រាជរដ្ឋាភិបាល ចាត់ទុកសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីពិភាក្សាពីបញ្ហាសេដ្ឋកិច្ច-សង្គម និងការស្តារកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចាត់ទុកសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីពិភាក្សាពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច-សង្គម និងការស្តារកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩ ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម។ នេះជាការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ។
សម្ដេចតេជោ បានលើកឡើងថា សម្ដេចបានចូលរួមថ្លែងសុន្ទរកថាបើកសន្និសីទនេះជាច្រើនលើករួចមកហើយ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសន្និសីទនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់នៅកម្ពុជាដែលផ្តល់ឱកាសឱ្យយើងអាចពិនិត្យ និងពិភាក្សាអំពីសមិទ្ធផលដែលកម្ពុជាសម្រេចបាន បញ្ហាប្រឈមនិងទិសដៅអភិវឌ្ឍន៍ទៅមុខដើម្បីធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព ជាពិសេស ក្នុងបរិការណ៍ ដែលយើងត្រូវការគិតគូរឡើងវិញអំពីការអភិវឌ្ឍតាមគន្លងប្រក្រតីភាពថ្មី ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។
សម្ដេចបន្តថា ការសម្រេចបាននូវការងើបឡើងវិញ និងការឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ទាមទារឱ្យមានការដោះស្រាយបញ្ហាប្រឈម ដែលស្មុគស្មាញ និងមានចរិតលក្ខណៈសកលទាំងនេះ តាមរយៈការចូលរួមសហប្រតិបត្តិការ សាមគ្គីភាព និងការរួមគ្នាស្វែងរកដំណោះស្រាយ ។ ក្នុងស្មារតីនេះ ថ្វីត្បិតយើងមិនទាន់បើកកិច្ចពិភាក្សា និងមិនទាន់មានដំណោះស្រាយជាក់លាក់ ខ្ញុំសូមចូលរួមចែករំលែកថា ព្រះរាជាណាចក្រកម្ពុជាអាចអភិវឌ្ឍខ្លួនបានយ៉ាងលឿន និងគ្រប់គ្រងស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងកម្រិតមួយដ៏ល្អប្រសើរ តាមរយៈការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ និងទាន់ពេល ។
សូមជម្រាបថា សន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២ បានផ្តួចផ្តើមរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI), ក្រុមហ៊ុន ជី ហ្គៀ គ្រុប (G Gear Group), ក្រុមហ៊ុន ជីប ម៉ុង គ្រុប (Chip Mong Group) និងក្រសួងការបរទេស និងពាណិជ្ជកម្ម នៃប្រទេសអូស្ត្រាលី ៕ ដោយ វណ្ណលុក



