នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកជំទាវ អញ្ជើញគោរពវិញ្ញាណក្ខន្ធកងអង្គរក្ស ក្នុងឱកាសបុណ្យកាន់បិណ្ឌនៅបញ្ជាការដ្ឋានអង្គរក្ស
កណ្ដាល៖ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា ជាពុទ្ធសាសនិក ចូលរួមពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌជាប្រពៃណីជាតិ នៃវេនទី៥ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានអង្គរក្ស បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធដល់អតីតយុទ្ធជន និងយុទ្ធនារី នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្ម និងទទួលមរណភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន នាពេលកន្លងមក។ ពិធីនេះបានប្រារព្ធឡើង ក្រោមវត្តមាននាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី រួមជាមួយមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារក្នុងបញ្ជាការដ្ឋានអង្គរក្សជាច្រើនរូបទៀត។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងថា ជារៀងរាល់ឆ្នាំ បញ្ជាការដ្ឋានអង្គរក្សតែងបានរៀបចំពិធីនេះឡើង នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌ ក្នុងគោលបំណង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា គ្រូឧប្បជាយាចារ្យ និងញាត្តិការទាំង ៧សណ្តាន ជាពិសេសជូននាយទាហាន នាយទាហានរង និងពលទាហាន ដែលបានបូជាសាច់ ស្រស់ឈាមស្រស់ នៅក្នុងបុព្វហេតុការពារជាតិមាតុភូមិ ហើយបានមកទទួលនូវមនុញ្ញផល និងបានសោយសុខ ក្នុងឋានសុគតិភព។ នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកជំទាវ បាននិមន្តព្រះសង្ឃ១០៩អង្គ ដែលនិមន្តមកពីវត្តចំនួន៩វត្ត នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីសូត្រមន្តរាប់បាត វេរប្រគេនទ័យ្យទានមានគ្រឿងឧបភោគ និងគ្រឿបរិភោគជាច្រើន ទៅដល់ព្រះសង្ឃ ស្របតាម គន្លងប្រពៃណីសាសនា នៅក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៥នេះ។
គួរជម្រាបថា បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពស្នូលមួយរបស់កងយោធពលខេមរភូមិន្ទ ដែលកន្លងមកបានចូលរួមបំពេញតួនាទីភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការពារជាតិមាតុភូមិ ការពារប្រជាជន ការកសាង និងអភិវឌ្ឍន៍ជាតិ ជាពិសេសការការពារសន្តិសុខ សុវត្ថិភាពថ្នាក់ដឹកនាំ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងការចូលរួមការងារសង្គមកិច្ចជាច្រើនទៀត៕ម.ន