សហគមន៍ក្នុងតំបន់អាទិភាពនៃគម្រោងទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ រំពឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើន

ភ្នំពេញ៖គម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ ខ្នាតតូច គឺជាគម្រោងរបស់ក្រសួងបរិស្ថានដែលគ្រោងនឹងធ្វើឡើងលើផ្ទៃដីទំហំ ១០ហិកតា នៅលើតំបន់ការពារធម្មជាតិ និងរបៀងអភិរក្ស ជីវៈចម្រុះ។ ការលេចរូបរាងឡើងនៃគម្រោងមួយនេះ ជាការផ្ដោត សំខាន់លើការលើកស្ទួយជីវភាពប្រជាសហគមន៍និងការរក្សាឱ្យបាននូវធនធានធម្មជាតិនៅតាមតំបន់សហគមន៍អេកូទេសចរណ៍។

ជាការឆ្លើយតបទៅនឹងគម្រោងខាងលើ ក្រសួងបានជ្រើសរើសតំបន់ អេកូទេសចរណ៍អាទិភាពថ្នាក់ជាតិចំនួនប្រាំមួយ ចេញពីតំបន់ ការពារ ធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដើម្បីអនុវត្តន៍គម្រោង «ទេសចរណ៍ ផ្សារភ្ជាប់ធម្មជាតិ»។

ក្នុងនោះសហគមន៍ចំនួនពីរទីតាំងខុសគ្នាដែលស្ថិតក្រោមគម្រោងបានបង្ហាញនូវការសាទរនិងដាក់ក្តីរំពឹងខ្ពស់លើការទទួលបានភ្ញៀវទេសចរបន្ថែមទៀត។

សហគមន៍ព្រៃធំអន្លង់ធំ ដែលស្ថិតនៅក្នុងតំបន់ឧទ្យាន ជាតិ ព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែននៃខេត្តសៀមរាបជាសហគមន៍មួយ ដែលមានប្រាសាទបុរាណនិងព្រៃភ្នំជាចំណុចទាក់ទាញទេសចរនិងដែលទទួលបានភ្ញៀវច្រើនសន្ធឹកកាលពីអំឡុងពេលផ្ទុះការរាលដាលជំងឺកូវីដ១៩។ រីឯមូលហេតុចម្បងនោះក៏ដោយសារតែ កាលណោះ មនុស្សទទួលបម្រាមលើការប្រមូលផ្ដុំគ្នា ដូច្នេះហើយពួកគេមិន អាច ធ្វើដំណើរទៅកម្សាន្ដទៅតាមរមណីយដ្ឋានដូចមុនឡើយ។ផ្អែកលើ ហេតុផលនេះបានទាញទំនោរ ប្រជាជនឱ្យងាកទៅដើរកម្សាន្ដតាមព្រៃភ្នំវិញម្ដង។

លោក ធី ថេន អនុប្រធានភូមិ និងជាគណៈកម្មការសហគមន៍ព្រៃ ធំ អន្លង់ធំ បានឱ្យដឹងថា៖ «ក្នុងរដូវបុណ្យទាន សហគមន៍អេកូ ទេសចរណ៍ យើងអាចទទួលបានភ្ញៀវរហូតទៅដល់ពីរ ពាន់នាក់ ឯណោះ នោះក៏ដោយសារតែសហគមន៍យើងមានភាព ទាក់ទាញ ច្រើន»។លោកបន្តថា៖ «ដោយសារតែចំណូលពីការចូលមក ទស្សនា នៃទេសចរក្នុងស្រុកនេះ បានជួយឱ្យជីវភាពប្រជាសហគមន៍ ប្រមាណ ជាង ១០០គ្រួសារ ប្រែក្លាយទៅជាធូធារជាង មុនច្រើន។ម្យ៉ាងទៀតពេលនេះ សឹងតែមិនមានប្រជាជនណាកាប់ព្រៃ បរបាញ់ សត្វទៀតទេ»។

កាន់តែគួរជាទីសាទរទៀតនោះតំបន់របស់លោកត្រូវបានជ្រើសរើសជាតំបន់អាទិភាពក្នុងការអនុវត្តគម្រោងទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិហើយតាមរយៈឱកាសដ៏កម្រមួយនេះលោករំពឹងថាជីវភាពអ្នករស់នៅក្នុងសហគមន៍នឹងកាន់តែស្គាល់ភាពប្រសើរថែមទៀត កើតចេញ ពីកំណើនភ្ញៀវទេសចរ។

ចំណែកសហគមន៍អេកូទេសចរណ៍ បឹងលំកុដនៅខេត្តរតនគិរី ឯណោះ វិញ ជាសហគមន៍ដែលបង្កប់នូវសម្រស់ធម្មជាតិ តាមរយៈ ទឹក បឹងថ្លាយង់ជាចំណុចទាក់ទាញ នៅជុំវិញបឹងមានដើមឈើ ធំៗដុះព័ទ្ធខ្ពស់ស្រឡះ បង្កើតបានជាម្លប់ត្រឈឹងត្រឈៃ ដល់ ភ្ញៀវទេសចរសម្រាកលំហែ។ សហគមន៍នេះមានប្រជាជនជាង ៩០០គ្រួសារ ដែលអាចរកចំណូលបានពី ៤០ ទៅ៥០លានរៀល ក្នុងមួយឆ្នាំ ដែលស្មើនឹងចំនួនភ្ញៀវជាមធ្យម ៦ ទៅ៧ម៉ឺន នាក់ ក្នុងមួយឆ្នាំ។

លោក ប៊ួលី មី ដែលជាប្រធានសហគមន៍បឹងលំកុដបានបញ្ជាក់ថា ដោយសារតែចំណូលនេះហើយ បានធ្វើឱ្យតំបន់នេះមាន ការអភិវឌ្ឍ ច្រើន ប្រជាជនក៏មិនសូវលំបាកធ្វើស្រែចម្ការ និងអាស្រ័យផល ធនធាន ធម្មជាតិដូចមុន។

លោក ប៊ួលី មី បន្ថែមថា៖ «ជាការល្អណាស់ក្រោយដឹងថាតំបន់ខ្ញុំ បាន ក្លាយជាតំបន់អាទិភាព ព្រោះថាយើងអាចនឹងមានដៃគូអភិវឌ្ឍន៍ បន្ថែមនិងមានការសហការគ្នាក្នុងការគ្រប់គ្រងនៅក្នុងតំបន់…ហើយដរាបណាមានដៃគូ មានការសហការគ្នា យើងអាចជួយគ្នាក្នុងការ ផ្សព្វផ្សាយ ទៅខាងក្រៅឱ្យកាន់តែច្រើនជាងមុន នឹងមានភ្ញៀវមក លេងច្រើនជាងនេះ»។

គួរបញ្ជាក់ថា តំបន់អាទិភាពដែលក្រសួងបានកំណត់ សម្រាប់ អនុវត្តន៍គម្រោង «ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ» រួមមាន៖ តំបន់អេកូទេសចរណ៍នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» តំបន់អេកូទេសចរណ៍ទេសភាពជួរភ្នំក្រវាញ តំបន់ អេកូទេសចរណ៍ឆ្នេរ តំបន់អេកូទេសចរណ៍ឋាបនីយជីវៈ មណ្ឌល បឹងទន្លេសាប តំបន់អេកូទេសចរណ៍ព្រៃឡង់ តំបន់អេកូទេសចរណ៍ ភូមិភាគឦសាន។ គម្រោងនេះផងដែរ ត្រូវបានក្រសួងបរិស្ថាន ប្រកាស ផ្សព្វផ្សាយគោលការណ៍ណែនាំក្នុងការអនុវត្ត កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២កន្លងទៅ៕
ដោយ៖ កែវ បុស្បា

ads banner