ឯកឧត្តម វង សូត អញ្ជើញជាអធិបតីក្នុងទិវាមនុស្សគ-ថ្លង់អន្តរជាតិ ឆ្នាំ២០១៩ និងពិធីប្រកាសដាក់ឱ្យអនុវត្ត “បទដ្ឋានបច្ចេកទេសហេដ្ឋារចនា សម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព’’
ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងទិវាមនុស្សគ-ថ្លង់អន្តរជាតិ ឆ្នាំ២០១៩ និងពិធីប្រកាសដាក់ឱ្យអនុវត្ត “បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព’’ ព្រមជាមួយពិធីប្រកាសសមាសភាពថ្មីនៃក្រុមប្រឹក្សាសកម្មភាពជនពិការ នៅទីស្តីការក្រសួង។
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍ថា ការប្រារព្ធទិវាមនុស្សគ-ថ្លង់ ឆ្នាំ២០១៩នេះ ជាការផ្តល់ឱកាសដើម្បីគាំទ្រ និងការពារអត្តសញ្ញាណភាសាសញ្ញា និងភាពចម្រុះនៃវប្បធម៌របស់អ្នកប្រើប្រាស់ភាសាសញ្ញាទាំងនៅព្រះរាជាណាចក្រកម្ពុជា និងនៅលើពិភពលោក។ ភាសាសញ្ញា គឺជាមធ្យោបាយដ៏សំខាន់សម្រាប់មនុស្សគ-ថ្លង់ ដើម្បីបង្ហាញពីខ្លួនឯង ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ និងចូលរួមក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយ។
ការប្រើប្រាស់ភាសាសញ្ញា ក៏មានសារសំខាន់ផងដែរ ក្នុងការធានាការទទួលបានព័ត៌មាន និងការទទួលបាននូវសេវាកម្មនានា រាប់បញ្ចូលទាំងក្នុងគ្រាមានអាសន្ន ដែលជាការបំពេញ នូវសិទ្ធិសម្រាប់មនុស្សថ្លង់ជាង៧០លាននាក់ នៅជុំវិញពិភពលោក។ ទន្ទឹមនឹងនេះ ឯកឧត្តមបន្តថាការដាក់ចេញនូវ «បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព»នេះ ពិតជាមានសារប្រយោជន៍ណាស់សម្រាប់វិស័យសំណង់ និងវិស័យពិការភាព។
ជាមួយគ្នានេះ ឯកឧត្តម វង សូត បានមានប្រសាសន៍ថា ការប្រារព្ធមនុស្សគ-ថ្លង់ លើកទី៧ និងពិធីប្រកាសផ្លូវការដាក់ឲ្យអនុវត្តន៍បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពនេះឡើង ក្នុងគោលបំណងជំរុញការយល់ដឹងអំពីទំនាក់ទំនងរវាងការងារមនុស្សគ-ថ្លង់និងការសម្របសម្រួលបរិដ្ឋានរូបវន្តសមស្រប ដែលមានរចនាបថជាទម្រង់សកលនិយាមកម្មកម្រិតជាតិ-អន្តរជាតិ អាចឲ្យជនមានពិការភាពទូទៅទាំងក្នុង និងក្រៅប្រទេស អាចប្រើប្រាស់បាន។
ឯកឧត្តមរដ្ឋមន្រ្តី បានលើឡើងទៀតថា ការដាក់ឲ្យប្រើប្រាស់បទដ្ឋានបច្ចេកទេសជាសមិទ្ធផលថ្មីបង្ហាញពីឆន្ទៈ និងការយកចិត្តទុកដាក់យ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយការគាំទ្រ និងលើកទឹកចិត្តដល់បងប្អូនមានពិការភាព សំដៅផ្តល់កាលានុវត្តភាព និងសិទ្ធអំណាចគ្រប់គ្រាន់ក្នុងការចូលរួមគ្រប់សកម្មភាពសង្គម រួមមាន៖ វិស័យអប់រំ ការងារ មុខរបរ ថែទាំសុខភាព នយោបាយ សិល្បៈ កីឡា និងសេវាសង្គមនានា ដោយស្មើភាព ស្មើសិទ្ធិ បរិយាប័ន្ន និងសេចក្តីថ្លៃថ្នូរ ក្នុងសង្គមមួយដែលគោរពសិទ្ធិមនុស្សជាមូលដ្ឋាន។
ដើម្បីបន្តជំរុញដល់ការអភិវឌ្ឍលើវិស័យពិការភាពឲ្យបានកាន់តែខ្លាំងក្លាថែមទៀតឯកឧត្តមរដ្ឋមន្រ្តី វង សូត បានស្នើឲ្យក្រសួងស្ថាប័នថ្នាក់ជាតិ ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍រួមគ្នាលើកស្ទួយសិទ្ធិជនពិការភាព តាមរយៈការកាត់បន្ថយអាកប្បកិរិយារើសអើងជនមានពិការភាព ជាពិសេសមនុស្សគ-ថ្លង់ ដើម្បីបញ្ជ្រាបពួកគេចូលក្នុងការអភិវឌ្ឍសង្គមប្រកបដោយស្មើភាព និងស្មើសិទ្ធិ។
ទន្ទឹមនឹងនេះ ត្រូវអនុវត្តន៍អនុសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តម្រូវឲ្យគ្រប់ទូរទស្សន៍រដ្ឋ និងឯកជនទាំងអស់ ដាក់បញ្ចូលការបកប្រែភាសាសញ្ញាក្នុងកម្មវិធីព័ត៌មាន ព្រឹត្តិការណ៍ទាន់ហេតុការណ៍ និងកម្មវិធីកម្សាន្តនានា។ ក្នុងន័យនេះ ឯកឧត្តម វង សូត បានស្នើឲ្យអ្នកបកប្រែប្រើភាសាសញ្ញា ត្រូវមានចំណេះដឹង និងជំនាញពិតប្រាកដផងដែរ៕ធ.ដ