ផ្ទះប្រជាពលរដ្ឋ១១ខ្នងត្រូវអគ្គិភ័យឆាបឆេះ បណ្ដាលឲ្យមនុស្សពីរនាក់បានស្លាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន១១ខ្នង បណ្ដាលឲ្យក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ ឆេះស្លាប់ យ៉ាងអាណោចអាធ័ម និងបុរសជាឪពុកត្រូវភ្លើងឆេះរបួសធ្ងន់ ហើយបានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍គ្រោះអគ្គិភ័យដ៏រន្ធត់នេះ បានកើតឡើងកាលពីម៉ោង១១និង៥០នាទីថ្ងៃត្រង់ថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្រុម៦ ភូមិ (ឃ) សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ។ ម្ចាស់ផ្ទះរងគ្រោះដែលស្លាប់ឈ្មោះ លី លិប អាយុ៧៦ឆ្នាំ និងកូនប្រុសដែលមានសតិមិនគ្រប់ស្លាប់នៅក្នុងភ្លើងនោះឈ្មោះ សៃ ហ៊ូឡោះ អាយុ១១ឆ្នាំ និងម្តាយរបួសធ្ងន់ អ្នកទាំងអស់គ្នាស្នាក់នៅកន្លែងកើតហេតុខាងលើ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុដែលបណ្តាលឱ្យឆាបឆេះផ្ទះនោះ ផ្តើមចេញមកពីកូនប្រុសម្ចាស់ផ្ទះម្នាក់ សង្ស័យញៀនថ្នាំដល់កម្រិតសុំលុយឪពុកម្តាយទិញថ្នាំញៀនជក់មិនបាន ក៏ឈ្លោះគ្នាឡូឡាផ្អើលពេញភូមិ។ ក្រោយមកស្រាប់តែមានអគ្គិភ័យកើតឡើងចេញពីផ្ទះកើតហេតុមុនគេ ហើយក៏រាលដាលដល់ផ្ទះអ្នកជិតខាងតែម្តង។

តាមប្រភពបន្តថា ភ្លាមៗអ្នកជិតខាងបាននាំគ្នាយកទុយោបាញ់ទឹក និងបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ប៉ុន្តែមិនអាចជួយបានរហូតឆេះខ្លាំងឡើង និងបានរាយការណ៍សមត្ថកិច្ចមូលដ្ឋានចេញរថយន្តជាច្រើនគ្រឿងមកជួយអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់ទាំងស្រុងនៅវម៉ោង១២និង៤៥នាទីរសៀលថ្ងៃដដែល។ សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យនេះ អាជ្ញាធរមានសមត្ថកិច្ចបានប្រើប្រាសរថយន្តពន្លត់អគ្គិភ័យចំនួន២៧គ្រឿង បាញ់ពន្លត់អស់រយៈពេលមួយម៉ោងទើបរលត់ជាស្ថាពរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner