អភិបាលរងខេត្តស្វាយរៀង៖ សាសនាទាំងអស់សុទ្ធតែបានអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នូវការជួញដូរមនុស្ស និងផលប៉ះពាល់ពីសកម្មភាពលេងល្បែងស៊ីសង ខុសច្បាប់
(ស្វាយរៀង) ៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា សាសនាទាំងអស់សុទ្ធតែបានអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នូវការជួញដូរមនុស្ស និងផលប៉ះពាល់ពីសកម្មភាពលេងល្បែងស៊ីសង ខុសច្បាប់ គ្រប់ប្រភេទដែលនាំឲ្យមានកើតឡើងនូវអំពើអសន្តិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ការថ្លែងបែបនេះរបស់ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ខណៈដែលលោកតំណាងអភិបាលខេត្តអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីសង្ឃនិងថ្នាក់ដឹកនាំសាសនាក្នុងខេត្តស្វាយរៀង នៅឯមន្ទីរធម្មការនិង សាសនាខេត្តនារសៀលថ្ងៃទី៥ខែតុលាឆ្នាំ២០២២។
ពិធីសំណេះសំណាលនេះបានការនិមន្តចូលរួម ពីព្រះវិមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធម៌គណខេត្ត តំណាងព្រះ វិសុទ្ធញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត ,លោកទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោក ម៉ែន អេង បានថ្លែងនូវការកោតសរសើរដល់មន្ទីរធម្មការនិងសាសនាខេត្ត ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសាសនាផ្សេងៗរួមមានព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ គ្រឹះសាសនា ឥស្លាមសាសនា សាសនាមហាយាន និងសាសនាបាហៃ ក្នុងខេត្តស្វាយរៀងធ្វើឲ្យបរិស័ទក្នុងខេត្តបានទទួលនូវអត្ថប្រយោជន៍ជាច្រើនពីសាសនាទាំងនោះ ។
បន្ថែមលើសពីនេះ លោក អភិបាលរងខេត្ត ម៉ែន អេង ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំសាសនាទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលុបបំបាត់អំពើជួញដូរមនុស្សតាមគ្រប់រូបភាពក៏ដូចជាការលុបបំបាត់ឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានបញ្ជាក់ពីគោលបំណងនៃការជួបជុំមេដឹកនាំសាសនានៅពេលនេះគឺ សំខាន់បំផុតដើម្បីឲ្យសាសនាទាំងអស់ក្នុងខេត្តស្វាយរៀងដែលរួមមានសាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ អ៊ីស្លាមសាសនា សាសនាបាហៃ និង មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនារួមគ្នាចូលរួមទប់ស្កាត់ការជួយដូរមនុស្សនិងចូលរួមលប់បំបាត់ចោល ឲ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងសហគមន៍តាមរយៈការអប់រំផ្សព្វផ្សាយរបស់សាសនានីមួយៗដែលមានទីតាំងក្រុងខេត្តស្វាយរៀង។
លោក ទីវ សុភា បានឱ្យដឹងថានៅក្នុងខេត្តស្វាយរៀងមានវត្តចំនួន ២៤៦វត្ត និងមានព្រះសង្ឃជាង ២០០០អង្គ រួមនឹងគ្រឹះសាសនា អ៊ីស្លាមសាសនា សាសនាមហាយាន និងសាសនាបាហៃ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំផ្សព្វផ្សាយដល់បរិស័ទរបស់ខ្លួនឲ្យប្រព្រឹត្តតែអំពើល្អក្នុងសង្គមក្រោមដំបូលច្បាប់តែមួយ នៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឆ្លៀសវៃប្រកបដោយគតិបណ្ឌិត របស់ សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ នុត នាង
