អភិបាលខណ្ឌឫស្សីកែវ ប្រកាសបើកការដ្ឋានជួសជុលស្ថាបនាផ្លូវបេតុង និងដាក់ប្រព័ន្ធលូ ចំនួន៩ខ្សែទៀត ជូនប្រជាពលរដ្ឋសង្កាត់ទួលសង្កែទី១

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសបើកការដ្ឋាន ដើម្បីជួសជុលផ្លូវបេតុអាមេ ផ្លូវបេតុងគ្មានសរសៃដែក និងដាក់ប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀង សរុបចំនួន៩ខ្សែ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិទូលគោក ភូមិបាក់ទូក ភូមិចុងខ្សាច់ និងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ក្រោយពីបើកការដ្ឋានស្ថាបនាផ្លូវបេតុងឆ្អឹងដែក ផ្លូវបេតុងអាមេ ស្ដា និងដាក់ប្រព័ន្ធលូ ជាច្រើនខ្សែ នៅ៣សង្កាត់រួចមកថ្មីៗនេះ។ លោកអភិបាលខណ្ឌឫស្សីកែវ បានប្រកាសបើកការដ្ឋានជួសជុល ជូនប្រជាពលរដ្ឋចំនួន៤ភូមិនេះ ក៏មានការចូលរួមពីលោក-លោកស្រី មន្ត្រីរាជការ ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងប្រជាពលរដ្ឋ សរុបប្រមាណ១៥០នាក់ផងដែរ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ។

លោក ជា ពិសី បានបញ្ជាក់ថា ការស្ថាបនាផ្លូវបេតុង ជួសជុលផ្លូវបេតុង និងការដាក់ប្រព័ន្ធលូ ដើម្បីងាយស្រួលធ្វើដំណើរ និងរំដោះជំនន់ទឹកភ្លៀង ជាមួយការប្រើប្រាស់ផ្សេងៗ ដែលត្រូវបើកការដ្ឋានដាក់ឲ្យដំណើរការស្ថាបនានាពេលនេះរួមមាន៖
-ជួសជុលផ្លូវបេតុអាមេ ប្រវែង៧៤៨,៦ម៉ែត្រ ទទឹង០៥ម៉ែត្រ និងកម្រាស់០,១៥ម៉ែត្រ នៅក្នុងភូមិទូលគោក។

-ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ប្រវែង៣៣៩ ម៉ែត្រ ទទឹង៣,៦២ ម៉ែត្រ និងកម្រាស់០,១២ម៉ែត្រ ក្នុងភូមិទួលគោក និងភូមិបាក់ទូក។

-ដាក់ប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រវែង១,៦៤១ម៉ែត្រ មុខកាត់០,៥ម៉ែត្រ ក្នុងភូមិទួលគោក ភូមិបាក់ទូក ភូមិចុងខ្សាច់ និងភូមិទួលសំពៅ សរុបចំនួន០៩ខ្សែ ដោយចំណាយថវិកាសរុបចំនួន៨២៨,៩៥៥,០០០ រៀល ប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍សង្កាត់ទួលសង្កែទី១ ឆ្នាំ២០១៩។

លោក ជា ពិសី ថ្លែងថា ការអភិវឌ្ឍរីកចម្រើនស្ទើរទូទាំងប្រទេស ក៏ព្រោះតែកម្ពុជាទទួលបាននូវសុខសន្តិភាព ពេញបរិបូរណ៍ ពោលបើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍដែរ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំនីមួយៗ សម្រាប់មូលដ្ឋានខណ្ឌឫស្សីកែវ ក៏មានការអភិវឌ្ឍស្ថាបនាផ្លូវបេតុង លូរំដោះទឹកខ្វាត់ខ្វែង ដោយប្រើប្រាស់កញ្ចប់ថវិការដ្ឋបាលសង្កាត់-ខណ្ឌ ដើម្បីបញ្ជៀសនូវរាល់ការលិចលង់ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ងាយស្រួល សម្រាប់បងប្អូនប្រជាពលរដ្ឋ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា លោក ជា ពិសី បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងឆ្អឹងដែក២ខ្សែ ផ្លូវបេតុងអាមេ២ខ្សែ ដាក់ប្រព័ន្ធលូ២ខ្សែ និងស្ដាលូ១ខ្សែទៀត ដើម្បីងាយស្រួលធ្វើដំណើរ និងរំដោះការលិចលង់ ជូនប្រជាពលរដ្ឋ រស់នៅភូមិក្រោលគោ និងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ បន្ទាប់ពីបើកការដ្ឋានស្ថាបនាផ្លូវបេតុងសរសៃដែក១ខ្សែ ផ្លូវបេតុងគ្មានសរសៃដែក២ខ្សែ និងប្រព័ន្ធលូ១ខ្សែទៀត ជូនប្រជាពលរដ្ឋ រស់នៅក្រុម៨ ក្រុម៤ និងក្រុម៥ ភូមិខ១ និងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ នៅព្រឹកថ្ងៃទី១២ ខែកញ្ញាថ្មីៗនេះ ដោយប្រើប្រាស់ថវិកាមូលនិធិសង្កាត់ឆ្នាំ២០១៩។

ជាមួយគ្នានេះ ប្រព័ន្ធលូចាស់១ខ្សែ ដែលរងការខូចខាតបណ្ដាលឲ្យមានការកកស្ទះ មិនអាចរំដោះរាល់ការលិចលង់ ដោយសារជំនន់ទឹកភ្លៀង សម្រាប់ប្រជាពលរដ្ឋរស់នៅសង្កាត់ច្រាំងចម្រេះទី១ ខណ្ឌឬស្សីកែវនោះ ក៏បានចាប់ផ្ដើមជួសជុលស្ដាឡើងវិញហើយដែរ និងបានទាំងការស្ថាបនាប្រព័ន្ធលូថ្មីបន្ថែម ១ខ្សែទៀត ដោយចំណាយថវិកាមូលនិធិសង្កាត់ឆ្នាំ២០១៩ ប្រមាណ២៣០,០៥៩,០០០រៀល (ជិត៦ម៉ឺនដុល្លារ) បើគិតត្រឹមព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ដែលជាសក្ខីភាពមួយបញ្ជាក់ឲ្យឃើញពីការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យទាំងអាគារខ្ពស់ៗ ស្ពាន ផ្លូវជាតិ ស្ពានអាកាស និងស្ពានឆ្លងទន្លេស្ទើរទូទាំងប្រទេស ដោយសារតែមានសន្តិភាពពេញលេញ បរិបូរណ៍ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ធ.ដ

ដោយៈ ហាស់ កំសាន្ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner