លោក ចូបៃដិន៖ ពិភពលោកនឹងប្រឈមចំពោះជម្លោះ នុយក្លេអ៊ែរ ដ៏មហន្តរាយ បើសិន លោក ពូទីន ប្រើនុយក្លេអ៊ែរតាកទិក ដើម្បីយក ឈ្នះអ៊ុយក្រែន

អាមេរិក៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាន ព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី ៦ ខែតុលាថា ពិភពលោក នឹង ប្រឈម មុខនឹងជម្លោះនុយក្លេអ៊ែរដ៏មហន្តរាយ បើសិនមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ប្រើនុយក្លេអ៊ែរតាកទិកក្នុងសង្រ្គាមឈ្លាន ពានរបស់ខ្លួន ដើម្បីយកឈ្នះអ៊ុយក្រែន។

លោក បៃដិន ព្រមានធ្ងន់ៗយ៉ាងដូច្នេះ ក្នុងកម្មវិធីរៃអង្គាសថវិការបស់ គណបក្សប្រជាធិបតេយ្យនៅទីក្រុងញូវយ៉កថា៖ «យើងស្ថិតក្រោម ហានិភ័យនៃជម្លោះនុយក្លេអ៊ែរដ៏មហន្តរាយ ចាប់តាំងពីលោក [អតីត ប្រធានាធិបតី ចន អេហ្វ] កេណេឌី និងវិបត្តិមីស៊ីលគុយបា»។

លោកបន្តថា៖ «វាជាលើកដំបូងចាប់តាំងពីវិបត្តិមីស៊ីលគុយបា ដែល យើងមានការគំរាមកំហែងដោយផ្ទាល់ពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើអ្វីៗនៅតែបន្តលើគន្លងរបស់វា»។

លោកថ្លែងបែបនេះ ដោយសំដៅលើការគំរាមរបស់រុស្ស៊ី ក្រោយ លោក ពូទីន ព្រមានថា រុស្ស៊ីនឹងប្រើអាវុធទាំងអស់ដែលខ្លួនមាន រួមទាំងនុយក្លេអ៊ែរ ដើម្បីយកឈ្នះអ៊ុយក្រែន ដែលហាក់មាន ប្រៀប ខ្លាំងក្នុងការដណ្ដើមយកទឹកដីរបស់ខ្លួនពីកងទ័ពឈ្លានពានរុស្ស៊ីមកវិញ។ អ្នកវិភាគយល់ថា រុស្ស៊ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរតាកទិក ដើម្បីវាយប្រហារ ប៉ុន្តែលោក បៃដិន នៅតែមើលឃើញថា ប្រសិន បើស្ថានការណ៍វិវត្តទៅយ៉ាងដូច្នេះមែន នោះជម្លោះនឹងផ្ទុះឡើងកាន់ តែធំ។
លោក បៃដិន អះអាងដោយសំដៅលើលោកពូទីនថា៖ «យើងមាន បុរសម្នាក់ ដែលខ្ញុំស្គាល់យ៉ាងច្បាស់»។ លោកបន្តថា៖ «[ពូទីន] មិននិយាយលេងទេ នៅពេលដែលលោកអះអាងអំពីការប្រើប្រាស់ អាវុធនុយក្លេអ៊ែរតាកទិក ឬអាវុធជីវសាស្ត្រ ឬគីមី ព្រោះយោធា របស់ លោកធ្វើការអន់ខ្លាំង»។

ប្រធានាធិបតីដដែលគូសបញ្ជាក់ថា ប្រសិនបើលោក ពូទីន ធ្វើ ដូច្នេះមែន នោះជម្លោះនុយក្លេអ៊ែរដ៏មហន្តរាយ នឹងផ្ទុះឡើង។ លោកបន្ថែមថា៖ «យើងកំពុងព្យាយាមយល់ពីអ្វីដែលជាផ្លូវចេញ របស់លោក ពូទីន។ តើលោករកផ្លូវចេញនៅឯណា? តើលោកអាច ទៅតាមផ្លូវណាបាន ដែលលោកខ្លួនឯងផ្ទាល់មិនបាក់មុខ ហើយរុស្ស៊ី ក៏មិនបាត់អំណាច?»។

គួរកត់សម្គាល់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកជឿថា លោក ពូទីន បានមើលឃើញពីការបរាជ័យដ៏ធំនៅអ៊ុយក្រែន ដែល គំរាមកំហែងដល់របបគ្រប់គ្រងរបស់លោក និងរុស្ស៊ី ដែលអាចឱ្យ លោកប្រើប្រាស់អាវុធនុយក្លេអ៊ែរ ហើយមើលឃើញវាថា ជាការត្រឹម ត្រូវ។

ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ត្រូវបានលោក ពូទីន លើកយកមក គំរាមនៅពេលលោកប្រកាសពីការកេណ្ឌទ័ពបី សែននាក់ ដើម្បីទៅ ច្បាំងនៅអ៊ុយក្រែន ដែលធ្វើប្រតិបត្តិការវាយបករុស្ស៊ីយ៉ាងដំណំ ក្រោមជំនួយអាវុធទំនើបៗពីលោកខាងលិច។
ទោះបីជាយ៉ាងនេះក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ អះអាងកាលពីដើមសប្ដាហ៍នេះថា រុស្ស៊ីនឹងរក្សាតុល្យភាព លើការប្រើប្រាស់អាវុធរបស់ខ្លួន បន្ទាប់ពីមានការអំពាវនាវ ពី សម្ព័ន្ធមិត្ត របស់លោក ពូទីន កុំឱ្យប្រើនុយក្លេអ៊ែរនៅអ៊ុយក្រែន។

លោក ប៉េស្កូវ បានគូសបញ្ជាក់កាលពីថ្ងៃចន្ទថា មូលដ្ឋានសម្រាប់ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយត្រូវបានកំណត់នៅក្នុងគោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី។ គោលការណ៍ណែនាំទាំងនោះ អនុញ្ញាត ឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើអាវុធប្រល័យលោកត្រូវ បានប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ី ឬប្រសិនបើរដ្ឋរុស្ស៊ី ប្រឈមមុខ នឹងការគំរាមកំហែងដែលមានស្រាប់ពីអាវុធធម្មតា។
តាមរយៈនេះ រុស្ស៊ីនឹងអាចយកលេស ប្រើអាវុធនុយក្លេអ៊ែរ ដើម្បី ការពារ ទឹកដី ដែលខ្លួនទើបកាត់ចេញពីអ៊ុយក្រែនដោយ ខុសច្បាប់ ថ្មីៗនេះ។ ប៉ុន្តែសហរដ្ឋអាមេរិកព្រមានថា ប្រសិនបើរុស្ស៊ីហ៊ានធ្វើ ដូច្នេះមែន ប្រទេសនេះនឹងជួបនូវផលវិបាកដ៏មហន្តររាយ ដែលជា ការឆ្លើយតបរបស់ខ្លួន និងសម្ព័ន្ធមិត្ត៕
ដោយ៖ហួន ឌីណា
ប្រភព៖ Nuclear ‘Armageddon’ threat back for first time since Cold War: Biden

ads banner