សិក្ខាសាលាពិគ្រោះយោបល់ស្តីពីរបកគំហើញលើលទ្ធភាពបញ្ជ្រាបការឆ្លើយតបនឹងមេរោគ អេដស៍ និងជំងឺអេដស៍ ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់
ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីរបកគំហើញលើលទ្ធភាពបញ្ជ្រាបការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ នៅសណ្ឋាគារសាន់វ៉េ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា បន្ទាប់ពីការប្រយុទ្ធដ៏ស្វិតស្វាញប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ក្នុងរយៈពេល៣ទសវត្សរ៍កន្លងទៅ ប្រទេសកម្ពុជា ត្រូវបានអង្គការសហប្រជាជាតិប្រគល់ជូនពានរង្វាន់ស្តីពីការសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី៦ ក្នុងការបង្ការ និងថែទាំមេរោគអេដស៍ និងជំងឺអេដស៍នៅព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូងកាលពីឆ្នាំ២០១១ និងការសម្រេចបានគោលដៅ៩០-៩០-៩០ ក្នុងចំណោមប្រទេស៧ នៅលើពិភពលោក និងលើកទី២ កាលពីឆ្នាំ២០១៧។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា បច្ចុប្បន្ននេះ យើងនៅមានបញ្ហាប្រឈមជាច្រើនដែលមានជាអាទិ៍៖ ១) កំណើននៃការចម្លងមេរោគអេដស៍លើក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ និងក្រុមយុវវ័យ ២) ការស្វែងរកឱ្យឃើញអ្នកផ្ទុកមេរោគអេដស៍ប្រមាណមួយម៉ឺននាក់ដែលបាត់ខ្លួន ឬមិនមកទទួលសេវា និង៣)កង្វះរបាយការណ៍ពីមន្ទីរពេទ្យឯកជន អំពីការអនុវត្តកម្មវិធីកាត់បន្ថយការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។
ក្រោយពេលរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ៧ចំណុចក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងវិធានការទាក់ទងនឹងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដាក់ចេញវិធានការមួយចំនួនដូចខាងក្រោមនេះ៖
១)រៀបចំនិយាមប្រតិបត្តិស្តីពីការដាក់បញ្ចូលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ និងផែនការវិនិយោគឃុំនៅឆ្នាំ២០១៧។
២)រៀបចំសៀវភៅបណ្ដុះបណ្ដាលស្តីពីបរិយាកាសគាំទ្រច្បាប់ និងគោលនយោបាយក្នុងការគាំទ្រការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ នៅដើមឆ្នាំ២០១៩។
៣)ដឹកនាំ និងសម្របសម្រួលការងារបញ្ជ្រាបការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ និងវិនិយោគ ឃុំ-សង្កាត់ និងការផ្តល់ប័ណ្ណសមធម៌ដល់អ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនងាយរងគ្រោះ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលយើង “មិនត្រូវទុកអ្នកណានរណាម្នាក់ចោល”នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យមាន “ចរន្តជាតិ” ដើម្បីបញ្ចប់ការឆ្លងរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាការគំរាមកំហែងចំពោះសុខភាពសាធារណៈ នៅឆ្នាំ២០២៥។ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់នេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំនូវផែនការយុទ្ធសាស្ត្រជាតិលើកទី៥ សម្រាប់ការឆ្លើយតបទូលំទូលាយ និងពហុវិស័យនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែលត្រូវដាក់ជូនកិច្ចប្រជុំពេញអង្គនៅដើមខែវិច្ឆកា ឆ្នាំ២០១៩ខាងមុខនេះ៕ធ.ដ