ជិះម៉ូតូបុកគូទរថយន្តឈប់ស្តុបផ្ទុះហិង្សាដាក់គ្នា នៅខណ្ឌទួលគោក
ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូជ្រុលចង្កូតទៅបុកគូទរថយន្តមួយគ្រឿង បើកបរដោយបុរសម្នាក់ ពេលកំពុងឈប់នៅភ្លើងស្តុប បណ្តាលឲ្យបែកស្តុបមួយចំហៀង រួចក៏ផ្ទុះហិង្សាដាក់គ្នា ដោយភាគីម៉ូតូបម្រុងវាយទៅលើភាគីរថយន្តផ្អើលប្រជាពលរដ្ឋ និងសមត្ដកិច្ចចុះអន្តរាគមន៍ទាន់ពេលវាលា កាលពីម៉ោង៩និង២០នាទីយប់ថ្ងៃ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅស្តុបផ្សារ សំណង់ (12) តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាកSORENTO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AO-2958 ធ្វើដំណើរទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានឈប់រងចាំភ្លើងស្តុប។ ពេលនោះក៏មានបុរសម្នាក់ស្រវឹងស្រាជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរី០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខរតគិរី 1E-3316 ធ្វើដំណើរមកពីក្រោយ មិនប្រយ័ត្នជ្រុលចង្កូតទៅចំស្តុបរថយន្តខាងក្រោយផ្នែកខាងបណ្តាលឲ្យបែក ចំណែកខាងម៉ូតូដួលរងរបួសស្រាល ភ្លាមៗនោះ ភាគីទាំងសងខាងទំនាស់ពាក្យសម្តីដាក់គ្នា ដោយខាងភាគីម៉ូតូផ្ទុះហិង្សាបម្រុងចូលទៅវាយខាងភាគីរថយន្ត ធ្វើឲ្យផ្អើលប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាចូលទៅជួយឃាត់ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចបានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងភាគីរថយន្តមិនចង់ឲ្យមានរឿងវែងឆ្ងាយ និងមានចិត្តធម៌ផងនោះ មិនទារសំណងពីខាងភាគីម៉ូតូនោះទេ ក៏បញ្ចប់រឿងត្រឹមហ្នឹង៕ធ.ដ