អភិបាលខណ្ឌច្បារអំពៅ ដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមសង្កាត់ជាប់មាត់ទន្លេ
ភ្នំពេញ៖ ស្របពេលដែលទឹកទន្លេបាសាក់ និងទន្លេមេគង្គ មានការឡើងខ្ពស់ រដ្ឋបាលខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ បានយកចិត្តទុកដាក់តាមដានពីស្ថានភាពទឹកជាប្រចាំ ខ្លាចក្រែងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋលិចលង់ផលដំណាំ និងលំនៅដ្ឋាន ជាពិសេសត្រៀមបង្ការជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ ដោយឡែកនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីក្រុមការងារជិះអូប័រតាមដងទន្លេមេគង្គ និងទន្លេបាសាក់ ចុះពិនិត្យស្ថានភាពភូមិសាស្ត្រសង្កាត់នៅជាប់ដងទន្លេ ដើម្បីមានវិធានការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ក្នុងដំណើរចុះបេសកកម្មលើផ្ទៃទឹក ដើម្បីពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅប្របមាត់ទន្លេនេះដែរ លោកអភិបាលខណ្ឌបានណែនាំដល់ចៅសង្កាត់ទាំងអស់ ត្រូវតាមដានស្ថានភាពទឹកជាប្រចាំ និងដាក់កម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ ដោយឡែកនៅតាមមណ្ឌលសុខភាពទាំងអស់ ត្រូវមានគ្រូពេទ្យប្រចាំការជាប់ជានិច្ច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋខ្លាចក្រែងមានហេតុការសត្វអសិរពិសចិក ទិច និងខាំ ប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពរស់នៅក្នុងក្រុមគ្រួសារ ជាពិសេសកូនតូចៗ មិនត្រូវឲ្យលេងទឹកនោះឡើយ ខ្លាចក្រែងលង់ទឹក បង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ថ្វីត្បិតតែអាជ្ញាធរដាក់កម្លាំងប្រចាំការ ដើម្បីជួយអន្តរាគមន៍ជាប្រចាំក៏ដោយ ប៉ុន្តែសូមឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដោយខ្លួនឯង ទើបក្នុងក្រុមគ្រួសារមានសេចក្តីសុខ ៕ធ.ដ