លោក ចូ បៃដិន សន្យាផ្តល់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន បន្ទាប់ពីរងការវាយប្រហារដោយមីស៊ីលរុស្ស៊ី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាទៅ កាន់សមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទ ទី១០ ខែតុលានេះថា សហរដ្ឋអាមេរិកនឹងផ្តល់ឲ្យអ៊ុយក្រែន នូវ ប្រព័ន្ធការពារដែនអាកាសទំនើបៗ បន្ទាប់ពីការវាយប្រហារដ៏ សាហាវ ដោយមីស៊ីលរបស់រុស្ស៊ី។

លោក បៃដិន បានសន្ទនាតាមទូរស័ព្ទជាមួយលោក ហ្សេលេនស្គី ដើម្បីផ្តល់ការធានាអំពីការបន្តការគាំទ្ររបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនរួមទាំងការថ្កោលទោសការវាយប្រហារដោយមិនដឹងខ្លួនពីរុស្ស៊ី ដែលបានវាយប្រហារលើគោលដៅជនស៊ីវិល។

បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន នៅក្នុងកិច្ចសន្ទនា នោះ ដែរ លោក បៃដិន បានសន្យាថា នឹងបន្តផ្តល់ឱ្យអ៊ុយក្រែននូវការ គាំទ្រដែលត្រូវការដើម្បីការពារខ្លួន រួមទាំងប្រព័ន្ធការពារដែនអាកាស កម្រិតខ្ពស់ផងដែរ។ សេតវិមានបន្ថែមថា លោក បៃដិន ក៏បានប្រាប់ លោក ហ្សេលេនស្គី ដែរថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ព្រមទាំង ដៃគូរបស់ខ្លួន នឹងផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រផ្នែកសន្តិសុខ សេដ្ឋកិច្ច និងជំនួយមនុស្សធម៌ ក៏ដូចជានឹងបន្តដាក់បន្ទុកលើរុស្ស៊ី ដោយធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងអំពើ ឃោរឃៅរបស់ខ្លួន។

សូមជម្រាបថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយសន្តិសុខសរុបជាង ១៦.៨ពាន់លានដុល្លារហើយ ចាប់តាំងពីរុស្ស៊ីបានឈ្លានពាន អ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយថែមទាំងបានដាក់ ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ីផងដែរ៕
ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner