លោក ពូទីន ប្រាប់ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិថា ស្ថានភាពនៅបរិវេណរោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីសហ្ស៊ីយ៉ា គឺ “គួរឱ្យព្រួយបារម្ភ”
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្វាគមន៍ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ក្រូស៊ី មកកាន់ទីក្រុង St. Petersburg ក្នុងថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការប្រយុទ្ធគ្នាជុំវិញរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុប។
នាឱកាសនោះ លោក ពូទីន បានប្រាប់លោក រ៉ាហ្វាអែល ថា ស្ថានភាពនៅបរិវេណរោងចក្រ ហ្សាប៉ូរីសហ្ស៊ីយ៉ា គឺ “គួរឱ្យព្រួយបារម្ភ” ហើយថា លោកបើកចំហចំពោះការសន្ទនាអំពីស្ថានភាពនេះ។ លោក ពូទីន បានបញ្ជាក់យ៉ាងដូច្នេះថា ពិតណាស់ យើងឃើញថា សព្វថ្ងៃនេះ មានធាតុផ្សំនៃនយោបាយដ៏គ្រោះថ្នាក់ នៃអ្វីគ្រប់យ៉ាងដែលជាប់ទាក់ទងនឹងសកម្មភាពនុយក្លេអ៊ែរ។
ចំណែកលោក ក្រូស៊ី បាននិយាយថា គាត់បានខិតខំប្រឹងប្រែងដើម្បីព្យាយាមបញ្ចៀសគ្រោះថ្នាក់នុយក្លេអ៊ែរ ដែលអាចប៉ះពាល់យ៉ាងខ្លាំងនៅក្នុងលក្ខខណ្ឌទូទៅ ហើយជាពិសេសនៅក្នុងតំបន់។ លោក ក្រូស៊ី ត្រូវបានគេមើលឃើញថា បាននិងកំពុងខិតខំប្រឹងប្រែងជំរុញឱ្យមានការបង្កើតតំបន់សុវត្ថិភាពជុំវិញទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ។ តែទោះបីជាយ៉ាងណាក៏ដោយ លោកមិនមានសិទ្ធិអំណាចក្នុងការដាក់បន្ទុកលើកិច្ចការនេះនោះទេ។
គួរបញ្ជាក់ថា លោក ក្រូស៊ី បានជួបកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ ពួកលោកនឹងជួបគ្នាម្តងទៀតនៅក្នុងសប្តាហ៍នេះ ដើម្បីព្យាយាមឆ្ពោះទៅមុខ ក្នុងការបង្កើតតំបន់សុវត្ថិភាព៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា
