ប្រធានាធិបតីបារាំង ព្រួយបារម្ភខ្លាំងចំពោះការវាយប្រហារ យ៉ាង សន្ធឹក របស់រុស្ស៊ីលើអ៊ុយក្រែន

បារាំង៖បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលជាបន្ត បន្ទាប់ក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន មេដឹកនាំ បារាំងលោក ម៉ាក្រុង បានប្រាប់សមភាគីអ៊ុយក្រែនលោក ហ្សេឡេនស្គី អំពីក្តីព្រួយបារម្ភជាពន់ពេករបស់លោក។ ទន្ទឹមនេះ លោកម៉ាក្រុង ក៏បានសន្យាដែរថានឹងបង្កើនជំនួយយោធាសម្រាប់ អ៊ុយក្រែន។
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានសម្តែងនូវ ការ ព្រួយបារម្ភយ៉ាងខ្លាំងរបស់លោក ជុំវិញការវាយប្រហារដោយ មីស៊ីលរបស់រុស្ស៊ីទៅលើអ៊ុយក្រែន នៅថ្ងៃចន្ទ ទី១០ខែតុលា ឆ្នាំ២០២២ ក្នុងអំឡុងពេលជជែកគ្នាតាមទូរស័ព្ទជាមួយលោក ហ្សេឡេនស្គី។

លោកម៉ាក្រុង បានហៅការវាយប្រហាររបស់រុស្ស៊ីកាលពីថ្ងៃចន្ទថាជា «ការផ្លាស់ប្តូរយ៉ាងខ្លាំង» ក្នុងសង្គ្រាម និងបានថ្កោលទោសការវាយ ប្រហារដោយចេតនារបស់កងទ័ពរុស្ស៊ីនេះ ថាជាទង្វើប្រឆាំងនឹង ជនស៊ីវិលដែលបណ្តាលឲ្យជនស៊ីវិលអ៊ុយក្រែនជាច្រើននាក់បាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតរបួស។

ការិយាល័យប្រធានាធិបតីបារាំង បាននិយាយនៅក្នុង សេចក្តីថ្លែង ការណ៍ មួយថា លោក ម៉ាក្រុង បានបញ្ជាក់ជាថ្មីនូវការគាំទ្រ យ៉ាង ពេញទំហឹង និងពេញលេញរបស់លោក ចំពោះប្រធានាធិបតី អ៊ុយក្រែន ហ្សេឡេស្គី។ បន្ថែមលើនេះ លោកក៏បានបញ្ជាក់ផងដែរ ពីការប្តេជ្ញាចិត្តរបស់ប្រទេសបារាំង ក្នុងការបង្កើនជំនួយបន្ថែមទៀត ស្រប តាមតម្រូវការរបស់ទីក្រុងកៀវ រួមទាំងផ្នែកសម្ភារយោធា ផង ដែរ។
ប្រមុខនៃប្រទេសបារាំង បានមានប្រសាសន៍ដែរថា លោកនឹងជួប ជាមួយ ទីប្រឹក្សាការទូត និងយោធារបស់លោកទាក់ទងនឹង សកម្មភាព រុស្ស៊ីនាពេលចុងក្រោយនេះ។

វិមានក្រឹមឡាំង បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ទាក់ទងការ វាយប្រហារដោយមីស៊ីលយ៉ាងសន្ធឹករបស់ខ្លួនទៅលើរដ្ឋធានីកៀវ និងទីក្រុងជាច្រើនផ្សេងទៀតនៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែ មក ទល់ពេលនេះ រុស្ស៊ីបានរងការថ្កោលទោសជុំទិសពីសហគមន៍ អន្តរជាតិ។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូទែរស៍ បាននិយាយថា លោកមានការភ្ញាក់ផ្អើលនិងតក់ស្លុតយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយមីស៊ីលដ៏ច្រើនសម្បើមរបស់រុស្ស៊ីតាំងពីសង្គ្រាមអ៊ុយក្រែនចាប់ផ្តើមមក។ សម្រាប់លោក ហ្គូទែរស៍ សកម្មភាព របស់រុស្ស៊ីនេះ គឺជាការបង្កើនភាពតានតឹងខ្លាំងដែល មិនអាចទទួលយកបាន និងជាទង្វើដែលប៉ះពាល់ដល់ជន ស៊ីវិលខ្ពស់ បំផុត។

គួរបញ្ជាក់ជូនថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីស្រោច លើទីរដ្ឋធានីកៀវ និងទីក្រុងជាច្រើនទៀតរបស់អ៊ុយក្រែន បាន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់ និងរបួស ៩៧ នាក់ ផ្សេងទៀតកាលពីថ្ងៃចន្ទ។ នេះបើតាមភ្នាក់ងារសង្គ្រោះ បន្ទាន់ នៃ រដ្ឋអ៊ុយក្រែន។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឱ្យដឹង ថា រុស្ស៊ីបានបាញ់មីស៊ីល និងបើកការវាយប្រហារតាមអាកាសជាង ៨៤ លើក។ ចំណែកអ៊ុយក្រែនវិញ បានអះអាងថា ខ្លួនបានស្ទាក់ចាប់ មីស៊ីល និងយន្តហោះគ្មានមនុស្សបើកចំនួន ៥៦ គ្រឿង៕
ដោយ៖លី លីយ៉ា
ប្រភពព័ត៌មាន៖

  1. Macron calls Monday’s Russian strikes in Ukraine a “profound change” in war
  2. U.N. says Russian air strikes in Ukraine ‘unacceptable escalation’
ads banner