មេដឹកនាំអឺរុប ប្រឹងរកចំណុចរួមគ្នាលើការកំណត់ថ្លៃហ្គាស

ប្រាក៖ មេដឹកនាំសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុងប្រាក សាធារណរដ្ឋឆែកនៅព្រឹកថ្ងៃសុក្រទី៧ខែតុលា ឆ្នាំ២០២២នេះ ដើម្បីរកដំណោះស្រាយរួមគ្នាជុំវិញតម្លៃឧស្ម័នធម្មជាតិ។ ឧស្ម័នធម្មជាតិ ដែលជាតម្រូវការចាំបាច់មួយសម្រាប់ប្រទេសអឺរ៉ុប ខណៈរដូវរងាខិតជិតមកដល់ និងបន្ទាប់ពីសង្រ្គាមរបស់រុស្ស៊ី លើ អ៊ុយក្រែនបានបញ្ឆេះឲ្យមានវិបត្តិថាមពល។

ការកំណត់តម្លៃឧស្ម័នធម្មជាតិ គឺជាវិធានការមួយក្នុងចំណោម វិធានការជាច្រើនទៀត ដែលប្លុកប្រទេសចំនួន ២៧កំពុង រៀបចំឡើងដើម្បីទប់ទល់នឹងវិបត្តិថាមពល។ វិបត្តិថាមពល ដែលកំពុងជំរុញឱ្យតម្លៃឧស្ម័នធម្មជាតិឡើងថ្លៃ ប៉ះពាល់ដល់ ការប្រើប្រាស់ជាទូទៅនិងបែបអាជីវកម្ម។ការណ៍នេះក៏នឹង ធ្វើ ឱ្យប៉ះពាល់ដល់ការផលិតថាមពលអគ្គិសនី សកម្មភាពតាមរោងចក្រ ហើយក៏ជំរុញឱ្យថមថយកំណើនសេដ្ឋកិច្ចនារដូវរងាដែរ។

នៅពេល ដែលប្រជាពលរដ្ឋអឺរ៉ុប បង្ហាញការគាំទ្ររបស់ពួកគេ ចំពោះអ៊ុយក្រែន ក្រោមរូបភាពជាការផ្តល់សព្វាវុធ ហិរញ្ញវត្ថុ និងជំនួយផ្សេងៗទៀតនោះ ប្រទេសរុស្ស៊ីបានឆ្លើយតបភ្លាមៗ តាមរយៈការកាត់បន្ថយ ឬផ្តាច់ទាំងស្រុងនូវឧស្ម័នធម្មជាតិ សម្រាប់ប្រទេសចំនួន១៣នៅអឺរ៉ុប។ ហេតុផលនេះហើយ ធ្វើឱ្យ តម្លៃឧស្ម័ន និងអគ្គិសនីកើនឡើងជាបន្តបន្ទាប់។ តម្លៃថាមពលអាចនឹងបន្តកើនឡើងខ្ពស់ថែមទៀត នៅពេលដែល តម្រូវការកើនឡើងក្នុងអំឡុងពេលខែត្រជាក់ក្នុងទ្វីបអឺរ៉ុប។

នៅចំពោះមុខនៃកិច្ចព្រមព្រៀងកំណត់តម្លៃឧស្ម័នធម្មជាតិនេះ គឺជាហេតុផលមួយបញ្ជាក់ថាប្រទេសក្នុងសហភាពអឺរ៉ុបបានប្រើប្រាស់ប្រភទថាមពល ឬមានអ្នកផ្គង់ផ្គង់ថាមពលផ្សេងៗគ្នា។ ពួកគេ ពិបាកនឹងសម្លឹងមើលមុខគ្នា ចំពោះបញ្ហាមួយនេះ។

ក្រុមប្រទេសសមាជិកចំនួន១៥ បានជំរុញឱ្យស្ថាប័នប្រតិបត្តិ នៃ សហភាពអឺរ៉ុប គឺគណៈកម្មការអឺរ៉ុប ធ្វើយ៉ាងណាដាក់ចេញនូវ គោលការណ៍កំណត់តម្លៃឧស្ម័នមួយឱ្យបានឆាប់ តាមដែលអាច ធ្វើទៅបាន។ ប៉ុន្តែគំនិតមួយនេះ មិនទទួលបាននូវការគាំទ្រ ជា ឯកច្ឆ័ន្ទទេ ដោយសារប្រទេសអាល្លឺម៉ង់បានរារាំង។

សម្រាប់ពេលនេះ គណៈកម្មការអឺរ៉ុបបាននិយាយថា សមត្ថភាព ផ្ទុកឧស្ម័នរបស់អឺរ៉ុបមានប្រមាណ ៩០ភាគរយទោះបីជាការផ្គត់ផ្គង់ ឧស្ម័នពីប្រទេសរុស្ស៊ីទៅអឺរ៉ុបបានធ្លាក់ចុះ៣៧ភាគរយ នៅចន្លោះខែ មករា ដល់ខែសីហា។

ជុំវិញបញ្ហានេះ សហរដ្ឋអាមេរិក និងន័រវេស បានបោះដៃជួយ ដោះស្រាយបញ្ហាតាមរយៈការផ្តល់ឧស្ម័នរាវ ប៉ុន្តែការផ្គត់ផ្គង់ ជំនួសពីប្រទេសទាំងនេះ គឺមានតម្លៃថ្លៃ។«ខ្ញុំសូមផ្តល់ អនុសាសន៍ឱ្យបង្កើនការចរចាជាមួយអ្នកផ្គត់ផ្គង់ ដែលអាច ទុកចិត្តបានរបស់យើង ដើម្បីកាត់បន្ថយតម្លៃឧស្ម័ននាំចូលគ្រប់ ប្រភេទ»។ នេះគឺជាការលើកឡើងរបស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) តាមរយៈលិខិតមួយទៅកាន់មេដឹកនាំប្រទេសអឺរ៉ុប ដែលចូលរួម កិច្ចប្រជុំកំពូល «សហគមន៍នយោបាយអឺរ៉ុប» នាថ្ងៃសុក្រ ទី៧ ខែតុលានេះ។
ការផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ នៅសមុទ្របាល់ទិក នាពេល កន្លងទៅនេះ គឺបានបង្ហាញយ៉ាងច្បាស់ថាតើប្រទេសតូចៗ នៅអឺរ៉ុបពឹងផ្អែកកម្រិតណាលើការនាំចូលឧស្ម័នពីរុស្ស៊ី។ និយតករបណ្តាញឧស្ម័នធម្មជាតិរបស់ប្រទេសអាល្លឺម៉ង់បានព្រមានរួចហើយថា អ្នកប្រើប្រាស់កំពុងប្រើប្រាស់ច្រើនជាងឆ្នាំមុនៗ ហើយកន្លងទៅនេះ ប្រទេសអ៊ីតាលី ក៏បានកម្រិតចំនួនម៉ោង លើការប្រើប្រាស់ឧស្ម័នសម្រាប់កម្តៅអគារជាច្រើន៕ ដោយ៖យ៉ាន អាន

ads banner