យុវជនគួរបង្កើតទម្លាប់បរិច្ចាគឈាម ខណៈមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមត្រូវការឈាម១១ម៉ឺនប្លោក ក្នុងឆ្នាំ២០២២
ភ្នំពេញ៖ ឈាម គឺជាសង្គមត្រូវការកាន់តែច្រើនឡើងៗ ពីមួយឆ្នាំ ទៅមួយឆ្នាំ ដោយមិនចេះថមថយ ពីព្រោះឈាមគឺជាផ្នែកមួយដ៏ សំខាន់ក្នុងការសង្រ្គោះជីវិតមនុស្ស។

តាមការទិន្នន័យពីមជ្ឈមណ្ឌល ជាតិផ្ដល់ឈាមបង្ហាញថា តម្រូវការ ឈាមនៅទូទាំងប្រទេស សម្រាប់ ជួយជនរងគ្រោះបច្ចុប្បន្ន បាន កើនឡើងពី ២៥០ប្លោក មក៣០០ប្លោក ក្នុងមួយថ្ងៃ។ ប៉ុន្តែ ចំនួន នៃការបរិច្ចាគឈាមរបស់ពលរដ្ឋវិញ ហាក់មិនទាន់បានឆ្លើយ តបទៅនឹងតម្រូវការនៅឡើយទេ។
ការចូលរួមបរិច្ចាគឈាមមិនគ្រប់គ្រាន់ មិនឆ្លើយតបតម្រូវការនេះ គឺដោយសារតែចំនួនអ្នកបរិច្ចាគមានចំនួនតិចតួចនៅឡើយ ជា ពិសេសគឺប្រជាជនខ្លួនឯងនៅមិនទាន់ចូលរួមសកម្មភាពស្ម័គ្រចិត្តដល់សង្គមឱ្យបានច្រើន។ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន មជ្ឈមណ្ឌល ជាតិផ្ដល់ឈាមបានថ្លែងកាលពីថ្ងៃទី១០ ខែតុលាថា មានចំនួនអ្នកស្ម័គ្រចិត្តទៅបរិច្ចាគឈាមត្រឹមតែ ១៥ភាគរយ ប៉ុណ្ណោះ ហើយដែលពួកគេភាគច្រើនចេញពីសកម្មភាពកៀរគរពី ស្ថាប័នដែលពួកគេធ្វើការទៅទៀត។
កញ្ញា ឆាយ ប៉ូលីន ដែលធ្លាប់បានចូលរួមបរិច្ចាគឈាមម្ដងដែរនោះ បានចាប់ផ្ដើមស្វែងយល់ពីតម្រូវការដ៏ចាំបាច់នៅតាមមន្ទីរពេទ្យក្នុងក្រុងភ្នំពេញនិងបានប្ដេជ្ញាថាចូលរួមបរិច្ចាគឈាមទៀតនៅឆ្នាំក្រោយទៀតកញ្ញាយល់ថាការបរិច្ចាគឈាមគឺមិនត្រឹមតែជួយដល់ជីវិតជនរងគ្រោះ តែក៏ដើម្បីសុខភាពខ្លួនឯងផងដែរ លើការផ្លាស់ប្ដូរឈាម មួយឆ្នាំ២ដង។
កញ្ញា ឆាយ ប៉ូលីន៖ «ខ្ញុំរីករាយនៅក្នុងការរួមចំណែកជួយ ជីវិតអ្នក ដែលត្រូវការឈាម ហើយខ្ញុំជឿថា ប៉ុណ្ណេះគឺមិនទាន់គ្រប់គ្រាន់ទេ សម្រាប់មន្ទីរពេទ្យធំៗ»។ថ្វីបើកញ្ញាចូលរួមបរិច្ចាគឈាម តាមរយៈ ការកៀរគរពីស្ថាប័នការងាររបស់កញ្ញាដែលជាស្ថាប័នធនាគារក៏ដោយ តែយ៉ាងហោចណាស់ កញ្ញាបានយល់ដោយខ្លួនឯង យល់ពី កាតព្វកិច្ចខ្លួនឯងក្នុងនាមជាពលរដ្ឋមួយរូប ក្នុងការរួមចំណែកស្ម័គ្រ ចិត្តលើសកម្មភាពសង្គម។
