អ.ស.ប៖ រលកកំដៅនឹងធ្វើឱ្យតំបន់ខ្លះមិនអាចរស់នៅបាន ក្នុងទសវត្សរ៍នេះ

អ.ស.ប៖ កាលពីថ្ងៃចន្ទ ទី១០ ខែតុលា អង្គការសហប្រជាជាតិ (អ.ស.ប) និងកាកបាទក្រហមពិភពលោកបានលើកឡើងថា រលកកំដៅនឹងមានការវិវឌ្ឍកាន់តែធ្ងន់ធ្ងរទៅៗ នៅក្នុងតំបន់ មួយចំនួនលើពិភពលោកក្នុងទសវត្សរ៍នេះ។ បញ្ហានេះ នឹងបង្ក ឱ្យជីវិតមនុស្សមិនអាចមាននិរន្តរភាពបានទេ នៅតាមតំបន់ទាំង នោះ។

រលកកម្ដៅត្រូវបានព្យាករថាកើនឡើងលើសពីអ្វីដែលសរីរាង្គកាយរបស់មនុស្សនៅក្នុងតំបន់ Sahel តំបន់ឦសាននៃទ្វីបអាហ្រ្វិក (Horn of Africa) និងតំបន់អាហ្វ្រិកខាងត្បូង និងអាស៊ីភាគនិរតី ហើយរលកកំដៅទាំងនេះនឹងបង្កឱ្យមាន “ការរងទុក្ខ និងការបាត់បង់ ជីវិតជាទ្រង់ទ្រាយធំ”។ នេះបើតាមស្ថាប័នអន្តរជាតិទាំងពីរនេះ។

គ្រោះមហន្តរាយរលកកំដៅនៅឆ្នាំនេះ ដែលបានកើតឡើងនៅតាម ប្រទេសមួយចំនួនដូចជា ប្រទេសសូម៉ាលី និងប៉ាគីស្ថាន បង្ហាញឲ្យឃើញពីអនាគត ពោលគឺវានឹងមានកំដៅកាន់តែខ្លាំង ញឹកញាប់ជាមុន ដែលបង្កឲ្យមានគ្រោះមហន្តរាយមនុស្សធម៌។ នេះបើតាមរបាយការណ៍រួមគ្នារបស់អ.ស.ប និងកាកបាទក្រហម។

របាយការណ៍នេះត្រូវបានចេញផ្សាយដោយការិយាល័យរបស់អ.ស.បសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) និងសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទ ក្រហម (IFRC) នៅមុនកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP27 នៅខែក្រោយនៅប្រទេសអេហ្ស៊ីប។

លោក Jagan Chapagain អគ្គលេខាធិការនៃ IFRC បាននិយាយថា៖ «យើងមិនចង់ធ្វើឱ្យមើលទៅអាក្រក់ ឬសោកសង្រែងទេ ប៉ុន្តែទិន្នន័យបានបង្ហាញយ៉ាងច្បាស់ថា វានាំយើងទៅរកអនាគតដ៏អាក្រក់នោះ»។

តាមរយៈរបាយការណ៍នេះ អ្នកជំនាញលើកឡើងថា គេត្រូវការសកម្មភាព បន្ទាន់ចាំបាច់ ដើម្បីបញ្ចៀសគ្រោះ មហន្តរាយរលកកំដៅ ដែលបន្តកើតឡើងដដែលៗ។ អ្នកជំនាញ នៃអង្គការទាំងពីរនេះក៏បានបង្ហាញពីបញ្ជីសកម្មភាព ដែលអាចកាត់ បន្ថយផលប៉ះពាល់ដ៏អាក្រក់បំផុតនៃកំដៅខ្លាំងនាពេលខាងមុខ។

របាយការណ៍ដដែលបាននិយាយថា កំដៅខ្លាំងគឺជា “ឃាតករស្ងប់ ស្ងាត់” ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដែលនេះគឺជាគ្រោះថ្នាក់ដែលទាក់ទងនឹងអាកាសធាតុដ៏អាក្រក់បំផុត។ គ្រោះថ្នាក់នេះត្រូវបានកំណត់ថា នឹងបន្តកើនឡើងក្នុង “អត្រាគួរឱ្យព្រួយបារម្ភ” ដោយសារតែការប្រែប្រួលអាកាសធាតុ។

យោងតាមការសិក្សា ដែលបានលើកឡើងដោយរបាយការណ៍ ដដែលនេះ បង្ហាញចំនួនប្រជាជនក្រីក្រដែលរស់នៅក្នុង លក្ខខណ្ឌក្តៅខ្លាំងនៅតំបន់ទីក្រុងនឹងកើនឡើង ៧០០ភាគរយនៅឆ្នាំ២០៥០ ជាពិសេសនៅអាហ្វ្រិកខាងលិច និងអាស៊ីអាគ្នេយ៍៕ ដោយ៖ យ៉ាន អាន/ CPA

ads banner