វ៉េណេស៊ុយអេឡា ៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់កើនឡើង ខណៈក្រុមអ្នកជួយសង្រ្គោះស្វែងរកអ្នកបាត់ខ្លួន
វ៉េណេស៊ុយអេឡា៖ក្រុមមន្ត្រីនៃប្រទេសវ៉េណេស៊ុយអេឡា បាន អះអាង កាលពីថ្ងៃចន្ទទី ១០ ខែតុលាថា ចំនួនអ្នកស្លាប់ដោយ សារ តែការរអិលបាក់ដី និងទឹកជំនន់នៅតំបន់ភាគកណ្ដាលនៃប្រទេស ក្នុងរដ្ឋអារ៉ាហ្គួ បានកើនឡើងដល់ ៣៦ នាក់ ខណៈក្រុមអ្នកជួយ សង្រ្គោះ ប្រឹងដុតដៃដុតជើង ស្វែងរកមនុស្សចំនួន ៥២ នាក់ ដែល បាត់ខ្លួនដោយសារទឹកអូសទៅ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនាព្រឹកថ្ងៃអង្គារទី១១ខែតុលានេះ ចំនួនអ្នកស្លាប់មានត្រឹមតែ ២៥ នាក់ប៉ុណ្ណេះ កាលពីថ្ងៃអាទិត្យ។ មហន្តរាយដ៏អាក្រក់នេះ កើតឡើងបន្ទាប់ពីមាន ភ្លៀងធ្លាក់យ៉ាងខ្លាំងជោកជាំកាលពីយប់ថ្ងៃសៅរ៍នៅលើជួរភ្នំទាំងសងខាងនៃក្រុង Las Tejerias ដែលបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ ហូរចូលទៅកាន់ក្រុង ដោយនាំយកភក់ កម្ទេចកម្ទីបាក់បែក និង ដើមឈើ បំផ្លាញសំណង់ផ្សេងៗអស់ជាច្រើនខ្នង និងអូសមនុស្ស នាំយកទៅអស់ជាច្រើននាក់ ដែលនៅពីមុខទឹក។
ស្រ្តីវ័យ ៤៥ ឆ្នាំម្នាក់ ឈ្មោះ Jennifer Galindez បានប្រាប់រ៉យទ័រ ទាំងសោកសៅថា លោកស្រីរងចាំមើលពីព័ត៌មានអំពីប្ដីលោកស្រី ដែលមានជំងឺទឹកនោមផ្អែមប្រចាំកាយ ហើយត្រូវបានទឹកអូសទៅ ខណៈចៅស្រីអាយុជិតពីរខួបរបស់លោកស្រី ក៏ស្លាប់ដោយសារ លង់ទឹកជំនន់ដែលហូរចូលផ្ទះ។
លោកស្រី Galindez ដែលអះអាងថាខ្លួនត្រូវបានទឹកអូស យកទៅ ដែរ ប៉ុន្តែមិនស្លាប់នោះ បានរៀបរាប់ទៀតថា៖ «ខ្ញុំអត់ទាន់បាន សម្រាកទេ។ ខ្ញុំបិទភ្នែកមិនជិត ព្រោះខ្ញុំឃើញតែចៅស្រីរបស់ខ្ញុំ កន្លែងដែលខ្ញុំទុកនាង។ ខ្ញុំទុកនាងក្នុងផ្ទះ ដោយមិនអាចជួយ សង្រ្គោះបាន»។
អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodríguez បានថ្លែងប្រាក់អ្នកយកសារព័ត៌មាននៅថ្ងៃចន្ទថា៖ «យើងកំពុង តែបន្តធ្វើការលើកិច្ចខិតខំប្រឹងប្រែងស្វែងរក(មនុស្សបាត់ខ្លួន)។ វាជារឿងសំខាន់បំផុតនៅពេលនេះ ហើយយើងនៅតែសង្ឃឹមថា នឹងមានអ្នកនៅរស់ដែលយើងអាចជួយសង្រ្គោះ»។
បើតាមក្រសួងគមនាគមន៍វ៉េណាស៊ុយអេឡា គ្រួសារចំនួន ១ ៣០០ រងផលប៉ះពាល់ពីការរអិលបាក់ដី។ លោកស្រី Rodríguez បាន អះអាងបន្ថែមថា ផ្ទះចំនួន ៣១៧ ខ្នងត្រូវបានបំផ្លាញ ហើយ ៧៥៧ ខ្នងរងផលប៉ះពាល់ ខណៈប្រជាពលរដ្ឋជាងមួយ ម៉ឺន ដាច់ទឹក ប្រើប្រាស់។
កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីវ៉េណាស៊ុយអេឡា លោក Nicolás Maduro បានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃសម្រាប់ជនរងគ្រោះ និងបញ្ជូនអ្នកជួយសង្គ្រោះ ទៅកាន់ទីក្រុង Las Tejerias ដែលមាន ប្រជាជនរស់នៅប្រមាណជាង ៥០ ០០០ នាក់ និងស្ថិតនៅតាម បណ្តោយផ្លូវហាយវេ ដែលតភ្ជាប់រដ្ឋធានីការ៉ាកាស ទៅកាន់ទីក្រុង ឧស្សាហកម្ម Valencia ។ លោក Maduro បានបញ្ជាក់ថា រដ្ឋ ចំនួន ១១ នៅក្នុងប្រទេស រងការខូចខាតដោយសារទឹក ជំនន់កាល ពីចុងសប្តាហ៍។
សូមបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសវ៉េណេស៊ុយអេឡា បង្កឡើងពីឥទ្ធិពលនៃព្យុះសង្ឃរាជូលីយ៉ា (Julia) ដែលកំពុង បក់បោកលើបណ្ដាប្រទេសនៅអាមេរិកកណ្ដាល និងសម្លាប់ មនុស្សចំនួន ១៩ នាក់ហើយគិតត្រឹមថ្ងៃចន្ទ។ នេះបើតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP៕
ដោយ៖ហួន ឌីណា
ប្រភព៖ Venezuelan rescuers search for missing as flood death toll grows