រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃផ្លូវជនបទ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ដើម្បីពិនិត្យលទ្ធភាព និងអន្តរាគមន៍តភ្ជាប់ផ្លូវជនបទឡើងវិញឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់ក្រោយទឹកស្រក ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងអភិវឌ្ឍន៍ជនបទ តំណាង ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃបឋមនៅផ្លូវជនបទ អណ្តូងស្នប់ បង្គន់អនាម័យដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ ដែលមានស្រុកចំនួន៤ ៖ ស្រុកមង្គលបូរី, ស្រុកអូរជ្រៅ, ស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក។

ឯកឧត្តម អ៊ិន ចន្ថា បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានចាត់តាំងឱ្យរូបលោកផ្ទាល់ធ្វើការដឹកនាំក្រុមការងារ ធ្វើការចុះពិនិត្យលទ្ធភាព និងអន្តរាគមន៍តភ្ជាប់ផ្លូវជនបទឡើងវិញឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់ក្រោយទឹកស្រក ក្នុងចំណុចភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះឯកឧត្តមបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ដែលបានសហការ សាមគ្គីភាពគ្នាក្នុងការអនុវត្តការងាររយៈពេលកន្លងមក។

ឯកឧត្តមបានបន្ថែមថា ក្នុងសកម្មភាពចុះថែទាំផ្លូវជនបទ អណ្តូងស្នប់ និងបង្គន់អនាម័យទាំងរដូវប្រាំង និងរដូវវស្សា ក្នុងការជួសជុលតភ្ជាប់ និងស្តារឡើងវិញ ជូនបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ ព្រោះផ្លូវជនបទមានសារៈសំខាន់ណាស់សម្រាប់បងប្អូនធ្វើដំណើរឆ្លងកាត់ សិស្សានុសិស្សទៅសាលារៀន ប្រជាពលរដ្ឋទៅរកសេវានានា ពិសេសស្ត្រីមានផ្ទៃពោះទៅរកសេវាសុខាភិបាល និងប្រកបរបររកស៊ីក៏ដូចជាដឹកជញ្ជូនភោគផលដំណាំកសិកម្មផ្សេងៗផងដែរ។

បើតាមលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែតុលាឆ្នាំ២០២២ ជំនន់ទឹកភ្លៀងនៅបន្តលិច បានបណ្តាលឲ្យផ្លូវជនបទនៅក្នុងខេត្តបន្ទាយមានជ័យ បានរងជន់លិចផ្លូវកើនឡើងដល់ចំនួន ៥៥ខ្សែ ប្រវែង ៥៨២,២៣៦ម៉ែត្រ ត្រូវបានលិចទឹកប្រវែង ១៥១,៥២០ម៉ែត្រ ក្នុងនោះដាច់តួផ្លូវប្រវែង ៣០,៥៧៥ម៉ែត្រ ហូរច្រោះជើងទេរប្រវែង ១២៧,៤២០ម៉ែត្រ និងលូមូល ៣កន្លែង។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ក្នុងនោះផ្លូវទាំង ៥៥ខ្សែនេះស្ថិតក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ចំនួន ៨ខ្សែ,ស្រុកព្រះនេត្រព្រះ ចំនួន ១៧ខ្សែ,ស្រុកមង្គលបូរី ចំនួន ៩ខ្សែ,ស្រុកភ្នំស្រុក ចំនួន ៣ខ្សែ,ស្រុកស្វាយចេកចំនួន ៣ខ្សែ,ស្រុកថ្មពួកចំនួន ៦ខ្សែ,ស្រុកម៉ាឡៃចំនួន ២ខ្សែ,ក្រុងប៉ោយប៉ែតចំនួន ១ខ្សែ និងក្រុងសិរីសោភ័ណចំនួន ៦ខ្សែ អណ្តូងស្នប់ចំនួន ១០ បង្គន់អនាម័យចំនួន ២១៣ ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner