សម្ដេចតេជោ ហ៊ុន សែន៖ ឯកឧត្តម វេង សាខុន នឹងត្រូវតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ឯកឧត្តម វេង សាខុន នឹងត្រូវតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ សម្ដេចតេជោ បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះ សម្ដេច បានស្នើទៅព្រះមហាក្សត្រ តែងតាំងឯកឧត្តម វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

សម្ដេចបានបញ្ជាក់ថា ទោះបីជាត្រូវបានដកតំណែងពីរដ្ឋមន្ត្រីក្រសួងកសិកម្មក៏ដោយ ក៏ប៉ុន្តែឯកឧត្តម វេង សាខុន ក៏ធ្លាប់ធ្វើការងារជាមួយគ្នាជាយូរមកហើយ ដូច្នេះយើងមិនអាចចោលអ្នកណាម្នាក់នោះទេ ។

សូមជម្រាបថា តបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន ត្រូវបានព្រះករុណា សម្តេចព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ភ្លាមៗ បន្ទាប់ពីមានការបញ្ចប់តំណែងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់តាំងឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្ដីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រហូតដល់មានការតែងតាំងរដ្ឋមន្ត្រីថ្មី ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner