ពិធីសំណេះសំណាលជាមួយក្រុមសិល្បករ សិល្បការនី ល្ខោនបាសាក់រស្មីវប្បធម៌ខេត្តកែប
ខេត្តកែប ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមសិល្បករ សិល្បការនី ល្ខោនបាសាក់រស្មីវប្បធម៌ខេត្ត នៅសាលាខេត្តកែប នារសៀល ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមអំពី លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធជុំវិញខេត្ត ដើម្បីអបអរសាទរចំពោះសិល្បករ សិល្បការិនីល្ខោនបាសាក់ រស្មីវប្បធម៌ខេត្ត ក្នុងឱកាសទទួលបានជ័យលាភីលេខ១ ក្នុងមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ។
ក្នុងរបាយការណ៍របស់ លោក តុង ភោ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំមហោស្រពសិល្បៈមហាជនទូទាំងប្រទេស ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ក្នុងនោះខេត្តកែប បានសម្រេចជ្រើសរើសយកក្រុមល្ខោនបាសាក់រស្មីវប្បធម៌ខេត្ត ដើម្បីចូលរួមផងដែរ។ ដោយមានការយកចិត្តទុកដាក់ ជម្រុញ លើកទឹកចិត្ត និងជួយឧត្ថម្ភគាំទ្រផ្ទាល់ដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត ដល់ក្រុមសិល្បៈ ទាំងបុរាណ និងសម័យ គ្រប់ទម្រង់ ជាពិសេសក្រុមសិល្បៈល្ខោនបាសាក់រស្មីវប្បធម៌ខេត្តកែបនេះហើយ ដែលជាកម្លាំងចលករជម្រុញឱ្យសិល្បករ សិល្បការិនី មានឆន្ទៈ តស៊ូជំនះគ្រប់ឧបសគ្គ បញ្ចេញអស់សមត្ថភាព ទេពកោសល្យ ចំណេះជំនាញ រហូត ទទួលបានលទ្ធផល ជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសនាពេលនេះ។
ថ្លែងក្នុងកម្មវិធីសំណេះសំណាល ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត មានប្រសាសន៍ និងកោតសរសើរដល់ដល់សិល្បករ សិល្បការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត តស៊ូដណ្ដើមបានជ័យលាភីលេខ១ កម្រឹតជាតិ ជូនខេត្តនាពេលនេះ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកែប សូមសំដែងការអបអរសាទរ និងពិតជាមានមោទនាភាពក្រៃលែងចំពោះក្រុមល្ខោនបាសាក់រស្មីវប្បធម៌ខេត្តនាពេលនេះ។
ឯកឧត្តមបណ្ឌិតបានបន្ថែមទៀតថា នេះជាមហាកិត្តិយសមួយថ្មីទៀតសម្រាប់ខេត្ត ដែលក្រុម ល្ខោនបាសាក់រស្មីវប្បធម៌ខេត្ត ដណ្តើមបានជ័យលាភីលេខ១ ជូនខេត្តកែប។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ស្នើឱ្យក្រុមសិល្បករ សិល្បការនី ល្ខោនបាក់សាក់ បន្តការខិតខំប្រឹងប្រែង ហាត់រៀន ស្វែងរកអ្វីដែលថ្មីៗបន្ថែមទៀត ក្នុងការរួមចំណែកលើកស្ទួយវិស័យសិល្បៈទស្សនីយភាពល្ខោនបាសាក់ ឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាពបន្តទៀ ដើម្បីលើកកម្ពស់នៅតម្លៃសិល្បៈ វប្បធម៌ជាតិរបស់យើង និងត្រូវប្រកាន់ខ្ជាប់ នៅគោលការណ៍ រក្សាវប្បធម៌ជាតិ យើងឱ្យបាន តាមរយៈចូលរួមពីភាគីពាក់ព័ន្ធទាំងអស់៕Sila Sarin

