សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ គិតគូរផ្តល់ការអប់រំដល់យុវជន និងកុមារចំណាកស្រុកធ្វើការងារ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បង្ហាញពីការយកចិត្តទុកដាក់ចំពោះកុមារតូចៗដែលជាកូនរបស់កម្មករសំណង់ និងពលករខ្មែរនៅប្រទេសថៃដែលបាននាំកូនតូចទៅរស់នៅជាមួយ។
សម្ដេចបានថ្លែងថា យើងឃើញអ៊ីចេះ កម្មករដែលមករកការងារធ្វើនៅតាមទីក្រុង ឬនៅតាមការដ្ឋាន គាត់មានពីរយ៉ាង ម្យ៉ាងគាត់ផ្ញើកូនជាមួយជីដូនជីតា ឬជាមួយសាច់ញាតិដើម្បីឱ្យបន្តការសិក្សានៅស្រុក អ៊ីចឹងចំណុចនេះត្រូវណែនាំទៅដល់អាជ្ញាធរមូលដ្ឋានដើម្បីឱ្យយកចិត្តទុកដាក់ទៅលើអ្នកដែលចំណាកស្រុក ប៉ុន្តែផ្ញើកូនជាមួយនឹងជីដូនជីតាឪពុកម្ដាយ ក្រែងលោការលំបាកណាមួយប៉ះពាល់ដល់ការសិក្សារបស់សិស្ស។
សម្ដេចតេជោ បានលើកឡើងថា រឿងដោយឡែកមួយទៀត គឺឪពុកម្ដាយដែលនាំកូនមកជាមួយពេលមកធ្វើការនៅតាមការដ្ឋានសំណង់នានា ។ សម្ដេចបានផ្ដល់ទស្សនៈទានថា យើងត្រូវសហការជាមួយបណ្ដាការដ្ឋានសំណង់ទាំងឡាយ និងជាមួយសាលាដែលនៅជិតហ្នុង ដើម្បីឱ្យបានចូលរៀន ឬក៏ត្រូវបង្កើតថ្នាក់ចល័តយ៉ាងម៉េចដើម្បីឱ្យកុមារហ្នឹងបានចូលរៀន។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បន្តលើកឡើងដល់ការស្វែងរកដំណោះស្រាយសម្រាប់ពលករនាំកូនៗទៅរស់នៅជាមួយក្នុងពេលធ្វើការងារនៅប្រទេសថៃ ដោយសម្ដេចចោទជាសំណួរថា អ្នកដែលទៅដល់ប្រទេសថៃតើយើងគួរដោះស្រាយយ៉ាងម៉េចដើម្បីឱ្យក្មេងបានរៀន បើទោះបីរៀនអក្សរខ្មែរក៏ដោយ រៀនអក្សរថៃក៏ដោយ ក៏គួរតែត្រូវឱ្យបានរៀន បើមិនអ៊ីចឹងយើងចន្លោះប្រហោងនៅចន្លោះកន្លែងហ្នឹង អាចមានកុមារមួយចំនួនមិនចេះអក្សរ ឬភ្លេចអក្សរ ។
ក្នុងឱកាសនេះ សម្ដេចក៏បានណែនាំបន្ថែមឱ្យក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការគ្នាដើម្បីស្វែងរកដំណោះស្រាយបញ្ហាដូចបានលើកឡើងនេះ ដោយសម្ដេចចាត់ទុកជាបទបញ្ជា។
សម្ដេចបានអះអាងដែរថា ក្រសួងត្រូវមានផែនការរួម ដើម្បីដោះស្រាយជាកញ្ចប់ ដ្បិតពលករច្រើនតែមានការចល័តពីកន្លែងធ្វើការមួយទៅកន្លែងមួយទៀត។ សម្ដេចថា នេះជាការគិតគូមួយ ដើម្បីកុំឱ្យនរណាម្នាក់នៅក្រៅចរន្តអប់រំ៕ ស៊ូ វណ្ណលុក