មន្ត្រីសង្គមស៊ីវិលគាំទ្រការស្នើរបស់អាជ្ញាធរឲ្យពលរដ្ឋនៅឃុំព្រះដាក់ចូលរួមទប់ស្កាត់ការសាងសង់សំណង់ថ្មីៗ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្ត្រីសង្គមស៊ីវិលបញ្ជាក់ថា វិធានការទប់ស្កាត់កុំឱ្យ មាន អ្នកថ្មីចូលមករស់នៅបន្តទៀត គឺជាយុទ្ធសាស្ត្រមួយរបស់អាជ្ញាធរ ដើម្បីកុំឱ្យមានប្រជាពលរដ្ឋធ្វើការពង្រីកលំនៅឋានច្រើន ដែលអាច នឹងបាត់បង់អត្តសញ្ញាណចាស់របស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះដាក់។

ជុំវិញរឿងនេះ លោក សួស ណារិន មន្ត្រីការពារសិទ្ធិមនុស្សសមាគម អាដហុកប្រចាំខេត្តសៀមរាប បានប្រាប់ថា ការស្នើសុំរបស់អាជ្ញាធរ ចំពោះការទប់ស្កាត់កុំឱ្យមានអ្នកថ្មីចូលមករស់នៅ និងមានការសាង សង់សំណង់ថ្មីកើតឡើងនេះ គឺវាជារឿងល្អ ពីព្រោះជាយុទ្ធសាស្ត្រ មួយ ដើម្បីកុំឱ្យមានការពង្រីកលំនៅឋាននៅទីនោះតទៅទៀត។

លោក សួស ណារិនថា៖ «ខ្ញុំឯកភាព ចំពោះការស្នើសុំរបស់អាជ្ញាធរ មិនឱ្យមានលំនៅឋានថ្មីកើនឡើងទេ បើមាន១០០ខ្នង គឺឱ្យវានៅ ត្រឹម១០០ខ្នងហ្នឹងបានហើយ ។គឺខ្ញុំមិនចង់ឱ្យមានការរីកសាយ តទៅ ទៀតទេ ពីព្រោះថាតំបន់ហ្នឹង ជាតំបន់បុរាណវិទ្យា។ គឺត្រូវរក្សា ទ្រង់ទ្រាយ ដើម»។

លោកបន្ថែមថា បើសិនជាប្រជាពលរដ្ឋរស់នៅទីនោះ មានកូនចៅ ត្រូវការបែកគ្រួសារ និងលំនៅឋាន គឺអាជ្ញាធរមានគោលនយោបាយ រៀបចំតំបន់ថ្មីដែលគ្រោងទុក ដូចជា នៅតំបន់រុនតាឯក សម្រាប់ ប្រជា ពលរដ្ឋដែលមានតម្រូវការចង់ចាកចេញ។

តាមរយៈពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់កាលពីព្រឹកថ្ងៃសុក្រ ទី៧ តុលា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានថ្លែងថា៖ «បងប្អូនប្រជាពលរដ្ឋអ្នក ព្រះដាក់ត្រូវរក្សា ភាពនឹងនរ។ យើងអត់មានការរុះរើប្រជាពលរដ្ឋនៅក្នុងភូមិទាំង ប្រាំមួយ នៅក្នុងឃុំនេះទេ។

លោកបន្តថា សង្ឃឹមថាពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុង ឃុំព្រះដាក់ ទាំងមូលនឹងបានស្ងប់ចិត្ត និងលែងមានការព្រួយបារម្ភបន្តទៅ ទៀត។

តែទន្ទឹមនេះ ឯកឧត្តម ជា សុផារ៉ា មិនភ្លេចបញ្ជាក់ដែរទៀតថា ប្រជាពលរដ្ឋទាំងប្រាំមួយភូមិនៃឃុំព្រះដាក់ ត្រូវសន្យាថាទប់ស្កាត់ កុំឱ្យមានអ្នកថ្មីចូលមករស់នៅ និងមានការសាងសង់សំណង់ ថ្មី កើត ឡើង ពីព្រោះដើម្បីថែរក្សាអត្តសញ្ញាណចាស់របស់អ្នក ព្រះដាក់ ឱ្យ បាន។
សូមបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋប្រមាណបួនភូមិមាន ភូមិ ព្រះដាក់ ភូមិថ្នល់ទទឹង ភូមិថ្នល់បណ្ដោយ និងភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានតវ៉ានៅសាលាឃុំ ព្រះដាក់ ដោយសារអាជ្ញាធរ ឱ្យរុះរើចេញពីលំនៅឋាន។

យោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាបញ្ជាក់ថា ប្រជាពលរដ្ឋនៅឃុំព្រះដាក់ មិនមានការរុះរើលំនៅ ឋានឡើយ ដោយបានបញ្ជូនឯកឧត្តម ជា សុផារ៉ា និងលោកជំទាវ ភឿង សកុណា ចុះមកជួបប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋបាន យល់ នាឱកាសពិធីបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២» កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នៅរាជធានី ភ្នំពេញ៕
ដោយ៖ជា សុខនី

ads banner