អ្នកវិភាគមួយចំនួន បង្ហាញគំនិតក្នុងការដោះស្រាយ បញ្ហា អតិផរណានៅកម្ពុជា
ភ្នំពេញ៖ ខណៈដែលវិបត្តិអតិផរណាកំពុងរីកសាយភាពក្នុង ពិភពលោក អ្នកតាមដានបញ្ហាសង្គម និងអ្នកជំនាញផ្នែក សេដ្ឋកិច្ច ក្នុងស្រុករបស់កម្ពុជា បានបង្ហាញពីគំនិត និងគម្រូ មួយ ចំនួនក្នុង ការដោះស្រាយបញ្ហាប្រឈមមួយនេះ។

ដំណោះស្រាយមានដូចជា ការបញ្ចេញកញ្ចប់ថវិកាជួយពលរដ្ឋងាយរងគ្រោះដែលរដ្ឋាភិបាលបានសម្រេចឱ្យអនុវត្ត ការបន្ថយអត្រាពន្ធលើមុខទំនិញលើទីផ្សារ ការធ្វើនយោបាយសម្រួលដល់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក និងការធ្វើនយោបាយការប្រាក់ក្នុងប្រព័ន្ធធនាគារជាដើម។
បញ្ហាអតិផរណាបាននិងកំពុងកើតមានឡើងនៅក្នុងពិភពលោក បន្ទាប់ពីរងវិបត្តិរាតត្បាតជំងឺជាសាកលកូវីដ១៩ និងជាពិសេស បញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលមួយជាប្រទេសមហា អំណាច កសិកម្ម និងមួយទៀតជាប្រទេសមហាអំណាចថាមពលប្រេង។ ជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់បស្ចិមលោកលើរុស្ស៊ី ប្រទេសជា ច្រើននៅលើសាកលលោក ក៏ជួបប្រទះនូវវិបត្តិអតិផរណា ដោយមិន អាច ចៀសរួចដែរ។

មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានចេញការព្រមានពីអតិផរណា ជាសកលក្នុងរបាយការណ៍របស់ខ្លួនចេញដែលផ្សាយកាលពីចុងខែកក្កដា ឆ្នាំ២០២២ ដោយបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ច ពិភពលោក ឆ្នាំ២០២៣ ពីអត្រា ៣,៦ភាគរយ (ការព្យាករណ៍ ខែ មេសា ) មក ២,៩ភាគរយ វិញ ព្រោះគោលនយោបាយរឹត បន្ដឹង រូបិយវត្ថុ ដែល IMF ថា «មិនមានភាពប្រាកដប្រជា» អាចប្រឈមនឹង ហានិភ័យខ្ពស់ពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន។
សង្គ្រាមដែលជំរុញឱ្យតម្លៃថាមពល និងស្បៀងអាហារឡើងថ្លៃ និង ដែលជាកត្តានាំឲ្យអតិផរណាកាន់តែឡើងខ្ពស់ ហើយវាបង្កប់នូវការ រំពឹងទុក អំពីកម្រិតអតិផរណា រយៈពេលវែង ដែលនាំឲ្យមានការ រឹតបន្តឹងនូវគោលនយោបាយរូបិយវត្ថុបន្ថែមទៀត។
យោងតាមសន្ទានុក្រមវិទ្យាសាស្ត្រសេដ្ឋកិច្ច នៃក្រុមប្រឹក្សាជាតិ ភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់ពាក្យ «អតិផរណា» ថាជាការកើនឡើងនៃកម្រិតថ្លៃជាទូទៅរបស់ទំនិញ និងសេវាក្នុងប្រទេស ឬតំបន់ ក្នុងរយៈជាក់លាក់ណាមួយ ។

ទាក់ទងចំណុចនេះលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជ្យបណ្ឌិត្យសភាកម្ពុជា លើកឡើងថា បញ្ហាអតិផរណាជា សកល នេះ គ្មានប្រទេសណាមួយអាចចៀសផុតឡើយ រួមទាំង កម្ពុជាដែលជាប្រទេសតូចផងនោះ ព្រោះបញ្ហាដរចេញពីវិបត្តិ ជាច្រើន គួបផ្សំគ្នាច្រើន។
ស្រដៀងគ្នានេះដែរ លោកបណ្ឌិតមាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍ សង្គមនិយាយថា បញ្ហាអតិផរណានេះមិនមែនជារឿងថ្មីឡើយ សម្រាប់ កម្ពុជា គ្រាន់តែវាវិលចុះឡើងប៉ុណ្ណោះ ហើយសម្រាប់បណ្តា ប្រទេស ផ្សេងៗទៀតក៏ដូចគ្នារួមនឹងប្រទេសជឿនលឿនផង ដែល ទាមទាររដ្ឋាភិបាលប្រទេសនីមួយៗគិតគូររកមធ្យោបាយដោះស្រាយ។ លោកជឿជាក់ថា រដ្ឋាភិបាលកម្ពុជាក៏កំពុងខិតខំដោះស្រាយ នោះ ដែរ ព្រោះគេអាចមើលឃើញពីលំនឹងសេដ្ឋកិច្ចកម្ពុជាឈមនឹង វិបត្តិ សេដ្ឋកិច្ចជាសកល។
លោកបន្តថា នាពេលបច្ចុប្បន្ន សម្រាប់រដ្ឋាភិបាលកម្ពុជា បាន សម្រេចផ្តល់សាច់ប្រាក់ជូនគ្រួសារក្រីក្រដែលរងផលប៉ះពាល់នៃជំងឺរាតត្បាតជាសាកលកូវីដ១៩ ក្នុងរង្វង់ជិតពីរលាននាក់ និងថ្មីៗនេះ ការផ្តល់ប្រាក់ឧបត្ថម្ភដល់ជនដែលរងឥទ្ធិផលពីវិបត្តិអតិផរណាក្នុងរង្វង់ជិតបីលាននាក់ ដែលរដ្ឋាភិបាលបានសម្រួលបន្ទុកដល់ពលរដ្ឋ ជាង ប្រាំលាននាក់ ពីបន្ទាត់ភាពក្រីក្រ។
គួរបញ្ជាក់ផងដែរថា ដើម្បីទប់ទល់នឹងវិបត្តិអតិផរណាជាសកល ក្នុង ឆ្នាំ ២០២២ នេះ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគម្រោងនូវ ដំណើរ ការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលជាយន្តការថ្មី នៃការផ្តល់សាច់ប្រាក់ជូន ប្រជាពលរដ្ឋ និងដែលបានចុះហត្ថលេខាដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។
ក្នុងន័យនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងនៅមួយថ្ងៃបន្ទាប់ក្នុងសន្និសីទមួយថា ដើម្បីជួយប្រជាជនកម្ពុជាជាងប្រាំលាននាក់ កុំឱ្យធ្លាក់ទៅក្នុងបន្ទាត់ភាពក្រីក្រពីសម្ពាធអតិផរណាដែលដរចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក្នុងយុគសម័យថ្មីនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ ចេញនូវជំនួយឧបត្ថម្ភដល់ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបានសម្រេចបន្តឧបត្ថម្ភចំពោះអ្នកដែលជួបប្រទះផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេលបីខែ បន្តទៀត។ សម្រាប់ការឧបត្ថម្ភពលរដ្ឋរងគ្រោះពីជំងឺកូវីដ កន្លងមក រាជរដ្ឋាភិបាល បានអនុវត្តចំនួន ១០ជុំរួចមកហើយ និងបានចំណាយ ថវិកាអស់ប្រមាណ ៨០០លានដុល្លារ សម្រាប់ពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ និងប្រជាពលរដ្ឋជិតបីលាននាក់។ លោកហ៊ុន សែន ថាជំនួយនេះនឹងបន្តក្នុងរយៈពេលយ៉ាងតិចមួយឆ្នាំទៀត។
គួររំឭកថា កាលពីចុងខែកញ្ញា ឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយរបាយការណ៍ព្យាការស្តីពីបច្ចុប្បន្នភាព នៃទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ២០២២។ របាយការណ៍ បាន ដំឡើងការព្យាករកម្រិតអតិផរណារបស់កម្ពុជាពីកម្រិត ៤,៧ភាគរយ ទៅ ៥,០ភាគរយ វិញ ព្រោះតែឥទ្ធិពលរាលដាលនៃការកើនឡើង តម្លៃថាមពលប្រេងឥន្ធនៈដែលកើតចេញពីវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
ជុំវិញបញ្ហានេះដែរ លោកបណ្ឌិតមាស នី អះអាងថា ក្រៅពីយន្តការ នៃការផ្តល់ឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្នុងអំឡុងអតិផរណា រដ្ឋាភិបាលអាចបញ្ចុះអត្រាពន្ធលើមុខទំនិញដែលដាក់លក់នៅលើទីផ្សារ ព្រោះថាវិធីសាស្ត្រនេះ ធ្លាប់បានអនុវត្តជោគជ័យពីបណ្តា ប្រទេសផ្សេងៗរួចទៅហើយ ដើម្បីសម្រាលបន្ទុកពលរដ្ឋទូទាំង ប្រទេសពីវិបត្តិអតិផរណាមួយនេះ។
ស្រដៀងគ្នានេះ លោក ចាន់ សុផល លើកឡើងបីមធ្យោបាយ បន្ថែម លើការឧបត្ថម្ភប្រាក់ដល់ពលរដ្ឋដែលងាយរងគ្រោះ ដូច្នេះថា៖ «ខ្ញុំយល់ថា កម្ពុជាអាចជំរុញការផលិតទំនិញមួយចំនួន ដែលឡើង ថ្លៃ ដើម្បីធ្វើឱ្យសម្បូរជាពិសេសស្បៀងអាហារដែលចាំបាច់ សម្រាប់ ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ និងការបញ្ចេញឥណទាន ទៅផលិតករ និងអាជីវកម្មកែច្នៃ ហើយនិងការជួញដូរអាច ត្រូវបាន បង្កើន»។
សម្រាប់លោកបណ្ឌិត គី សេរីវឌ្ឍន៍ នៅបណ្តាប្រទេសនានា ក្នុងពិភពលោក ក្នុងការដោះស្រាយវិបត្តិអតិផរណានេះ គេ បានធ្វើគោលនយោបាយធនាគារជាតិដោយបន្ទាបការប្រាក់ ដែលអាចជំរុញការទាក់ទាញវិនិយោគទុនបានច្រើន ជាកត្តា បន្ថែមផលិតកម្មក្នុងស្រុក កាត់បន្ថយការនាំចូល ដែលធ្វើឱ្យ ទំនិញនៅក្នុងទីផ្សារចុះថោក និងដែលអាចជួយសម្រាលជីវភាព បានច្រើន។
ចំណែកលោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោល នយោបាយ និងជាអ្នកជំនាញសេដ្ឋកិច្ចវិញ លើកឡើងថា នៅក្នុងបណ្តាប្រទេសជឿនលឿន គេអាចប្រើយន្តការធ្វើគោល នយោបាយរូបិយវត្ថុ ដោយកាត់បន្ថយលំហូរសាច់ប្រាក់នៅទីផ្សារ ជាមធ្យោបាយមួយដែលអាចកាត់បន្ថយតម្រូវការទំនិញ ជា វិធីសាស្ត្រក្នុងទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ច។ លោកបន្ថែមថា ប្រទេសខ្លះទៀត តួយ៉ាង សហរដ្ឋអាមេរិកជាដើម គេអាចដំឡើងថ្លៃការប្រាក់ ដើម្បី កាត់បន្ថយតម្រូវការកម្ចីលើទីផ្សារក៏ជាមធ្យោយបាយក្នុងការដោះស្រាយ អំឡុងពេលរងសម្ពាធអតិផរណាផងដែរ។
ក្នុងបរិការណ៍កម្ពុជាវិញ សម្រាប់លោក ចាន់ សុផល យល់ថា ក្នុង ដំណាក់កាលអតិផរណា គេត្រូវផ្តោតលើមុខទំនិញដែលចាំបាច់ ជាងទំនិញមិនចាំបាច់ ដោយលោកផ្តល់យោបល់ឲ្យប្រជាជនគួរផ្អាក ការប្រើប្រាស់ទំនិញដែលមិនចាំបាច់មួយរយៈសិន។
ចំណែកអ្នករៀបចំគោលនយោបាយវិញ លោកថា រដ្ឋាភិបាល គួរ តាមដានថ្លៃទំនិញដែលចាំបាច់ ព្រមទាំងរកវិធានការទប់ស្កាត់ការ ឡើងថ្លៃនៃមុខទំនិញដែលចាំបាច់ទាំងនេះ ឬជំរុញឱ្យមានផលិតកម្ម កាន់តែច្រើន ជាពិសេសទំនិញឧបភោគបរិភោគ។
លោកបណ្ឌិតគី សេរីវឌ្ឍន៍ ក៏មិនសូវខុសពីលោកចាន់ សុផល ប៉ុន្មាន នោះទេ សម្រាប់យុទ្ធសាស្ត្ររយៈពេលវែង លោកចង់ឱ្យរដ្ឋាភិបាល កម្ពុជា គិតគូរជំរុញផលិតកម្មក្នុងស្រុក ក្នុងគោលកាត់បន្ថយការ នាំចូល និងថ្លៃដើមផលិតកម្ម។
លោកបណ្ឌិតគី សិរីវឌ្ឍន៍៖ «ក្នុងការជំរុញផលិតកម្មក្នុងស្រុកនេះ អាច ជំរុញខ្សែច្រវាក់ផលិតកម្ម ក្នុងទំនាក់ទំនងផលិតកម្ម ទាំងថ្លៃដើម និងផលិតផលសម្រេច ដើម្បីឱ្យផលិតផលយើងទាប ហើយលក់ជូន ប្រជាពលរដ្ឋក្នុងតម្លៃទាបបាន នេះក៏ចូលរូមចំណែកទម្លាក់កម្រិត អតិផរណាដែរ»។
លោកបណ្ឌិតមាស នី វិញបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា គិតគូរលើការបន្ថយអត្រាពន្ធលើមុខទំនិញ បន្ថែមលើការ បញ្ចេញកញ្ចប់ថវិកាជួយប្រជាជនងាយរងគ្រោះ។ អ្នកឃ្លាំមើលបញ្ហាសង្គមចាស់វស្សារូបនេះថាវាមិនទាន់ចំគោលដៅនៅឡើយទេ ដើម្បីជួយសម្រាលបន្ទុកលើប្រជាពលរដ្ឋគ្រប់ៗគ្នា។
លោកថា៖«ខ្ញុំសាទរហើយលើការបញ្ចេញកញ្ចប់ថវិកាជួយប្រជាពលរដ្ឋងាយរងគ្រោះ មានន័យថាយើងកំពុងជួយអ្នកលង់ទឹក ។ចុះអ្នកប្រុងនឹងលង់ទឹកនោះវិញ? បើយើងមិនគិតគូរដល់ពលរដ្ឋម ទូទាំងប្រទេសទេ នោះចំនួនអ្នកងាយរងគ្រោះនេះនឹងកាន់តែកើន ព្រោះបញ្ហាអតិផរណានេះ វាប៉ះពាល់ដល់យើងទាំងអស់គ្នា»។
គួររំឭកថា ក្នុងខែឧសភា ឆ្នាំ២០២២ កម្ពុជាបានជួបប្រទះកម្រិត អតិផរណាខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្សរ៍ចុង ក្រោយនេះ ដោយបានកើនឡើងជាបន្តបន្ទាប់ដល់អត្រា ៧,២ ភាគរយ។ នេះបើតាមឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃ កម្ពុជា គូសបញ្ជាក់នៅក្នុងសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២៕ ដោយ៖សំបាន ច័ន្ទដារ៉ា