ឯកឧត្តម ណុប ចាន់ណារិន្ទ បញ្ជាក់ថា ការអនុវត្តច្បាប់ ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាលបានល្អ គឺជាប្រសិទ្ធិភាព នៃការពង្រឹងនិតិរដ្ឋ

ក្រចេះ៖ ក្នុងអំឡុងចុះបំពេញការងារនៅខេត្តក្រចេះ លើវិស័យអធិការកិច្ច ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការធិការ និងជាអ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ( ទ រ ព អ ) បានលើកឡើងថា៖ ការពង្រឹងនិតិរដ្ឋ មិនមែនយើង​មានតែទ្រឹស្តីនោះទេ ជោគជ័យរបស់វា គឺស្ថិតលើប្រសិទ្ធិភាព នៃការអនុត្តជាក់ស្តែង ចំទិសដៅ តាមច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានា និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញឲ្យអនុវត្តន៍ ពិសេសកម្មវិធីនយោបាយ ផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិជូនប្រជាពលរដ្ឋ ដែលជាគោលដៅ នៃការធានាការដឹកនាំគ្រប់គ្រងរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ ក្នុងនោះការអនុវត្តច្បាប់ ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជាររបស់ប្រមុខ​រាជរដ្ឋាភិបាលបានល្អ គឺជាប្រសិទ្ធិភាព នៃការពង្រឹងនិតិរដ្ឋ ។

  ឯកឧត្តម ណុប ចាន់ណារិន្ទ បានបន្តថា ក្រសួង ទ រ ព អ មានតួនាទីធ្វើជាសេនាធិការ​ឲ្យរាជរដ្ឋាភិបាល ប្រៀបដូចជាកញ្ចក់ឆ្លុះបញ្ចាំងពីសកម្មភាពអនុវត្តន៍ជាក់ស្តែង​របស់ស្ថាប័ន​ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏ដូចជាផ្នែកមិនមែនរដ្ឋ តាមរយៈការចុះ​ធ្វើអធិការកិច្ច​លើគ្រប់វិស័យ ក្នុងគោលដៅពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់​និងប្រឆាំងអំពើពុករលួយ ការរំលោភដោយ​អំណាច និងបាតុភាពអសកម្មនានា​នៅក្នុងជួររដ្ឋបាលសាធារណៈ ដើម្បីធានាការប្រើប្រាស់​ប្រកបដោយប្រសិទ្ធិភាពនៃថវិកា និងទ្រព្យសម្បត្តិរដ្ឋ ការពារសុវត្ថិភាពសាធារណៈ និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋ ។

  សូមបញ្ជាក់ថា៖យោងតាមលិខិតបេសកកម្ម ដែលប្រតិភូចុះបំពេញការងារ​ខេត្តក្រចេះ​នាពេលនេះ គឺអនុវត្តន៍តាមផែនការសកម្មភាពការងារ ពិសេសការចង្អុលណែនាំពី ​លោកជំទាវ​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយផ្តោតតាមកម្មវត្ថុពីរជាសំខាន់៖ ១-ត្រួតពិនិត្យ ឬធ្វើអធិការកិច្ច លើសេវាសាធារណៈ ព្រោះគុណភាពសេវាសាធារណៈ គឺជាប្រសិទ្ធិភាព នៃការបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ ។ ទី២-ត្រួតពិនិត្យកិច្ចលទ្ធិកម្មនៅក្នុងជួរ​រដ្ឋបាល ដើម្បីលើកកំពស់ការគ្រប់គ្រងទ្រព្យសម្បតិ្តរដ្ឋ ប្រកបដោយប្រសិទ្ធភាពនៃថវិកា  ។

  ឯកឧត្តម ណុប ចាន់ណារិន្ទ ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការអរគុណចំពោះរដ្ឋបាលខេត្តក្រចេះ ដែលបានផ្តល់កិច្ចសហការឲ្យមានការ​ចូលរួម​ពី​គ្រប់វិស័យចំណុះឲ្យរដ្ឋបាលខេត្ត ដើម្បីប្រសិទ្ធិភាពការងារជូនរាជរដ្ឋាភិបាល និងកាន់តែផ្តល់ជំនឿទុកចិត្តពីប្រជាជន ។

  ឯកឧត្តម បានបញ្ជាក់ជូនមន្ត្រីគ្រប់ផ្នែកទៀតថា៖ ក្រសួងទ រ ព អ មានភារកិច្ចអប់រំ បង្ការ ទប់ស្កាត់ និងកែលំអកំហុសខុសឆ្គង ដែលក្រសួង ស្ថាប័ន អង្គភាព ថ្នាក់ជាតិ និងថ្នាក់ក្រោម​ជាតិ បានអនុវត្តន៍កន្លងមក ដើម្បីកែលំអ ជំរុញលើកកំពស់អភិបាលកិច្ចល្អ ដែលជាស្នូល​នៃយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល និងការចូលរួមឲ្យបានប្រសិទ្ធិភាព​តាមអភិក្រមទាំង៥របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner