ទេសចរវត្តអារាមជាផលិតផលទេសចរណ៍មួយ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប
សៀមរាប៖ ប្រធានសមាគមក្លិបទេសចរណ៍ខេត្តសៀមរាបបង្ហាញថា ទេសចរវត្តអារាមជាផលិតផលទេសចរណ៍មួយ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្ត លោក ហ្វី លិបកៅ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប បានឱ្យដឹងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះថា នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសឡើងវិញយ៉ាងពេញលេញនោះ ឥឡូវនេះ យើងចាប់ផ្តើមឃើញភ្ញៀវបរទេសហូរចូលមកទស្សនាកម្ពុជា ជាបន្តបន្ទាប់ ជាពិសេសនៅខេត្តសៀមរាបតែម្តង។ ជាក់ស្តែង នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបទទួលបានជើងហោះហើរចាប់ពី១០ជើង ទៅ១២ជើង ក្នុង១ថ្ងៃៗ ដែលមានភ្ញៀវទេសចរណ៍កើនឡើងប្រមាណជា ២០ទៅ២៥ភាគរយបើធៀបទៅនឹងកាលពីឆ្នាំ២០១៩កន្លងមក។
លោកបន្តថា គោលដៅចម្បងរបស់ភ្ញៀវទេសចរណ៍បរទេសទាំងអស់ ដែលមកទស្សនាទីក្រុងអរិយធម៌របស់យើង គឺចង់ទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងៗទៀត។ ក្រៅពីនេះ ភ្ញៀវទេសចរណ៍ ក៏តែងតែចង់ឈ្វេងយល់ពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅតាមភូមិរបស់ប្រជាពលរដ្ឋ និងបានទៅឈ្វេងយល់ពីព្រះពុទ្ធសាសនាដ៏ផូរផង់របស់ជាតិយើងផងដែរ។ ហើយទេសចរណ៍វត្តអារាមនេះ ជាផលិតផលទេសចរណ៍មួយ ដែលភ្ញៀវទេសចរណ៍បរទេស មានការចាប់អារម្មណ៍ ក្រៅពីប្រាសាទបុរាណ គឺកាលពីមិនទាន់មានកូវិដ.១៩ ភ្ញៀវទេសចរណ៍បរទេសតែងតែបានទៅទស្សនាវត្តប្រមាណចំនួន ៩វត្ត ដែលត្រូវបានកំណត់ជាវត្តអារាមទេសចរណ៍នៅក្នុងក្រុងសៀមរាបនោះ។
លោក បានបន្តទៀតថា នៅពេលនេះ ចមពោះស្ថានភាពកូវិដ.១៩ មានភាពធូរស្រាលហើយភ្ញៀវទេសចរណ៍ក៏បានចូលមកទស្សនាខេត្តសៀមរាបឡើងវិញជាបណ្តើរៗហើយ យើងសង្កេតឃើញថា ពួកគាត់នៅតែចង់ឈ្វេងយល់ពីព្រះពុទ្ធសាសនាដ៏ផូរផង់នេះ។ ជាក់ស្តែងនៅថ្ងៃនេះ ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ប្រមាណជាង ១០០នាក់ បានមកទស្សនានៅវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ដែលជាវត្តអារាមទេសចរណ៍មួយ មានបរិស្ថានបៃតងស្អាត មានអនាម័យល្អ ដែលធ្វើឱ្យភ្ញៀវទេសចរណ៍ចូលមកឈ្វេងយល់ពីព្រះពុទ្ធសាសនានៅទីនោះ មានការសប្បាយចិត្ត និងពេញជាខ្លាំង។
សូមបញ្ជាក់ថា វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ត្រូវបានកំណត់ជាវត្តអារាមទេសចរណ៍ ដែលមានអនាម័យល្អ នឹងបរិស្ថានបៃតងស្រស់បំព្រង អមដោយសត្វក្ងោដើរជាហ្វូង នឹងទឹកបាយណ៍ដ៏ថ្លា គួរជាទីគយគន់ នឹងធ្វើឱ្យអារម្មណ៍អ្នកទស្សនាមានភាពស្រស់ថ្លា។ ដោយឡែក ចំពោះភ្ញៀវទេសចរណ៍ ដែលបានមកទស្សនាវត្តស្វាយរមៀតនេះ បានកោតសសើរចំពោះការរៀបចំរបស់ព្រះសង្ឃ ធ្វើឱ្យបរិវេណវត្ត មានបរិស្ថានបៃតងស្អាត នឹងមានអនាម័យល្អគួរជាទីរីករាយ ៕ ដោយ ស៊ាន សុផាត