ស្រដៀងគ្នានេះ លោក សម្បត្តិ យូរី ដែលទើបតែបានបរិច្ចាគ ឈាម លើកទី១ដែរនោះ បានបង្ហាញពី ទឹកចិត្តរីករាយក្នុងការចូលរួម និងលើកឡើងពីសារៈសំខាន់នៃការចូលរួមរបស់យុវជនផ្សេងទៀត។
លោក សម្បត្តិ យូរី៖«តាមដែលខ្ញុំធ្លាប់បានដឹងមកមួយឆ្នាំៗគេត្រូវការ ឈាមច្រើនណាស់! ដូច្នេះហើយ យើងគួរតែជួយបរិច្ចាកឱ្យបាន ច្រើនដូចគ្នាដើម្បីឱ្យគ្រប់តាមតម្រូវការ»។ បន្ថែមពីនេះ លោក សង្ឃឹមថា ឈាមមួយប្លោកដែលបូមចេញពីរាងកាយ របស់លោក នឹងក្លាយជាអំណោយជីវិតដ៏អស្ចារ្យ សម្រាប់បងប្អូនដែលមានជំងឺ ហើយប្រឈមនឹងការខ្វះឈាម។
ចំណែកកញ្ញា ព្រំ រស្មី ដែលជាអ្នកធ្វើការយុវជនក្នុងក្រសួង មហាផ្ទៃ បានសំណូមពរឱ្យយុវជនយកចិត្តទុកដាក់លើសកម្មភាពសង្គមទាំងនេះ ដោយកញ្ញាលើកឡើងថា៖ «យើងមិនអាចដឹងបានទេថា កូនអ្នក ណា ម្ដាយអ្នកណា ឪពុកអ្នកណាដែលកំពុងសម្រាក ព្យាបាល ហើយត្រូវការឈាមបន្ទាន់ដើម្បីស្រោចស្រង់អាយុជីវិត! ដូច្នេះយើងមានតែជួយគ្នាក្នុងគ្រាមានអាសន្ននោះឯង»។
ក្នុងរយៈពេលប្រាំបួនខែនៃឆ្នាំ២០២២នេះ មជ្ឈមណ្ឌលជាតិផ្ដល់ ឈាម ទទួលបានឈាមប្រមាណ៦ម៉ឺនប្លោក ដែលស្មើនឹង៧០ ភាគរយនៃផែនការប្រចាំឆ្នាំ ខណៈដែលអ្នកចូលរួមបរិច្ចាគ មានត្រឹមចំនួន ១៥ភាគរយ ប៉ុណ្ណោះ។
ដោយមូលហេតុនេះមជ្ឈមណ្ឌលជាតិ បាននិងកំពុងបន្ដខិតខំ ជំរុញ ដល់មហាជនទាំងអស់ឱ្យចូលរួមនៅក្នុងកិច្ចបរិច្ចាគឈាមដោយស្ម័គ្រចិត្ដឱ្យបានពី៨០ភាគរយ ទៅ៩០ភាគរយ នោះទើបកម្ពុជា ទទួល បានជោគជ័យក្នុងការផ្គង់ផ្គង់ឈាមដល់អ្នកជំងឺដែលត្រូវការឈាមនៅទូទាំងប្រទេស។
សូមជម្រាបថា ក្នុងឆ្នាំ២០២២នេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មានផែនការ និងតម្រូវការឈាមប្រមាណ ១១ម៉ឺនប្លោក ខណៈ ក្នុងឆ្នាំ២០២១ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមទទួលបានការបរិច្ចាគ ឈាមប្រមាណ៩ម៉ឺនប្លោក តែប៉ុណ្ណោះ។ នៅកម្ពុជា បើគិតជាទូទៅ ក្នុង១នាទី គឺមានតម្រូវការឈាមប្រមាណប្រាំប្លោក នៅទូទាំង ប្រទេស៕ ដោយ៖ កែវ បុស្បា