លោក ពូទីន សង្ឃឹមថា ស្ថានការណ៍នឹងមានស្ថិរភាពនៅតំបន់អ៊ុយក្រែន ដែលដាក់បញ្ចូលទៅក្នុងឧបសម្ព័ន្ធដោយវិមានក្រឹមឡាំង
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធទី៥ ខែតុលានេះថា លោករំពឹងថា ស្ថានការណ៍នឹងមានស្ថិរភាពនៅក្នុងតំបន់អ៊ុយក្រែន ដែលដាក់បញ្ចូលទៅក្នុងឧបសម្ព័ន្ធដោយវិមានក្រឹមឡាំង បន្ទាប់ពីទីក្រុងម៉ូស្គូបានទទួលរងការបរាជ័យផ្នែកយោធា និងបានបាត់បង់ទីក្រុងសំខាន់ៗជាច្រើនទៅក្នុងដណ្តប់ដៃអ៊ុយក្រែនវិញ។
លោក ពូទីន បានប្រាប់គ្រូបង្រៀនជនជាតិរុស្ស៊ី ក្នុងកំឡុងការថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ថា យើងកំពុងធ្វើការលើការសន្មត់ថា ស្ថានភាពនៅក្នុងទឹកដីថ្មីនឹងមានស្ថេរភាព។ ទន្ទឹមគ្នា លោក ពូទីន ក៏បានបញ្ជាឱ្យរដ្ឋាភិបាលរបស់គាត់ ចាប់យកការគ្រប់គ្រងលើរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី គឺ ហ្សាប៉ូរីសហ្ស៊ីយ៉ា ខណៈដែលប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi នឹងធ្វើដំណើរទៅកាន់ទីក្រុងកៀវ ដើម្បីពិគ្រោះយោបល់លើបញ្ហារោងចក្រនេះ។
សូមបញ្ជាក់ថា លោក ពូទីន នៅថ្ងៃពុធសប្តាហ៍នេះ បានចុះហត្ថលេខាលើច្បាប់ដាក់បញ្ចូលទឹកដីអ៊ុយក្រែនចំនួនបួនរបស់គាត់ រួមទាំង លូហាន់ ខណៈដែលសហភាពអឺរ៉ុបបានយល់ព្រមលើការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងទីក្រុងម៉ូស្គូជាការឆ្លើយតប។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូនឹងយកមកវិញនូវទឹកដីដែលខ្លួនបានបាត់បង់ទៅទីក្រុងកៀវ នៅក្នុងតំបន់ដែលបានដាក់បញ្ចូល ដោយប្តេជ្ញាថា តំបន់ទាំងនោះនឹងក្លាយជារបស់ជនជាតិរុស្ស៊ីជារៀងរហូត ហើយនឹងមិនត្រឡប់មកវិញទេ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា
