លោកស្រី ទ្រី សុថាវី៖ ការហ្វឹកហាត់នៅចិន ជំហានដំបូងអាចជួបបញ្ហាប្រឈមខ្លះៗ បញ្ហាអាកាសធាតុ និងភាសា តែអត្តពលិកបន្សាំខ្លួនបានល្អបណ្តើរៗហើយ
ភ្នំពេញ៖ លោកស្រី ទ្រី ថាវី គ្រូបង្វឹកកីឡាលើកទម្ងន់កម្ពុជា បានថ្លែងបញ្ជាក់តាមបណ្តាញសង្គមតេក្រាមពីទីក្រុងគួនមីង ប្រទេសចិនថា កីឡាករ កីឡាការិនីលើកទម្ងន់ ហ្វឹកហាត់នៅប្រទេសចិន ជំហានដំបូងអាចជួបបញ្ហាប្រឈមខ្លះៗ បញ្ហាអាកាសធាតុ និងភាសា តែអត្តពលិកបន្សាំខ្លួនបានល្អបណ្តើរៗហើយ ក្រោយបានហ្វឹកហាត់រយៈពេលជិត២សប្តាហ៍។
គ្រូបង្វឹកជាស្រ្តីរូបនេះ បន្ថែមថា ចំពោះសិទ្ធផលនៅមិនទាន់វាយតម្លៃបានទេ ពីព្រោះកាហ្វឹកហាត់នៅចិនមានរយៈពេលខ្លី តែបើប្រៀបធៀបសម្ភារៈ នៃការហ្វឹកហាត់គឺវាត្រូវនឹងស្តង់ដារ ជាពិសេសគឺមានគ្រូជំនាញច្បាស់លាស់ ផែនការហ្វឹកហាត់ត្រឹមត្រូវ ការផ្ដល់ជូននូវបច្ចេកទេសថ្មីៗ គឺវាស្របទៅតាមនិយាមបច្ចេកទេសអន្តរជាតិ អាចខុសពីកម្ពុជាបន្តិចបន្តួចដែរ។ ប៉ុន្តែចំពោះកីឡាករ កីឡាការិនីវិញ គឺឆាប់ចាប់បាននូវអ្វីដែលទទួលបានពីគ្រូជំនាញចិន ដោយសារកាហ្វឹកហាត់ដំបូងនេះ គឺចាប់ផ្ដើមធ្វើការតេស្តបច្ចេកទេស សមត្ថភាព និងកាយសម្បទា ដើម្បគ្រូដាក់ផែនការអោយស្របតាមកម្លាំងពួកគាត់ងាយស្រួលបង្កើនកម្មវិធីហ្វឹកហាត់។ លោកស្រី ទ្រី សុថាវី បានដាក់ក្តីរំពឹងថា ការហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិន គឺនឹងអាចមានលទ្ធផលល្អ នៅ Sea Games ឆ្នាំ២០២៣ ពីព្រោះកីឡាករ កីឡាការិនីសិតសឹងមានឆន្ទៈខ្ពស់ ក្នុងការហ្វឹកហាត់ដោយមួយថ្ងៃៗគ្រូជំនាញចិនបានបន្ថែមគីឡូ និងបង្ហាញរបៀបលើក។
គួររម្លឹកថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្រោមមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនចិន ដល់ក្រុមជម្រើសជាតិកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន Camsoc បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកជម្រើសជាតិកម្ពុជាសរុប១៦១នាក់ លើ១២ប្រភេទកីឡា បានចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋរយៈពេល៦ខែ រហូតដល់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។ យ៉ាងណា ក្រោយបញ្ចប់បេសកកម្មសម្រាប់ស៊ីហ្គេម បើសិនគ្មានការប្រែប្រួលនោះទេ អត្តពលិកជម្រើសជាតិកម្ពុជានឹងត្រឡប់ទៅហាត់ នៅចិនបន្ដទៀត រហូតចប់កិច្ចព្រមព្រៀងរយៈពេល២ឆ្នាំ។ ក្នុងនោះក៏មានគ្រូបង្វឹក និងអត្តពលិកកីឡាលើកទម្ងន់ សរុប១០នាក់ផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ បានត្រៀម១៤វិញ្ញាសា ផ្នែកបុរស៧វិញ្ញាសា និងផ្នែកនារី៧វិញ្ញា ធ្វើការប្រកួតប្រជែងជាមួយក្តីរំពឹងមេដាយមាសមួយគ្រឿង តាមសន្ទសន៍ដែល Camsoc ដាក់ជូន៕ ចាន់ វិចិត្រ


