ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណ: អភិបាល ស្រុកសាមគ្គីមានជ័យ
ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២២ នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋ អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា (ទីណាប្រជាពលរដ្ឋ ជួបការលំបាក អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ត្រូវតែទៅដល់ទីនោះជាបន្ទាន់ដើម្បីដោះ ស្រាយជូនពួកគាត់ឲ្យទាន់ពេលវេលា) ។ មានប្រសាសន៍បែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលស្រុកសាមគ្គីមានជ័យ ។
ពិធីខាងលើនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ីវ រុន សមាជិក ក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការកងកម្លាំង ប្រដាប់អាវុធទាំង ៣ប្រភេទ ជាច្រើនរូបទៀតផងដែរ។
ក្នុងនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានមានប្រសាសន៍បន្តថា ថ្នាក់ដឹកនាំដែលទទួលជោគជ័យទៅបាន គឺដោយកត្តាសាមគ្គីភាពផ្ទៃក្នុង ។
ហេតុនេះអភិបាលស្រុកសាមគ្គីមានជ័យ ត្រូវតែមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ទើបការងាររលូនទៅបាន ជាមួយគ្នានេះត្រូវ ខិតខំបំពេញភារកិច្ច ដោយសហការជាមួយមន្ត្រីក្រោមឱវាទ មន្តី្រជំនាញ អាជ្ញធរ ភូមិ ឃុំ ស្រុក ដើម្បីបំពេញតួនាទី ជាថ្នាក់ដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវ និងខិតខំអនុវត្តផែនការរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាដែលរាជរដ្ឋាភិបាលបានផ្ដល់ឱ្យ និងត្រូវខិតខំអនុវត្តឱ្យបាន ម៉ឺងម៉ាត់បំផុតនូវច្បាប់ស្ដីពីលក្ខខន្តិកៈ មន្ត្រីរាជការស៊ីវិលផងដែរ ។
អភិបាលខេត្តកំពង់ឆ្នាំង បានបន្ថែមថា ជាមួយនិងកិច្ចខិតខំ ប្រឹងប្រែងបំពេញការងារ ដែលរាជរដ្ឋាភិបាល អាជ្ញាធរខេត្តដាក់ជូន ក៍ត្រូវយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជួបការខ្វះខាត និងពួកគាត់មានតម្រូវការអ្វីជាចាំបាច់ ដូចរងគ្រោះដោយធម្មជាតិ រងគ្រោះដោយបញ្ហាកូវីត១៩និងសូមយកចិត្តទុកដាក់ បំរើសេវាសាធារណៈឲ្យបានលឿន បំផុតជាមួយប្រជាពលរដ្ឋ ជាពិសេសគឺភូមិឃុំមានសុវត្ថិភាព ។
ឯកឧត្តម អភិបាលខេត្ត កំពង់ឆ្នាំង ក៏បានលើកឡើងពីវិស័យរីកចម្រើននានានៅក្នុងខេត្តនិងគម្រោងជាច្រើនក្នុងការកសាងផ្លូវថ្នល់ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន និងប្រែ
ឲ្យក្លាយជាតំបន់ទេសចរណ៍ផងដែរ។
សូមបញ្ជាក់ដែរថាក្នុងពិធីនេះក៏ត្រូវបានប្រកាស លោក ឈួន ចាន់ណាជា អភិបាលស្រុកសាមគ្គីមានជ័យជំនួស លោក វន ស៊ីផា ដែលត្រូវបានប្រកាសមុខតំណែងទៅជាអភិបាលស្រុកកំពង់ត្រឡាច ៕ សុខ គឹមសៀន
