កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងថែមទៀត បន្ទាប់ពីអ.ស.ប បើក កិច្ចប្រជុំ និងសមយុទ្ធរបស់អាមេរិក

ព្យុងយ៉ាង៖កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈ ចម្ងាយខ្លី ចំនួនពីរ គ្រាប់ ចូលក្នុងសមុទ្រសំដៅទៅជប៉ុន នៅថ្ងៃព្រហស្បតិ៍ ទី៦ខែតុលានេះបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងការធ្វើសមយុទ្ធយោធាក្នុងតំបន់របស់អាមេរិក។ នេះបើ តាមការរាយការណ៍របស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង និងរដ្ឋាភិបាលជប៉ុន។

នេះគឺជាការបាញ់មីស៊ីលលើកទី៦របស់កូរ៉េខាងជើងក្នុងរយៈពេលត្រឹម១២ថ្ងៃនិងជាការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីលើកដំបូងចាប់តាំងពីប្រទេសនេះបាញ់មីស៊ីលរយៈចម្ងាយមធ្យម(IRBM)រំលងប្រទេសជប៉ុនកាលពីថ្ងៃអង្គារដែលជំរុញឱ្យមានសមយុទ្ធរួមគ្នាដោយប្រើគ្រាប់ពិតរវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកដើម្បីឆ្លើយតប នឹងសកម្មភាពរបស់ក្រុងព្យុងយ៉ាង។

លោកនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishidaបានថ្លែងប្រាប់ អ្នកយកព័ត៌មានក្រោយមានសេចក្ដីរាយការណ៍ចុងក្រោយថា៖«សកម្មភាពនេះពិតជាមិនអាចអត់ឱនបាន»។នេះបើតាមការស្រង់សម្ដី របស់ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះ ធ្វើឡើងប្រហែលមួយម៉ោងប៉ុណ្ណេះ បន្ទាប់ពីកូរ៉េខាងជើងថ្កោលទោសសហរដ្ឋអាមេរិក ជុំវិញការប្រាប់ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ចំពោះអ្វីដែលខ្លួនហៅថាជា វិធានការឆ្លើយតបរបស់កូរ៉េខាងជើងដាក់សមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង-អាមេរិក។

លើសពីនេះ សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសកូរ៉េខាងជើង ក៏បានថ្កោលទោសទីក្រុងវ៉ាស៊ីនតោនចំពោះការពង្រាយឡើងវិញនូវនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក នៅលើឆ្នេរឧបទ្វីបកូរ៉េ ដោយ អះអាងថាវាបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃស្ថានការណ៍បច្ចុប្បន្ន។

កាលពីយប់ថ្ងៃពុធ សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាដឹក យន្តហោះ ចម្បាំង USS Ronald Reagan និងនាវាចម្បាំង អមដំណើរឡើងវិញភ្លាមៗ ដើម្បីជាការឆ្លើយតបទៅនឹង ការបាញ់ បង្ហោះ IRBM របស់កូរ៉េខាងជើងរំលងជប៉ុន។

ជុំវិញបញ្ហានេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសរបស់លោកនឹងធានា សន្តិសុខ របស់ខ្លួន តាមរយៈសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក និងកិច្ច សហប្រតិបត្តិការជាមួយជប៉ុន។ បន្ថែមពីលើនេះ ក្រុមប្រឹក្សា សន្តិសុខជាតិ របស់លោក Yoon បានព្រមានថា កូរ៉េខាងជើងនឹង ប្រឈមមុខនឹងការឆ្លើយតបយ៉ាងខ្លាំងក្លាពីអន្តរជាតិ ជុំវិញការសាក ល្បងមីស៊ីលរបស់ខ្លួន។

ជាមួយគ្នានេះផងដែរ ខណៈដែលភាពតានតឹងក្នុងតំបន់ បន្ត កើនឡើង សហរដ្ឋអាមេរិកបានចោទប្រកាន់ចិន និងរុស្ស៊ីកាល ពីថ្ងៃពុធថា បានបើកដៃឱ្យមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្វើសកម្មភាពរបស់ខ្លួន ដោយប្រទេសទាំង២រារាំងការពង្រឹងការដាក់ ទណ្ឌកម្មបន្ថែមលើទីក្រុងព្យុងយ៉ាង ពីក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងការបាញ់សាកល្បងមីស៊ីលផ្លោង៕
ដោយ៖ហួន ឌីណា

ប្រភព៖ North Korea fires ballistic missiles after condemning UN meeting, US drills

ads banner