ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» ក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩»
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» ក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩» នាព្រឹកទី០៦ ខែតុលា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រហែល ៤០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតបរទេស តំណាងបេសកកម្មការទូតបរទេសនានា ប្រចាំកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅប្រទេសកម្ពុជាផងដែរ។
សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» ជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ នឹងពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច-សង្គម និងការស្តារកម្ពុជាក្រោយវិបត្តិជំងឺកូវីដ១៩ ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា ។
ក្នុងសន្និសីទនេះ នឹងមានការជជែកពិភាក្សាទៅលើប្រធានបទសំខាន់ៗមួយចំនួនដូចជា៖
ទី១៖ ការអភិវឌ្ឍដោយចរីភាពនៅក្នុងពិភពលោកដែលប្រេះស្រាំក្រោយវិបត្តិជំងឺកូវីដ១៩។ កិច្ចពិភាក្សាលើប្រធានបទទី១នេះ នឹងដឹកនាំសម្របសម្រួល ដោយឯកឧត្តម បណ្ឌិត កៅ គឹមហ៊ួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកកិច្ចការបរទេស និងអាស៊ាន និងមានវត្តមានចូលរួមពីគណៈវាគ្មិន លោកស្រីបណ្ឌិត ខារ៉ូលីន យូស្ស នៃសាកលវិទ្យាល័យណូត្រេដាម លោកសាស្ត្រាចារ្យ ប៊ឺត ហូហ្វមេន នៃសាកលវិទ្យាល័យជាតិសឹង្ហបុរី និងបណ្ឌិត វីង ធ្យេ វូ មកពីសាកលវិទ្យាល័យនៃរដ្ឋកាលីហ្វ័រញ៉ា និងវាគ្មិនដទៃទៀត។
ទី២៖ «តើកម្ពុជា អាចបន្តជោគជ័យយ៉ាងណាបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩?»។ ប្រធានបទទី២នេះ ជាកិច្ចពិភាក្សាដ៏លម្អិត លើភាពជោគជ័យសេដ្ឋកិច្ចរបស់កម្ពុជាមុន និងក្រោយកូវីដ១៩ ដោយមានវត្តមានចូលរួមពីលោកស្រី បណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិនៃវិទ្យស្ថាន CDRI រួមទាំងវត្តមានអ្នកជំនាញមកពី វិទ្យាស្ថានអប់រំឈានមុខជាច្រើនទៀត ដែលនឹងចែករំលែកគំនិតសំខាន់ៗ និងពិភាក្សាលើយុទ្ធសាស្ត្រនានា។
ទី៣៖ អាទិភាពសម្រាប់ការស្តារឡើងវិញ នូវគំរូអភិវឌ្ឍន៍របស់កម្ពុជា។ ប្រធានទី៣នេះ នឹងពិភាក្សាទៅលើអនាគតរបស់ប្រទេស ព្រមទាំងការផ្តោតសំខាន់ លើការងាកទៅរកការអភិវឌ្ឍប្រសើរជាងមុន។ ការពិភាក្សានេះ ផ្តោតលើការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ។
កិច្ចពិភាក្សានេះ នឹងបំភ្លឺមាគ៌ារបស់កម្ពុជា ដោយមានការសម្របសម្រួលពីឧកញ៉ា សុខ ពិសិដ្ឋ ប្រធានអគ្គនាយក និងសហស្ថាបនិក ជី ហ្គៀ គ្រុប (G Gear co. Ltd.) និងវត្តមានឯកឧត្តម បណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ៕ ដោយ :វណ្ណលុក