រដ្ឋមន្ត្រីក្រសួងការងារ៖ គម្រោងរោងចក្រកាន់តែប្រសើរ បានរួមចំណែកជំរុញការនាំចេញឧស្សាហកម្មកាត់ដេរកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកថាគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការនាំចេញក្នុងឧស្សាហកម្មកាត់ដេររបស់កម្ពុជា ដែលជាផ្នែកមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ ២០២៣-២០២៧ នៅសណ្ឋាគារភ្នំពេញ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២រដ្ឋមន្រ្តីក្រសួងការងារបានបញ្ជាក់ថា៖ កម្មករនិយោជិត និងនិយោជកនៃរោងចក្រកាត់ដេរ ដែលធ្វើការនាំចេញផលិតផលទៅក្រៅប្រទេសបានទទួលនូវអត្ថប្រយោជន៍ជាច្រើនអំពីការអនុវត្តគម្រោងមួយនេះ ដោយអាចរក្សាបាននូវការងារ ដែលមានលក្ខខណ្ឌល្អប្រសើរ និងទទួលប្រាក់ចំណេញអាជីវកម្ម តាមរយៈការទទួលបានការបញ្ជាទិញពីអ្នកបញ្ជាទិញអន្តរជាតិ ដែលមានកំណើនជាប្រចាំជាមួយនឹងអនុលោមភាពតាមច្បាប់មានកម្រិតខ្ពស់។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង អះអាងថា ដោយសារតែគម្រោងនេះមានបេសកកម្ម និងកម្មវិធីការងារគាំទ្រនូវគោលនយោបាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសំដៅធានាការលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ ទើបបានជាគម្រោងនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម ហើយអាចដំណើរការបានយ៉ាងរលូនក្នុងរយៈពេល ២១ឆ្នាំមកនេះ។ ភាពជោគជ័យ និងការអនុវត្តល្អរបស់គម្រោងនេះនៅកម្ពុជា ត្រូវបានក្លាយជាគម្រូសម្រាប់បណ្តាប្រទេសក្នុងតំបន់តាមរយៈការបង្កើតជា “កម្មវិធីការងារល្អប្រសើរ (Better Work)”។

រដ្ឋមន្ត្រីក្រសួងការងារ បន្តថាសម្រាប់អនុស្សរណៈ នៃការយោគយល់គ្នាថ្មី សម្រាប់ឆ្នាំ២០២៣-២០២៧ នេះជាអនុស្សរណៈលើកទី៨ ដែលនឹងត្រូវចុះហត្ថលេខា បានកែសម្រួលលក្ខខណ្ឌអនុវត្តគម្រោងមួយចំនួន ដោយបន្ថែមរយៈពេលអនុវត្តពី៣ឆ្នាំ ទៅ ៥ឆ្នាំ ដើម្បីធានានូវនិរន្តរភាពរបស់គម្រោង និងនិមិត្តរូបនៃការគោរពលក្ខខណ្ឌការងារ ដែលជាការបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា តាមរយៈការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ បានប្រែក្លាយកេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅជាប្រទេសឈានមុខគេក្នុងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងបានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសគំរូសម្រាប់ប្រទេសមួយចំនួនយកធ្វើជាបទពិសោធន៍ សម្រាប់យកទៅអនុវត្ត និងរៀនសូត្រតាម។ ការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ ក៏បានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផលសំខាន់ៗ រួមមាន សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងកាបូបនៅកម្ពុជាពីមួយឆ្នាំ ទៅមួយឆ្នាំកាន់តែច្រើនឡើងផងដែរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បញ្ជាក់ឲ្យដឹងថា ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ ការនាំចេញមានទឹកបា្រក់សរុប ១៧ ៥៧៨ (ដប់ប្រាំពីរពាន់ ប្រាំរយចិតសិបប្រាំបី) លានដុល្លារអាម៉េរិក កើនឡើង ២៤.២៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌ មានកំណើន ២៣.១៦ភាគរយ និងផលិតផលធ្វើដំណើរនិងកាបូប មានកំណើន ៣៦.៣១ ភាគរយ។

ដោយឡែក លោក Graeme Buckley នាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ឃើញថាការអនុលោមតាមច្បាប់ជារួមនៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើងមួយផ្នែកដោយសារការរាយការណ៍ប្រកបដោយតម្លាភាពរបស់ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) លើបញ្ហាសំខាន់ៗ។ BFC នឹងប្តេជ្ញាបន្តដើរតួជាអ្នកសម្របសម្រួលនៃភាគីពាក់ព័ន្ធក្នុងឧស្សាហកម្ម រួមទាំងអ្នកទិញអន្តរជាតិ ដែលដើរតួយ៉ាងសំខាន់ផងដែរក្នុងការកែលម្អវិស័យនេះ តាមរយៈការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវរបស់ពួកគេ។

លោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លើកឡើងថា សមាគមពិតជាមានមោទនភាព ដែលបានក្លាយជាសមាគមវិស័យឯកជនទីមួយក្នុងពិភពលោក ដែលទទួលយកកម្មវិធីពិសេសរបស់អង្គការអន្តរជាតិខាងការងារនេះ ឲ្យមកតាមដានត្រួតពិនិត្យ ដោយឯករាជ្យលើរោងចក្ររបស់យើង និងធ្វើការរាយការណ៍ប្រកបដោយតម្លាភាពអំពីលទ្ធផលរកឃើញរបស់ពួកគេ។ សមាគមសូមគាំទ្រ និងមានសេចក្តីរីករាយដែលបានបន្តអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបន្តអនុវត្តក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner