្ម អនាម័យ បរិស្ថាន បដិសណ្ឋារកិច្ច នៅតាមគោលដៅទេសចរណ៍នីមួយៗ ពិសេសត្រូវសហការជាមួយក្រសួងធម្មការ និងសាសនា អាជ្ញាធរ មូលដ្ឋាន ក្នុងការរៀបចំវត្តទេសចរណ៍គំរូ និងវិថីម្ហូបអាហារឱ្យបាន នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ។
ឯកឧត្តម ថោង ខុន បានណែនាំឱ្យប្រធានមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ត្រូវសហការជាមួយកម្លាំង សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការការពារសុវត្ថិភាពភ្ញៀវទេសចរឱ្យបានហ្មត់ចត់ នៅតាមគោលដៅ ទេសចរណ៍នីមួយៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ ។ ការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់បែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារទេសចរណ៍រយៈពេល៩ខែ ដើមឆ្នាំ២០១៩ និងទិសដៅ អនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ។
ក្រៅពីអនុសាសន៍សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌខាងលើនេះ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ក៏បាន ដាក់ចេញការងារសំខាន់ៗមួយចំនួន ដែលក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព ក្នុងនោះរួមមាន៖
– ការរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ខេត្តមណ្ឌលគិរី ទៅជាតំបន់ទេសចរណ៍សមាហរណកម្មពិសេស និងខេត្តកែបទៅជាតំបន់ទេសចរណ៍ធម្មជាតិ។
– ការរៀបចំកែសម្រួលសេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មាធិការជាតិអភិវឌ្ឍន៍ ទេសចរណ៍ ទៅជាអនុក្រឹត្យស្តីពី ការបង្កើតគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍។
– ការរៀបចំលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នងរបស់ក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា។
– វិធានការទប់ស្កាត់រាល់សកម្មភាពលក់កញ្ចប់ទស្សនកិច្ចថ្លៃទាប (Low Cost) ថ្លៃសូន្យ (Zero Package Tour) ឬក្រោមសូន (Minus Tour) និងការទប់ស្កាត់ និងលុបបំបាត់ ការលក់ដូរវត្ថុអនុស្សាវរីយ៍ក្លែងក្លាយ។
– ការដាក់ចេញនូវផែនការបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីទេសចរណ៍ ឆ្នាំ២០២០-២០២៣។
– ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ដូចជា រមណីយដ្ឋានទេសចរណ៍ សហគមន៍ ទេសចរណ៍ វត្តទេសចរណ៍ជាដើម ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ (បុគ្គលិកម្នាក់ ជំនាញមួយ) ការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ (សេវាមួយ ស្តង់ដាមួយ)។
– ការអនុវត្តស្តង់ដារសេវាកម្មវិថីលក់ម្ហូបអាហារ (Food Street) និងប្រព័ន្ធចំណាត់ ថ្នាក់សេវាកម្មតូបលក់ម្ហូបអាហារ (Street Food)។
– ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍តាមប្រព័ន្ធអនឡាយ (Smart Tourism) ការពង្រឹងការឃោសនា និងផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេស។
– ការជំរុញចលនាប្រលងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។
– ការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍ ពង្រឹងសន្តិសុខ និងសុវត្ថិភាពទេសចរណ៍។
ជាមួយគ្នានោះ ឯកឧត្តម ថោង ខុន ក៏បានណែនាំដល់ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវខិតខំអនុវត្តឲ្យមានប្រសិទ្ធភាពនូវសារាចរណែនាំស្តីពី ការពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ចាប់ពីថ្ងៃទី២៧-២៨-២៩ ខែកញ្ញា ឆ្នាំ២០១៩ ពិសេសត្រូវខិតខំសហការជាមួយក្រសួងធម្មការ និងសាសនា អាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំវត្តទេសចរណ៍គំរូ និងវិថីម្ហូបអាហារ ៕ធ.ដ