សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបក្សនយោបាយ សង្គមស៊ីវិល កុំយកការអន្តរាគមន៍គាំពារសង្គមរបស់រាជរដ្ឋាភិបាល ជាល្បែងទាញ យកសន្លឹកឆ្នោត ខណៈពលរដ្ឋប្រមាណ៦០ម៉ឺនគ្រួសារ អាចនឹងត្រូវ ទទួលបានប្រាក់ជំនួយសង្គម

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យបណ្តា បក្សនយោបាយ សង្គមស៊ីវិល កុំចាត់ទុកការអន្តរាគមន៍គាំពារសង្គម របស់រាជរដ្ឋាភិបាល គឺជាល្បែងទាញយកសន្លឹកឆ្នោតនៅឆ្នាំ២០២៣ ខណៈការដាក់ចេញនេះ គឺដើម្បី ជួយប្រជាពលរដ្ឋកុំឱ្យធ្លាក់ ក្នុងភាព ក្រីក្រប៉ុណ្ណោះ ស្របពេលដែលពលរដ្ឋប្រមាណ៦០ម៉ឺនគ្រួសារ អាចនឹងត្រូវទទួលបានប្រាក់ជំនួយសង្គម ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០២២ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីថ្ងៃទី៥តុលា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀប ចំនិង ដាក់ឱ្យដំណើរការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរង ហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលជាយន្ដការថ្មី នៃការផ្ដល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ។

សម្ដេច បន្តថា ប្រជាពលរដ្ឋ ដែលអាចទទួលបានការឧបត្ថម្ភសាច់ប្រាក់ ក្នុងអំឡុងពេលមាន សម្ពាធ អតិផរណាអាចមានប្រមាណ៦០ម៉ឺនគ្រួសារ ហើយស្មើនឹង ប្រមាណ២លាននាក់ ដែលពួកគាត់រងផល ប៉ះពាល់ចេញពី អតិផរណា ដែលរឿងនេះចាប់ផ្ដើមពីសង្រ្គាមរុស្ស៊ី វាយលុកចូល អ៊ុយក្រែន ហើយចាប់ផ្ដើម ពីទណ្ឌកម្មហួសកម្រិត ដែលធ្វើឱ្យ ពិភពលោក ជ្រួលច្របល់ទៅលើបញ្ហាអតិផរណានេះ។

សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាល មិនអាចទុកឱ្យ ប្រជាពលរដ្ឋ រងគ្រោះដោយសារតែអតិផរណានោះទេ ដូច្នេះជាភ័ព្ធ សំណាងដែលរាជរដ្ឋាភិបាលមានសល់ទុនក្នុងដៃមួយចំនួន ដើម្បី អន្តរាគមន៍ជួយប្រជាជនដែលរងផលប៉ះពាល់។

សម្តេច ក៏បានសំណូមពរដល់បណ្តាបក្សនយោបាយ ក៏ដូចជា សង្គមស៊ីវិល កុំចាត់ទុកការអនុវត្តន៍ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា នេះ ជារឿង ដើម្បីទាញយកសន្លឹកឆ្នោត ខណៈដែលការអនុវត្តន៍ គឺជួយ ប្រជាពលរដ្ឋកុំឱ្យធ្លាក់ក្នុងភាពក្រីក្រតែប៉ុណ្ណោះ។ សម្ដេចថា រដ្ឋត្រូវធ្វើអន្តរាគមន៍សាច់ប្រាក់តាមរយៈផ្តល់សាច់ប្រាក់ជូនពួកគាត់ បើតាមការប៉ាន់គឺមាន ប្រហាក់ប្រហែលជា៦០ម៉ឺនគ្រួសារ និង ប្រជាជនមិនតិចជាង២លាននាក់បន្ថែមទៀត ។

ដូច្នេះយើង ត្រូវរ៉ាប់រងទាំងបញ្ហាកូវីដ១៩ ត្រូវបន្តទាំងបញ្ហាការដាក់ ចេញនូវ យន្តការផ្តល់សាច់ប្រាក់ សម្រាប់ គាំពារ ប្រជាពលរដ្ឋ ឆ្លើយតប ជាមួយនឹងអតិផរណា គឺយើងទទួលបន្ទុកជួយចិញ្ចឹមប្រជាជន ជិត៥លាននាក់ មិនមែនជាការប៉ាវចិញ្ចឹមនោះទេ ក៏ប៉ុន្តែជាការប៉ះប៉ូវ ដើម្បីកុំឱ្យពួកគាត់ធ្លាក់ទៅក្រោមបន្ទាត់ភាពក្រីក្រ។ សម្ដេចបន្ថែមថា ស្ថានភាពនេះ ទាមទារឱ្យយើងមានការទទួលខុសត្រូវក្នុងការ តម្រង់ ទិស ក្នុងការប្រើប្រាស់នូវហិរញ្ញវត្ថុ ដែល យើងប្រមូលបានឱ្យ បានចំទិសដៅ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថា ក្រុមគ្រួសារទាំងអស់ ដែលគ្រប់លក្ខខណ្ឌទទួល គឺនឹងទទួលបានផលប្រយោជន៍ មិនមែនជាបញ្ហាលេងសើច សម្រាប់បញ្ហានយោបាយនោះទេ ក៏ប៉ុន្តែ គឺជាការទទួលខុសត្រូវធំណាស់ ចំពោះមុខប្រវត្តិសាស្ត្រ របស់ជាតិយើង ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner