ឃាត់ខ្លួនជនសង្ស័យពីរនាក់ ករណីលួចម៉ូតូ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីរូបគេនាំគ្នាធ្វើសកម្មភាពលួចយកម៉ូតូ ប៉ុន្តែមិនបានសម្រេច កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថន ប៊ុនរ៉ាក់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) និងឈ្មោះ សេង សូវៀត  ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន)។

ចំណែកម្ចាស់ម៉ូតូឈ្មោះ ជៀវ សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវលំ  ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ចដកហូតបានមកវិញ ម៉ូតូម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1HU-1332 និងកន្ទៃ្រចុងស្រួចចំនួន០១ផងដែរ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទុកម៉ូតូរបស់ខ្លួន នៅចំណុចកើតហេតុខាងលើ រួចដើរចូលទៅក្នុងបន្ទប់ជួលរបស់ខ្លួន។ ស្រាប់តែមានជនសង្ស័យពីរនាក់ ដើរមកដល់ចំណុចកើតហេតុ បានឃើញម៉ូតូរបស់ជនរងគ្រោះ ទុកនៅលើចិញ្ចើមផ្លូវ ដោយមានសភាពស្ងាត់ ជនសង្ស័យឈ្មោះ ថន ប៊ុនរ៉ាក់ បានយកកន្ត្រៃចុងស្រួចកាត់ខ្សែភ្លើងកុងតាក់ម៉ូតូ រួចបណ្តើរចេញ តែត្រូវជនរងគ្រោះចេញពីបន្ទប់ជួល ឃើញជនសង្ស័យកំពុងបណ្តើរម៉ូតូ ក៏ស្រែកថាចោរៗ ហើយត្រូវបានអ្នកនៅជិតកន្លែងកើតហេតុ នាំគ្នាចាប់បានជនសង្ស័យទាំងពីរនាក់តែម្តង។

កម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការល្បាតដល់ចំណុចកើតហេតុខាងលើ ឃើញហេតុការណ៍ធ្វើការឃាត់នាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner