លោកហ្សេឡេនស្គី ថាពិភពលោកត្រូវឆាប់ចាត់វិធានការ ដើម្បីបញ្ឈប់ ការគំរាមកំហែងនុយក្លេអ៊ែររបស់រុស្ស៊ី

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី មានលើកឡើងពីលទ្ធភាពដែលមន្ត្រីវិមានក្រឹមឡាំង ប្រើប្រាស់ អាវុធនុយក្លេអ៊ែរដើម្បីឈ្នះអ៊ុយក្រែនក្នុងសង្គ្រាម។ ប៉ុន្តែ លោកបាន និយាយដែរថា លោកមិនជឿនោះទេថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ហើយ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC លោកប្រធានាធិបតី អ៊ុយក្រែន ហ្សេឡេនស្គី បានបដិសេធថាមិនបានជំរុញឱ្យមាន ការ វាយ ប្រហារលើរុស្ស៊ីឡើយ ដោយអះអាងថា ការកត់សម្គាល់របស់ លោកពីមុនត្រូវបានបកប្រែខុស។
«អ្នក ត្រូវតែប្រើវិធីសាស្ត្រការពារ»។ ការលើកឡើងនេះ មេដឹក នាំអ៊ុយក្រែន ថាលោកចង់សំដៅដល់ការដាក់ទណ្ឌកម្ម មិនមែន «ការវាយប្រហារ» នោះទេ។

គួរជ្រាបថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ កងទ័ពអ៊ុយក្រែន បាននិងកំពុងមានប្រៀបនៅលើសមរភូមិ និងបានវាយដណ្តើមយក ទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់ត្រលប់ឡើងវិញ និងបានបង្ខំឱ្យកងទ័ព រុស្ស៊ី បោះបង់ចោលទីតាំងដែលខ្លួនបានចូលកាន់កាប់យូរមក ហើយ នោះ។

ជ័យជម្នះរបស់កងទ័ពអ៊ុយក្រែន បានធ្វើឱ្យលោក ពូទីន មិន សប្បាយចិត្តសោះឡើយ ហើយអ្នកវិភាគមួយ ថែមទាំងបាន លើកឡើងថា រុស្ស៊ីរបស់ពូទីន អាចនឹងប្រើអាវុធនុយក្លេអ៊ែរតាកទិក ទៀតផង ដើម្បីវាយប្រហារយកឈ្នះលើអ៊ុយក្រែន។
ប្រធានាធិបតីអាមេរិក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍ ទី៦តុលា បានព្រមានថាការគំរាមកំហែងរបស់រុស្ស៊ីក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនាំពិភពលោកឲ្យដើរកាន់តែកៀកជិតដល់មាត់ទ្វារនៃសង្គ្រាមអាវុធនុយក្លេអ៊ែរជាងពេលណាៗទាំងអស់រាប់ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២មក។
ទាក់ទងបញ្ហានេះ លោក ហ្សេឡេនស្គី និយាយថា ពិភពលោកត្រូវ ធ្វើសកម្មភាពឆ្លើយតបជាចាំបាច់ភ្លាមៗនៅពេលនេះ ព្រោះការគំរាម កំហែងរបស់រុស្ស៊ីគឺជា «ហានិភ័យសម្រាប់ភពផែនដីទាំងមូល»។ លោកប្រធានាធិបតីអ៊ុយក្រែន អះអាងទៀតថា ទីក្រុងមូស្គូបាន បោះជំហានទៅមុខមួយជំហានរួចហើយ តាមរយៈការកាន់កាប់ រោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីចា ដែលជាស្ថានីយនុយក្លេអ៊ែរ ធំបំផុតរបស់អឺរ៉ុប និងដែលលោក ពូទីន កំពុងព្យាយាមយកវា មកធ្វើជាកម្មសិទ្ធិរបស់រុស្ស៊ី។
តាមលោក ហ្សេឡេនស្គី ទាហានរុស្ស៊ីប្រមាណ ៥០០ មានវត្តមាន នៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្សាប៉ូរីចា បើទោះបីជាបុគ្គលិកអ៊ុយក្រែន នៅតែជាអ្នកធ្វើប្រតិបត្តិការនៅទីនោះក៏ដោយ។
«ពិភពលោក អាចបញ្ឈប់ជាបន្ទាន់នូវសកម្មភាពឈ្លានពាន កាន់កាប់ របស់រុស្ស៊ី»។ «ពិភពលោក អាចអនុវត្តកញ្ចប់ទណ្ឌកម្មនៅ ក្នុងករណី នេះ ហើយត្រូវធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់ ដើម្បីធ្វើឱ្យទាហានរុស្ស៊ី ចាកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ»។ នេះ គឺជាការគូស បញ្ជាក់ របស់ ប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី៕
ដោយ៖លី លីយ៉ា

ads banner