អ្នកនិពន្ធ ម៉ោ សំណាង ហៅ ទន្សាយ នឹងចេញផ្សាយសៀវភៅប្រលោមលោកថ្មីមួយទៀត ក្នុងពេលឆាប់ៗខាងមុខនេះ
ភ្នំពេញ៖អ្នកនិពន្ធដ៏ល្បីឈ្មោះមួយរូបនៅក្នុងវិស័យអក្សរសិល្ប៍ខ្មែរទំនើប អ្នកស្រី ម៉ៅ សំណាង ដែលមាននាមប៉ាកាថា «ទន្សាយ» នឹងបោះផ្សាយសៀវភៅប្រលោមលោកថ្មីមួយ បន្ទាប់ពីខកខានបោះពុម្ពប្រលោមលោកថ្មីអស់រយៈពេលជាងប្រាំមួយខែ។អ្នកស្រី ម៉ៅ សំណាង បានគូសបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកស្រីថា សៀវភៅប្រលោមលោកថ្មីដែលនឹងចេញផ្សាយនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ ជាភាគទី៣ នៃប្រលោមលោករឿង «នភាល័យ» ដែលអ្នកស្រីខិតខំប្រឹងប្រែងសម្រិតសម្រាំង និងសន្សំពាក្យពេចន៍អស់រយៈពេលជាច្រើនខែ។
សូមជម្រាបថា ប្រលោមលោករឿង «នភាល័យ វគ្គទី៣» នេះ គឺជាសៀវភៅទី៨ ដែលអ្នកស្រី ម៉ៅ សំណាង និពន្ធនិងបោះពុម្ពផ្សាយ ចាប់តាំងពីពេលដែលលោកស្រីវិលចូលប្រឡូកក្នុងវិស័យតែងនិពន្ធវិញនៅឆ្នាំ២០១៩។ សៀវភៅរបស់អ្នកស្រីដែលចេញផ្សាយក្នុងអំឡុងពេល៣ឆ្នាំចុងក្រោយនេះរួមមាន៖សៀវភៅអត្តជីវប្រវត្តិ «ទន្សាយជានរណា?» និងរឿងប្រលោមលោកចំនួន៦រឿង ជាអាទិ៍៖ រឿងប្រលោមចិត្តវគ្គ១ ប្រលោមចិត្តវគ្គ២ សែងសុរិយា ស្លាបមយូរី នភាល័យវគ្គ១ និងនភាល័យវគ្គ២ ដែលសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបពីសំណាក់មិត្តអ្នកអានគ្រប់មជ្ឈដ្ឋាន។
អ្នកស្រី ម៉ៅ សំណាង បានថ្លែងថា៖ «តាំងពីខ្ញុំចាប់ផ្ដើមសរសេរប្រលោមលោកជាង៣០ឆ្នាំមកនេះ ខ្ញុំនៅតែបន្តសរសេរដោយដៃ ព្រោះខ្ញុំមិនសូវចេះបច្ចេកវិទ្យាដូចអ្នកនិពន្ធជំនាន់ថ្មី។ ពេលខុសក៏ត្រូវគូសចោល ហើយសរសេរម្ដងទៀត មិនអាចចុចលុប ថែមថយ ងាយស្រួលដូចនៅក្នុងកុំព្យូទ័រទេ។ ដូច្នេះការនិពន្ធសៀវភៅរបស់ខ្ញុំត្រូវឱ្យក្រុមការងារជួយវាយអត្ថបទចូលកុំព្យូទ័រ មុននឹងអាចឌីហ្សាញជាសៀវភៅបាន»។
ដោយសារតែហេតុនេះដែរ ទើបក្នុងមួយថ្ងៃ អ្នកនិពន្ធទន្សាយរូបនេះ សរសេរបានតែមួយសន្លឹក ឬពីរសន្លឹកប៉ុណ្ណោះ ហើយត្រូវប្រើពេលអស់រាប់ខែទម្រាំបញ្ចប់ប្រលោមលោកបានមួយចំណងជើង។
សូមជម្រាបជូនថា អ្នកស្រី ម៉ៅ សំណាង កើតនៅឆ្នាំ១៩៥៩ នៅកំពង់សោម។ បិតានាម ម៉ៅ សោម មានរបរជាសាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រខ្មែរ និងមាតានាម ប៉ែន ស៊ីយ៉ែន។ អ្នកស្រី ម៉ៅ សំណាង បានទទួលការអប់រំត្រឹមកម្រិតថ្នាក់ទី១ទំនើប។ អ្នកស្រី ម៉ៅ សំណាង បានរៀបរាប់ថា អាជីពជាអ្នកនិពន្ធរបស់អ្នកស្រីថ្វីត្បិតតែចាប់ផ្ដើមឡើងនៅឆ្នាំ១៩៨១ក៏ពិតមែន ប៉ុន្តែអ្នកស្រីដក់ចិត្តស្រឡាញ់អាជីពនេះតាំងពីអាយុ៩ឆ្នាំមកម្ល៉េះ។ ក្នុងពេលមានឱកាសសិក្សា អ្នកស្រីរំឭកថា អ្នកស្រីតែងតែរៀនសង្កេតពីការតែងនិពន្ធរបស់អ្នកនិពន្ធរៀមច្បង អំពីសាច់រឿង និងរបៀបតាក់តែងនិពន្ធ។
នៅក្រោយរបបប្រល័យពូជសាសន៍ប៉ុលពត អ្នកស្រីម៉ៅ សំណាង ត្រូវទទួលបន្ទុករ៉ាប់រងជីវភាពគ្រួសារជំនួសបិតា ដែលត្រូវពួកបនអាវខ្មៅសម្លាប់ចោល។ នៅក្នុងអំឡុងទសវត្សឆ្នាំ១៩៨០ អ្នកស្រី ម៉ៅ សំណាង បាននិពន្ធរឿងប្រលោមលោកដំបូងបង្អស់របស់ខ្លួន ក្រោមចំណងជើងថា ទឹកភ្នែកគ្រីយ៉ាណា។ ក្រោយនិពន្ធចប់ អ្នកស្រី ម៉ៅ សំណាង បានយកប្រលោមលោករឿង ទឹកភ្នែកគ្រីយ៉ាណា ទៅលក់ឲ្យតូបសៀវភៅ ហើយតូបសៀវភៅយកសំណៅនោះទៅថតចម្លងរាប់រយច្បាប់សម្រាប់ដាក់ជួលនៅទូទាំងប្រទេស។ ប្រលោមលោករឿង ទឹកភ្នែកគ្រីយ៉ាណា ដែលជាស្នាដៃដំបូងរបស់អ្នកស្រី ម៉ៅ សំណាង បានទទួលការពេញនិយមយ៉ាងពេញទំហឹងពីសំណាក់មិត្តអ្នកអាន។ គេបានស្នើឱ្យអ្នកស្រីនិពន្ធរឿងថែមទៀត និងដាក់នាមប៉ាកាមួយផងដើម្បីឲ្យគេស្រួលសួររកស្នាដៃអាន។ចាប់តាំងពីពេលនោះមក អ្នកស្រី ម៉ៅ សំណាង បានបន្តតាក់តែងប្រលោមលោកសម្រាប់លក់ជាប់មិនដាច់ ដោយដាក់នាមប៉ាកាឱ្យខ្លួនឯងថា ទន្សាយ។
អ្នកស្រី ម៉ៅ សំណាង រំឭកប្រាប់ថា កាលជំនាន់នោះ អ្នកស្រីតែងនិពន្ធស្នាដៃបានចំនួនជាងមួយរយចំណងជើង។ ទាក់ទងនឹងការសរសេរវិញ អ្នកស្រីបញ្ជាក់ថា ដើម្បីសម្រេចបានប្រលោមលោកមួយ ដំបូងអ្នកស្រីត្រូវរៀបចំគ្រោងរឿងដែលអាចស៊ីពេលពីមួយយប់ទៅពីរយប់។ លុះបានគ្រោងរឿងរួចរាល់ហើយ នោះអ្នកស្រីនឹងចាប់ផ្ដើមដំឡើងឱ្យទៅជាប្រលោមលោក។
ការតែងនិពន្ធប្រលោមលោក សម្រាប់ស្មេរមួយចំនួន គឺជារឿងលំបាកខ្លាំងណាស់ ប៉ុន្តែសម្រាប់អ្នកស្រី ម៉ៅ សំណាង វិញ ពុំដូច្នោះទេ។ ទេពកោសល្យដែលមានពីកំណើត បានជួយឱ្យអ្នកនិពន្ធទន្សាយ អាចបញ្ចប់ប្រលោមលោកមួយរឿងបាននៅក្នុងរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ។នោះមានន័យថា នៅក្នុងមួយខែ អ្នកស្រី ម៉ៅ សំណាង អាចសរសេរបានប្រលោមលោកចំនួនបួនរឿង។ ក្នុងនោះ អ្នកស្រីត្រូវចាត់ចែងម៉ោងពេលតែងនិពន្ធឲ្យបានត្រឹមត្រូវ និងដូចទៅនឹងអ្នកធ្វើការតាមការិយាល័យដែរ ដោយចាប់ផ្ដើមសរសេរនៅម៉ោង៨ព្រឹក សម្រាកបាយថ្ងៃត្រង់នៅម៉ោង១១ ហើយត្រឡប់មកសរសេរវិញនៅម៉ោង១រសៀល រហូតដល់ម៉ោង៥ល្ងាច។
ប៉ុន្តែបើតាមការរៀបរាប់របស់អ្នកស្រី ម៉ៅ សំណាង។ បើទោះបីជាអ្នកស្រីអាចមានអ្នកអានគាំទ្រច្រើនហើយអាចសរសេរសៀវភៅរឿងប្រលោមលោកបានលឿនប៉ុណ្ណាក៏ដោយ ក៏ចំណូលពីការតែងនិពន្ធសម្រាប់អ្នកស្រី មានចំនួនតិចតួចណាស់សម្រាប់ផ្គត់ផ្គង់គ្រួសារដែលមានម្ដាយនិងប្អូនក្នុងបន្ទុករហូតដល់ទៅ៤នាក់។ អ្នកស្រី ម៉ៅ សំណាង ឲ្យដឹងថា នៅក្នុងជំនាន់នោះ ចំណូលបានមកពីការលក់ប្រលោមលោកសំណេរដៃមួយរឿង អាចទ្រទ្រង់ជីវភាពបានត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ១៩៨១ រហូតដល់ឆ្នាំ១៩៨៧ អ្នកស្រី ម៉ៅ សំណាង និពន្ធប្រលោមលោកបានជាង១០០ចំណងជើង មានជាអាថិ៍ រឿងជំនោរនិរតី, ទឹកភ្នែកនាងណាគ្រី, កុលាបខ្មៅ, ពន្លឺចន្ទ, មេចោរសមុទ្រ, ចន្ទរះឆ្លងដែន, កោះផ្ដាច់និស្ស័យ, បុប្ផាព្រៃភ្នំ, ផ្កាត្របែកព្រៃ, បំណុលជីវិត, រាជនីដែនដីពិឃាត, ខខន្យាពេលអរុណរះ, ខ្លុយប្រាក់ជំពាក់ស្នេហ៍, រស្មីឥន្ទធនូ, គុជខ្យងចងចិត្ត, បេសកកម្មចុងក្រោយ, ផ្កាបញ្ញើក្អែក, ផ្កាយវង្វេងភព, ភួងមាលាសមុទ្រឈាម, កណ្ដឹងមរណៈ, ផ្កាព្រិលរដូវក្ដៅ, មេចោររ៉ុងរិទ្ធិ, ជួបគ្នាក្រោមដំណក់ភ្លៀង, រាត្រីពណ៌ស្វាយ, សុបិនគ្មានថ្ងៃបញ្ចប់, បណ្តោងខ្សែកគុជ, ស្នេហ៍ក្នុងអណ្ដាតភ្លើង, មន្តស្នេហ៍ព្រៃស្ងាត់, ខ្យល់កម្មផ្ដាំស្នេហ៍, សង្ឃឹមថ្ងៃស្អែក, វាលអាល័យស្នេហ៍, ស្រមោលអន្ទោលចិត្ត, ស្រមោលពិតក្នុងសុបិនស្នេហ៍, ចំរៀងស្នេហ៍អតីតកាល, ត្រចៀកកាំវង្វេងមេឃ, ផ្កាសណ្ដំចិត្ត, រាត្រីអាថ៌កំបាំង, វិនាសកម្មលើវាលខ្សាច់, ភពស្នេហ៍ចម្លែក, សំនកបេះដូង, មេឃក្រៅមេឃ, គំនុំរលត់ស្នេហ៍រលាយ, ទេវរូបខ្មៅ, រឿងកងចក្រជីវិត, និងរឿងរលកបោកខ្សាច់ជាដើម។ នៅក្នុងអំលុងឆ្នាំ២០០៣និង២០០៤ អ្នកនិពន្ធទន្សាយ បានប្រមែប្រមូលស្នាដៃសំណេរដៃទាំងអស់នេះ មកឲ្យបណ្ណាគារចាត់ចែងបោះផ្សាយឡើងវិញ ដោយក្នុងមួយចំណងជើង បណ្ណាគារបានផ្ដល់មកវិញនូវចំណូលស្មើនឹងសៀវភៅចំនួន១០០ក្បាល។
ស្នាដៃប្រលោមលោករបស់អ្នកស្រី ម៉ៅ សំណាង មិនត្រឹមតែបានទទួលការពេញនិយមចូលចិត្តនៅក្នុងចំណោមអ្នកអានប៉ុណ្ណោះទេ ក៏មានផងដែរការទទួលស្គាល់ពីសំណាក់អ្នកធ្វើការក្នុងវិស័យអក្សរសិល្ប៍ និងអង្គព្រះមហាក្សត្រ ព្រមទាំងប្រមុខដឹកនាំរដ្ឋាភិបាល។ នៅឆ្នាំ២០០៨ អ្នកស្រីបានទទួលគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់សេនាពីសម្ដេច ហ៊ុន សែន ក្នុងនាមជាអ្នកនិពន្ធមានស្នាដៃល្អក្នុងការចូលរួមចំណែកលើកស្ទួយនូវអក្សរសិល្ប៍ អក្សរសាស្ត្រ និងវប្បធម៌ជាតិខ្មែរ។ ហើយនៅឆ្នាំ២០១៤ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានព្រះរាជទានដល់អ្នកស្រី ម៉ៅ សំណាង នូវគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់មហាសេនា។ ឆ្នាំ២០១០ អ្នកស្រីបានទទួលជ័យលាភីលេខ១ ពានរង្វាន់ទន្លេមេគង្គ ខ្មែរវៀតណាមឡាវ តាមរយៈរឿង «ចិត្តមួយថ្លើមមួយ»។
អ្នកស្រីម៉ៅ សំណាង បានទទួលពានរង្វាន់ព្រះសីហនុរាជចំនួនពីរដង៖ ម្ដងនៅក្នុងឆ្នាំ១៩៩៨ ជាប់ពានរង្វាន់លេខ២ តាមរយៈរឿងពន្លឺចន្ទ និងនៅឆ្នាំ១៩៩៥ ជាប់ពានរង្វាន់លេខ១ តាមរយៈរឿងរលកបោកខ្សាច់។ លោកបណ្ឌិត ឃីង ហុកឌី ដែលជាអ្នកស្រាវជ្រាវអក្សរសិល្ប៍ខ្មែរបានលើកឡើងថា ប្រលោមលោករឿងរលកបោកខ្សាច់របស់អ្នកស្រី ម៉ៅ សំណាង ត្រូវបានតាក់តែងឡើងក្នុងរចនាបទល្អ ងាយយល់ អ្នកអានអាចចាប់សេចក្ដីរឿងបានងាយស្រួល ឃ្លាតចេញពីបន្ទាត់នយោបាយសង្គមនិយម ម៉ាក្ស ឡេនីន។
រឿងប្រលោមលោកទាំងអស់របស់អ្នកស្រីម៉ៅ សំណាង រហូតមកទល់ពេលនេះ នៅតែទទួលបានការគាំទ្រនិងកោតសរសើរយ៉ាងច្រើនលើសលប់ ទាំងពីសំណាក់អ្នកអាន និងជាពិសេសគឺអ្នកនិពន្ធវ័យក្មេងជំនាន់ក្រោយ។
សម្រាប់អ្នកនិពន្ធវ័យក្មេងជំនាន់ក្រោយ។ អ្នកស្រីម៉ៅ សំណាង មិនត្រឹមតែជាអ្នកនិពន្ធរៀមច្បងប៉ុណ្ណោះទេ។ ប៉ុន្តែជាអ្នកគ្រូ។ អ្នកគ្រូដែលដំបូងបានបណ្ដុះបណ្ដាលពួកគេឲ្យចូលចិត្តអាន ហើយក្រោយមកជំរុញឲ្យពួកគេចង់ក្លាយទៅជាអ្នកនិពន្ធ។
មានអ្នកនិពន្ធវ័យក្មេងច្រើនណាស់ដែលគោរពផ្ដល់តម្លៃដល់អ្នកនិពន្ធទន្សាយ ដោយហៅអ្នកស្រីថា «អ្នកគ្រូ» ទាំងជួនកាលមិនធ្លាប់ជួបអ្នកនិពន្ធដោយផ្ទាល់ផង៕ ដោយ៖ កែវ កិរិយា